• 2019-04-10 03:24:07
  • ព័ត៌មាន

ទោះ​វក់​វី​រក​លុយ​រដូវ​ចូល​ឆ្នាំ​យ៉ាង​ណា ខាត់ សុឃីម ហោច​ណាស់​ទុក​ពេល​១​ថ្ងៃ​ទៅ​ជូប​​ចាស់​ទុំ​ទាំង​សង្ខាង

  • 2019-04-10 03:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ សិល្បករ សិល្បការិនី​ល្បី​ៗ​មួយ​ចំនួន​ចាប់​ផ្ដើម​រវល់​នឹង​ការងារ​សិល្បៈ​មិន​លស់​ថ្ងៃ ពិសេស​តារា​ប្រជាប្រិយ ខាត់ សុឃីម បាន​ប្រាប់​ថា រថយន្ត​វិល​កង់​មិន​ឈប់ រក​ពេល​សម្រាក​សឹង​គ្មាន។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាង​ថា មិន​រវល់​នឹង​លុយ​រហូត​ភ្លេច​ចាស់​ៗ​ទាំង​សងខាង​នោះ​ដែរ​នា​រដូវ​កាល​នេះ។

ខាត់ សុឃីម លើក​ឡើង​ថា "លុយ" ពិត​ជា​សំខាន់ ប៉ុន្តែ​ការ​ជួប​ជុំ​បង​ប្អូន​ញាតិ​សន្ដាន ពិសេស​ជួប​ជុំ​ចាស់​ទុំ​ទាំង​សង្ខាង រឹត​តែ​សំខាន់​ទៀត​ក្នុង​រដូវ​បុណ្យ​ទាន ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ ដូច្នេះ​ហើយ នាង​មិន​ដែល​ខកខាន​ម្ដង​ណា​ឡើយ បើ​ទោះ​នេះ​ជា​វេលា​ងាយ​រក​ប្រាក់​ចំណូល​ក៏​ដោយ។

“ចាស៎...និយាយ​ទៅ​ជា​ទម្លាប់​ហើយ ឲ្យ​តែ​រដូវ​ហ្នឹង ខ្ញុំ​តែង​តែ​ឆ្លៀត​ទៅ​ជួប​ជុំ​ជាមួយ​ពួក​គាត់ ដូច​ជា​ដំបូង​ខ្ញុំ​ទៅ​លេង ពុក​ក្មេក ម៉ែ​ក្មេក ១ថ្ងៃ បន្ទាប់​មក​ត្រឡប់​មក​ផ្ទះ​ឪ​នៅ​បាសិត​វិញ ១​ថ្ងៃ​អីចឹង​ដែរ​ទៅ និយាយ​ទៅ​ជា​ទម្លាប់​ហើយ បើ​មិន​ទៅ​មុន​ចូល​ឆ្នាំ ក៏​ឆ្លៀត​ក្នុង​ពេល​ថ្ងៃ​ចូល​ឆ្នាំ​អីចឹង​ទៅ"។

ឆ្នាំ​នេះ ក៏​ដូច​គ្នា ខាត់ សុឃីម បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែ​ប្រួល នាង​គ្រោង​ឆ្លៀត​ពី​ការងារ​សិល្បៈ​១​ថ្ងៃ ពោល​គឺ ក្រោយ​ចប់​ការ​ច្រៀង​នៅ​កម្មវិធី​សង្ក្រាន្ត​សមុទ្រ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៤ មេសា របស់​ក្រសួង​ទេសចរណ៍ នាង​គ្រោង​នឹង​ឡើង​ទៅ​ស្វាយ​រៀង​តែ​ម្ដង ដើម្បី​បាន​ជួប​ជុំ សួរ​សុខ​ទុក្ខ និង​ធ្វើ​បុណ្យ​សន្សំ​កុសល​ជាមួយ​ឪពុក​ម្ដាយ​ក្មេក ដែល​នោះ គឺ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​មួយ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

និយាយ​ពី​សកម្មភាព​ទៅ​ជួប​ជុំ​ចាស់​ទុំ​នៅ​ស្រុក​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ម្ចាស់​គម្រោង​ដីឡូតិ៍ ខាត់ សុឃីម GM ឆាយ វីរៈយុទ្ធ​នៅ​កំពង់សោម​នេះ ឲ្យ​ដឹង​ថា មាន​ភាព​ខុស​ប្លែក​ខ្លះ​រវាង​ការ​ជួប​ជុំ​ជាមួយ​ឪពុក​ម្ដាយ​បង្កើត​នៅ​បាសិត និង​ឪពុក​ម្ដាយ​ក្មេង​នៅ​ឯ​ខេត្ត​ស្វាយ​រៀង។ "ក្នុង​ឱកាស​ហ្នឹង បើ​ទៅ​ផ្ទះ​ឪ​នៅ​បាសិត ពួក​គាត់​និយម​ធ្វើ​អី​ហូប​ជុំ​គ្នា​ជាមួយ​បង​ប្អូន​អីចឹង​ទៅ តែ​បើ​ខាង​ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​វិញ គឺ​គាត់​និយម​នាំ​ខ្ញុំ​ទៅ​វត្ត គឺ​វត្ត​ព្រៃ​ឆ្លាក់​ហ្នឹង ខ្ញុំ​ទៅ​ជាមួយ​គាត់​រាល់​ឆ្នាំ!”។

រូបភាព៖ ហ្វេសប៊ុក ខាត់ សុឃីម

បន្ទាប់​ពី​ការ​ជួប​ជុំ​ជាមួយ​សាច់​ញាតិ ក៏​ដូច​ជា​ចាស់​ទុំ​ទាំង​សង្ខាង​រួច​ហើយ ទើប ខាត់ សុឃីម វិល​មក​ការងារ​វិញ ហើយ​ទម្លាប់​ៗ​នេះ គឺ​កើត​មាន​រាល់​ៗ​ឆ្នាំ ព្រោះ​នេះ​ជា​ឱកាស​ជួប​ជុំ​ញាតិ​មិត្ត​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​តាម​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម