• 2019-04-11 06:33:45
  • ព័ត៌មាន

រដូវ​ចូល​ឆ្នាំ បង​ប្អូន​សប្បាយ​ជួប​ជុំ សិល្បករ​ខ្មែរ​ជា​ច្រើន ចេញ​ឆ្ងាយ​រាប់​ម៉ឺន​គីឡូ​ពី​សាច់​ញាតិ

  • 2019-04-11 06:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បរិច្ឆេទ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ​ ត្រូវ​នឹង ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស ២០១៩ ម៉ោង​១៥:១២នាទី។ នៅ​វេលា​ដ៏​ពិសេស​នេះ ពិត​ណាស់ បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា​នៅ​ទី​ណា កន្លែង​ណា ក្នុង​ចិត្ត​កំពុង​រំពឹង​ទៅ​ដល់​ទិដ្ឋភាព​ជួប​ជុំ​ជាមួយ​សាច់​ញាតិ និង​ប្រាថ្នា​វេលា​ជួប​ជុំ​នោះ ឲ្យ​រំកិល​មក​កាន់​តែ​លឿន ឆាប់​បាន​ទៅ​ភូមិ ទៅ​ស្រុក ជួប​ម៉ែ ជួប​ពុក សប្បាយ​បំភ្លេច​ទុក្ខ​ជាមួយ​មិត្តភ័ក្ដិ បង​ប្អូន។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សិល្បករ​យើង​មួយ​ចំនួន បាន​ខកខាន​ឱកាស​ជួប​ជុំ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ត្បិត​ថា ពួក​គេ​មាន​បេសកកម្ម​ជាប់​ខ្លួន មិន​អាច​នៅ​ជួប​ជុំ​សាច់​ញាតិ​បាន​ឡើយ។ ត្បិត​ថា នោះ​មួយ​ផ្នែក​ជា​សកម្មភាព​រក​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ប៉ុន្តែ​មួយ​ផ្នែក​ទៀត ក៏​ជា​សកម្មភាព​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌​ដែល​ពួក​គេ​បាន​ធ្វើ​ដែរ បូក​រួម​ទាំង​ការ​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​បរទេស​ផង។

គិត​មក​ត្រឹម​ថ្ងៃ​ទី ១១ មេសា នេះ សិល្បករ​យើង ៦ ក្រុម ស្មើ​នឹង​ប្រមាណ ៣០​នាក់ កំពុង​ជាប់​បេសកកម្ម​ខាង​លើ​នៅ​តាម​ប្រទេស​មួយ​ចំនួន។ ពួក​គេ​ទាំង​នោះ​មាន៖

១.យ៉ឹង យន និង ស៊ូ ស៊ីរីកា៖ លោក យ៉ឹង យន និង​កញ្ញា ស៊ូ ស៊ីរីកា បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​កាល​ពី​ថ្ងៃ​ទី ២៤ កុម្ភៈ ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ IKARE។ ពួក​គេ​មាន​បេសកកម្ម​នៅ​លើ​ទឹក​ដី​អាមេរិក រយៈ​ពេល ២ខែ​នៅ​លើ​ទឹក​ដី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

២.ព្រាប សុវត្ថិ និង​កូនៗ ៖ លោក ព្រាប សុវត្ថិ បាន​លើក​ទាំង​គ្រួសារ រួម​ទាំង​ក្រុម​ចម្រៀង​លោក​ផង សរុប​ទាំង​អស់ ៩នាក់ ទៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២១ មីនា។ ក្រោម​ការ​សហការ​ឧបត្ថម្ភ​របស់ លោក ហង្ស ឈា ជាមួយ​អតីត​តារា​ភាពយន្ត សុភា ដេវីដ និង Rising Star Entertainment ក្រុម​របស់​លោក ព្រាប សុវត្ថិ មាន​បេសកកម្ម​រយៈ​ពេល ១ ខែ​កន្លះ នៅ​ទី​នោះ។

៣.បញ្ញា សិទ្ធិ៖ ខុស​ពី​សិល្បករ​២​ក្រុម​ខាង​លើ លោក បញ្ញា សិទ្ធិ ជាប់​បេសកកម្ម​ទៅ​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​វិញ។ លោក​បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ ១៣ មីនា ហើយ​លោក​នឹង​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​រយៈ​ពេល ១ខែ កន្លះ ដើម្បី​បេសកកម្ម​សិល្បៈ និង​សប្បុរសធម៌។

៤.អ៊ីណូ តារា​រ៉េប Deeo ៖ ពួក​គេ​ទាំង​ពីរ បាន​ចាក​ចេញ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ៨មេសា ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ។ ពួក​គេ​នឹង​ចូល​រួម​ជាមួយ នាយ ក្រឹម កញ្ញា ចាន់ ស្រីនាថ និង​ខៀវ ដាឡិច ជា​ដើម ក្នុង​ព្រឹត្តិការណ៍ "សង្ក្រាន្ត​ខ្មែរ​លើក​ទី​៣​នៅ​កូរ៉េ"។

៥.ខេម ឡូរ៉ា ម៉ម ចាន់ សម័យ ប៉ែន ចំរុង លោក អូន ដូច​គ្នា​នឹង​ក្រុម អ៊ីណូ ក្រុម​របស់​លោក ខេម ក៏​ទៅ​បំពេញ​បេសកកម្ម​សិល្បៈ​នៅ​លើ​ទឹក​ដី​ប្រទេស​កូរ៉េ​ដែរ។ ប៉ុន្តែ​នៅ​កម្មវិធី​ផ្សេង​គ្នា ហើយ​អ្នក​ឧបត្ថម្ភ​ក៏​ផ្សេង​គ្នា​ដែរ។

៦.យ៉ែម សំអូន និង សូដា នីតា៖ តារា​ប្រុស ស្រី ១គូ​នេះ ទើប​ចាក​​ចេញ​ចុង​ក្រោយ​គេ ពោល​គឺ​នៅ​ថ្ងៃ​ទី ១០ មេសា ម្សិលមិញ​នេះ។ លោក យ៉ែម សំអូន និង សូដា នីតា នឹង​ទៅ​បំពេញ​បេសកកម្ម​សិល្បៈ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ដូច​ក្រុម​លោក ព្រាប សុវត្ថិ និង យឹង យន ដែរ។

សរុប​មក បើ​ទោះ​ដំណើរ​ផ្សេង​គ្នា កម្មវិធី​ផ្សេង​គ្នា ប៉ុន្តែ​សិល្បករ​ខ្មែរ​ទាំង​អស់​ខាង​លើ មិន​បាន​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ សាច់​ញាតិ​នៅ​ក្នុង​ស្រុក នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​កុរ​នេះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់