• 2019-05-02 03:36:38
  • ព័ត៌មាន

ជា​រឿង​កម្រ​ណាស់! ថ្មី​នេះ ល្បី​បរទេស​តាម​សុំ​ទិញ​ភាពយន្ត​ភាគ "កូន​ពស់​កេងកង" ទៅ​បញ្ចាំង​លើ​ទូរទស្សន៍​ប្រទេស​គេ

  • 2019-05-02 03:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ភាពយន្ត​(រឿង​ដុំ)​ខ្មែរ ដែល​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​បរទេស​មួយ​ៗ គឺ​ជា​រឿង​កម្រ ហើយ​សម្រាប់​វីដេអូ​ភាគ​រឹត​តែ​កម្រ​ទៅ​ទៀត ខណៈ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ថា ភាពយន្ត​​ភាគ​(Film Serei) សម្រាប់​ចាក់​លើ​ទូរទស្សន៍ គឺ​រឿង "កូន​ពស់​កេង​កង" ត្រូវ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​ល្បួង​សុំ​ទិញ​សិទ្ធិ​ទៅ​ចាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​គេ។

ព័ត៌មាន​នេះ បាន​ធ្លាយ​ចេញ​ក្នុង​ចង្កោម​តារា​សម្ដែង​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​ភាគ​ទូរទស្សន៍​ខាង​លើ។ ប្រភព​ពី​តារា​សម្ដែង​មួយ​រូប​បាន​ឲ្យ​ដឹង​ថា រឿង​ភាគ "កូន​ពស់​កេងកង" ដែល​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​នោះ​សូម្បី​តែ​ផលិតករ​បរទេស ក៏​ចាប់​អារម្មណ៍​ដែរ។ ដូច្នេះ​ហើយ ល្បី​ថា ពួក​គេ(ក្រុមហ៊ុន​បរទេស) ដែល​នៅ​ជិត​ខាង​កម្ពុជា បាន​ចូល​មក​ចែចូវ​វីដេអូ​ភាគ​របស់​ខ្មែរ​មួយ​នេះ។

“នេះ...ខ្ញុំ​លឺ​ពី​គេ​មក​ដែរ​ទេ...គេ​ថា​មាន​ថៃ និង​ក្រុមហ៊ុន​ធំ​ប៉ុន្មាន​ឯណោះ ចង់​ទិញ​រឿង​យើង(កូន​ពស់​កេង​កង) ទៅ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​គេ បើ​មែន​...ឡូយ​ហ្មង...កន្លង​មក​ធ្លាប់​ឃើញ​រឿង​ដុំ​ទៅ​មួយ​ៗ​ដែរ តែ​ដល់​វីដេអូ​ភាគ ដូច​ជា​មិន​ធ្លាប់​ទេ​អ្ហី!”។ ប្រភព​ថ្លែង។

តែ​យ៉ាង​ណា ប្រភព មិន​ហ៊ាន​អះអាង​ពី​ដំណឹង​ខាង​លើ ថា​អាច​យក​ជា​ការ​បាន​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​រូប​គេ គ្រាន់​តែ​សង្ឃឹម​ថា វា​ជា​ការ​ពិត ដើម្បី​មោទកភាព​នៃ​វិស័យ​សិល្បៈ​ភាពយន្ត​របស់​ខ្មែរ ប្រសិន​បើ​ភាពយន្ត​ស៊េរី​សម្រាប់​ទូរទស្សន៍​មួយ​នេះ ពិត​ជា​ត្រូវ​បាន​បរទេស​ទិញ​យក​ទៅ​មែន។ ជុំវិញ​បញ្ហា​នេះ ភាគី​ខាង​ទូរទស្សន៍​ហង្សមាស ជា​ទី​ដែល​រឿង "កូន​ពស់​កេង​កង" បាន និង​កំពុង​ចាក់​បញ្ចាំង​នោះ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​នៅ​ព្រឹក​នេះ។

ប៉ុន្តែ​លោក ហ្វៃ សំអាង ដែល​គេ​ដឹង​ថា ជា​អ្នក​ដឹកនាំ​រឿង​ខាង​លើ និង​ជា​សហ​អ្នក​និពន្ធ​ជាមួយ​អ្នក​និពន្ធ ប៉ុល ពិសី បាន​ទទួល​ស្គាល់​ថា ដំណឹង​ខាង​លើ គឺ​ជា​ការ​ពិត ក្នុង​នោះ​លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បរទេស​ជា​ច្រើន ពិសេស​ពី​ប្រទេស​ថៃ បាន​ទាក់​ទង​មក​ខាង​ទូរទស្សន៍​ហង្សមាស តាំង​តែ​ពី​ខ្សែ​ភាពយន្ត​ខាង​លើ ទើប​ចាក់​បញ្ចាំង​ដំបូង​ៗ​មក​ម្ល៉េះ។ ប៉ុន្តែ​ភាគី​ខាង​កម្ពុជា មិន​ទាន់​បាន​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ ត្បិត​ថា ក្រុម​ហ៊ុន​បរទេស​ដែល​ចង់​បាន​មាន​ច្រើន។

ភាពយន្ត​ភាគ "កូន​ពស់​កេងកង" ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ចំណាយ​ទុន​មហាសាល ព្រោះ​តែ​ក្នុង​នោះ​បាន​ចេញ​ទៅ​ថត​នៅ​ទីកន្លែង​មាន​ទេសភាព​ស្អាត​ៗ និង​ល្បី​ៗ​របស់​កម្ពុជា។ ក្រៅ​ពី​នេះ ការ​រៀប​ចំ​សំលៀកបំពាក់ និង​ទីកន្លែង​សម្រាប់​ថត​ឲ្យ​ស៊ី​ទៅ​នឹង​សម័យ​កាល​ ឧត្ដុង្គ លង្វែក ជា​ដើម ក៏​ត្រូវ​ការ​ចំណាយ​ច្រើន​ផង​ដែរ។ ក្រៅ​ពី​នេះ​តួ​សម្ដែង សុទ្ធ​ជា​តួ​ល្បី​ៗ ហើយ​សាច់​រឿង​ទៀត​សោត ក៏​មាន​ច្រើន​ភាគ​ទៅ​ទៀត ពោល​គឺ​ដល់​ទៅ​ជាង ១០០ភាគ​ឯណោះ។

ក្រោយ​ពី​ចំណាយ​ពេល​ថត​ដល់​ទៅ​ជិត​៣​ឆ្នាំ និង​សម្រិតសម្រាំង​បំផុត រឿង​នេះ បាន​ចេញ​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​កាល​ពី​ចុង​ឆ្នាំ ២០១៨ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស និង​រស្មី​ហង្សមាស។ ជុំវិញ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​បរទេស​នោះ លោក ហ្វៃ សំអាង អះអាង​ថា នេះ​ជា​មោទកភាព​មួយ​របស់​លោក ដែល​ជា​បាន​សហ​និពន្ធ និង​ដឹកនាំ​រឿង​ផ្ទាល់។

"អ្វី​ដែល​ខំ​ក្នុង​ភាពយន្ត​ហ្នឹង គឺ​ខ្ញុំ​មាន​បំណង​យក​រឿង​នេះ ទៅ​បញ្ចាំង​នៅ​បរទេស ពិសេស​គឺ​ប្រទេស​ថៃ អីចឹង​ហើយ គ្រប់​ឈុត គ្រប់​ឆាក​ទាំង​អស់ គឺ​ខ្ញុំ​សម្រាំង​បំផុត ឥលូវ​វា​ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន​មែន គឺ​មាន​ទាំង​ថៃ និង​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ទៀត​ចង់​បាន ដោយ​ពួក​គេ​បាន​ទាក់​ទង​មក​តាំង​ពី​បញ្ចាំង​ដំបូង​ម្ល៉េះ!"។

អ្នកនិពន្ធ និង​ដឹកនាំ​រឿង​មាន​ស្នាដៃ​រូប​នេះ បញ្ជាក់​ថា បើ​ទោះ​ជា​បែប​នេះ​ក្ដី ការ​ចរចា​ទិញ​លក់ ទំនង​ជា​មិន​អាន់​អាច​ធ្វើ​ក្នុង​វេលា​នេះ​នោះ​ទេ។ បញ្ហា​ត្រង់​ថា "កូន​ពស់​កេង​កង" បាន និង​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​ឡើយ។ លោក​លើក​ឡើង​ថា "ខាង​គេ​ចង់​ទិញ​ទៅ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​គេ​ដែរ ឥឡូវ​ខាង​ហង្សមាស អត់​ទាន់​ឆ្លើយ​ជាមួយ​គេ​ថា​ម៉េច​ទេ ព្រោះ​កំពុង​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ដែរ អីចឹង​ខ្លាច​បែក​សាច់​រឿង ទាល់​តែ​ចប់ ទើប​ទំនង​អាច​ចរចា​គ្នា​បាន!”។

តាម​អ្នក​និពន្ធ និង​ដឹកនាំ​ដដែល រឿង "កូន​ពស់​កេង​កង" ដែល​មាន​ជាង​ ១០០​ភាគ អាច​នឹង​បញ្ចាំង​ចប់​នៅ​ចុង​ឆ្នាំ ២០១៩​នេះ៕

អាន៖ ធ្វើ​បែប​នេះ វីជេ រតនា ឲ្យ​តម្លៃ​ភរិយា​ខ្ពស់​ណាស់!

អាន៖ សារ៉ាយ សក្ខណា ធ្វើ​អីចឹង ធ្វើ​បាប​ចិត្ត​អ្នក​ដេក​ផ្ទះ​ឲ្យ​ច្បាស់​ក្រឡែត

អាន៖ គិត​មិន​ដល់ លេខា​ទី​៣​ស្ថាន​ទូត​ជប៉ុន​នៅ​កម្ពុជា មាន​សមត្ថភាព​លេង​ចាប៉ី​ដង​វែង​ខ្មែរ ល្អ​យ៉ាង​នេះ​សោះ!

សកម្មភាព​លោក ហ្វៃ សំអាង ដឹកនាំ​ថត​រឿង "កូន​ពស់​កេង​កង"(រូបភាព​ផ្ដល់​ឲ្យ)

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម