• 2019-05-07 04:58:23
  • ព័ត៌មាន

រឿងរ៉ាវ ៤ យ៉ាងគួរឲ្យភ្ញាក់ផ្អើលតែមិនសូវមានអ្នកដឹង ពីឌីជេរូបសង្ហា Diplo

  • 2019-05-07 04:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូល​ចិត្ត​តន្ត្រី​ប្រាកដ​ជា​ស្គាល់ Diplo ដែល​ជា​ឌីជេ និង​អ្នក​ផលិត​បទ​ភ្លេង​ដ៏​ឆ្នើម​លំដាប់​អន្តរជាតិ។ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជា​មួយ​ស្នាដៃ និង​កំណត់​ត្រា​ទទួល​ពាន​ជា​​ច្រើន​​ក្នុង​ពេល​កន្លង​មក តែ​មាន​​អ្នក​គាំទ្រ​តិច​តួច​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​ទាំង ៤ យ៉ាង​នេះ ​ពី​ក្រោយ​អាជីព​ជា​ឌីជេ​របស់​បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ។

១. Diplo ធ្លាប់​ជា​អ្នក​ដឹក​នាំ​ភាពយន្ត

មុន​ពេល​ក្លាយ​ខ្លួន​ជា​ឌីជេ Diplo បាន​ប្រឡូក​ខ្លួន​​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​ងារ​ជា​អ្នក​ដឹកនាំ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Temple លើ​ផ្នែក​តន្រ្តី និង​ភាពយន្ត។ ក្រោយ​មក​ លោក​បាន​បញ្ចេញ​ស្នាដៃ​ដឹកនាំ​ដំបូង​សម្រាប់​រឿង “Favela on Blast” ដែល​ជា​ភាពយន្ត​ឯកសារ រៀបរាប់​ពី​វប្បធម៌​ និង​ប្រវត្តិ​របស់​តន្រ្តី​នៃ​ប្រទេស​ប្រេស៊ីល។ កាលណោះ លោក​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​វិស័យ​ភាពយន្ត រហូត​ឃ្លាត​ឆ្ងាយ​ពី​តន្រ្តី​មួយ​រយៈ ដើម្បី​ផ្ដោត​លើ​ការ​ដឹង​នាំ។ លើស​ពី​នោះ លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ជា​ច្រើន​ទៀត​ដូចជា Malice N Wonderland, 22 Jump Street, 808, I'll Sleep When I'm Dead, Florida to California, Chelsea, Ridiculousness, ហើយ​លោក​បាន​សម្ដែង​ជា​គ្រូ​បង្ហាត់​របស់ Pokémon ក្នុង​រឿង Pokémon: Detective Pikachu ដែល​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ទៀត​ផង។

២. Diplo ជា​សប្បុរសជន

Diplo បាន​បង្កើត​មូលនិធិ​ Heaps Decent  ដែល​ជា​កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​កុមារ​ក្នុង​ប្រទេស​​អូស្រ្តាលី និង​កុមារ​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត​ជុំ​វិញ​ពិភពលោក។ ទឹក​ចិត្ត​ដ៏​ជ្រះ​ថ្លា​ក្នុង​ការ​ជួយ​ក្មេងៗ​នេះ កើត​ឡើង​ដោយ​សារ​លោក​ធ្លាប់​ជា​គ្រូ​បង្រៀន​​ក្រៅ​ម៉ោង​នៅ​ទីក្រុង ​Philadelphia។ លោក​ធ្លាប់ ​លើក​ឡើង​ថា នោះ​គឺ​ជា​ការងារ​ដ៏​លំបាក​មួយ ហើយ​មិន​​អាច​រក​ប្រាក់​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ឡើយ តែ​យ៉ាង​ណា​លោក​នៅ​តែ​ចង់​ចូល​រួម​ជួយ​ឲ្យ​កុមារ​​ដែល​ត្រូវ​ការ​ជំនួយ អាច​ទទួល​បាន​ចំណេះ​ដឹង និង​អនាគត​ល្អ។

៣. ជា​ឌីជេ​ដែល​ទទួល​ឥទ្ធិពល​ពី​វិស័យ Hip-Hop

មាន​ឈ្មោះ​ល្បី​ដោយ​សារ​វិស័យ EDM មែន តែ​ដើម​ឡើយ Diplo គឺ​ជា​អ្នក​ឈ្លក់​វង្វេង និង​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​​តន្រ្តី Hip-Hopហើយ​ឌីជេ​ម្នាក់​ដែល​ជា​និមិត្តរូប​របស់​លោក​គឺ ឌីជេ Timbaland។ លោក​បញ្ជាក់​ថា Timbaland គឺ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​ចង់​ចេះ និង​ប្រឹងប្រែង​អភិវឌ្ឍន៍​​ក្នុង​ពិភព​តន្រ្តី។ ក្រៅ​ពី​នោះ ក៏​មាន​ទទួល​បាន​កម្លាំង​ជំរុញ​ពី​ឌីជេ​ល្បី​ផ្សេង​ទៀត​ដូចជា Pete Rock, DJ Shadow និង  J-Swift ផង​ដែរ។

៤. ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​រឿង “Game of Thrones” និង “Breaking Bad”

រាល់​ពេល​ដែល​​​គ្មាន​បេសកកម្ម​ចេញ​ទៅ​សម្ដែង Diplo តែង​តែ​ចំណាយ​ពេល​មើល​វីដេអូ​ភាគ​​​ ២ ​ គឺ​“Breaking Bad” ​និង “Game of Thrones។ លោក​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ លោក​ចេញ​​សម្ដែង​​ជា​លក្ខណៈ Tour អស់​រយៈ​ពេល ៣០០ ថ្ងៃ​ទៅ​ហើយ។ ដូច្នេះ​ទៅ​ពេល​ទំនេរ លោក​តែង​តែ​ចំណាយ​ពេល​មើល​រឿង​ទាំង​ ២ នេះ ដើម្បី​កម្សាន្ត​អារម្មណ៍​នៅ​ពេល​ទំនេរ​ពី​ការងារ​ផលិត​តន្រ្តី។

ក្នុង​ Tour Concert ៣០០ ថ្ងៃ​​ដែល​លោក​លើក​ឡើង​នេះ ក៏​មាន​នៅ​កម្ពុជា​ដែរ។ លោក​នឹង​មក​សម្ដែង​នៅ Sound Club ក្នុង​ថ្ងៃ​ទី ១០ ឧសភា ២០១៩ នេះ ក្រោម​ការ​រៀប​ចំ​របស់ Sabay។ បើ​ចង់​​ទៅ​រាំ​ជា​មួយ​ឌីជេ​រូប​នេះ អ្នក​អាច​ទិញ​សំបុត្រ​តាម​រយៈ​ PiPay ក្នុង​តម្លៃ​ពិសេសៗ​ដូចជា៖

  • Regular = ១៨ ដុល្លារ (ចាប់ពីថ្ងៃទី៦ ដល់ ១០ ឧសភា ២០១៩)
  • Gate Price = ២០ ដុល្លារ (នៅថ្ងៃកម្មវិធី ប្រសិនបើនៅសល់)

ទស្សនា​វីដេអូ ដើម្បី​ដឹង​ពី​របៀប​ទិញ​សំបុត្រ

ព័ត៌មាន​បន្ថែម៖

  • វិបសាយ៖ diplo.sabay.com
  • លេខ​ទូរសព្ទ៖ 070555930

អត្ថបទ៖ សុខណា

មតិយោបល់