• 2019-05-30 06:40:55
  • ជីវិតតារា

ឃើញ​ ឱក សុគន្ធកញ្ញា ជោគជ័យ​ទាំង​ស្នេហា ការងារ តែ​នៅ​ពី​ក្រោយ​នាង​ធ្លាប់ខកចិត្ត និងឈរយំលែងខ្មាសFan ក៏មាន

  • 2019-05-30 06:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរជើងលើវិស័យសិល្បៈតាំង​ពី​អាយុ ១០ឆ្នាំ ឃើញ​ ឱក សុគន្ធកញ្ញា ជោគជ័យ​ទាំង​ការងារ​ និង​ស្នេហាដែល​នាង​បាន​រៀបការជាមួយ​លោក អ៊ឹង សុខលី ​ប្អូន​ប្រុស​ថៅកែ​ហង្សមាសកាល​ពី​ថ្ងៃ ១៦ ឧសភា នោះ តែ​មុន​នឹង​ឈាន​មក​ដល់​ចំណុច​នេះ កញ្ញា ធ្លាប់​ទទួល​រង​ការ​បរាជ័យ និង​បាក់ទឹកចិត្ត​ គេច​មិន​ផុត​ដូច​អ្នក​ដទៃ​ដែរ។

ស្តែង​តាម​រយៈ​វីដេអូ​ឃ្លីប​មួយ​ដែល​​ Fan លួច​ថត​បាន​អំឡុង​ពេល​នាង​សម្តែង​នៅ​ក្នុង​​ផាប់​មួយ​កន្លែង នាង​បាន​រៀប​រាប់​រឿង​បរាជ័យ​ក្នុង​ជីវិត​ជា​ច្រើន​ដំណាក់​កាល ដែល​ក្នុង​នោះ​រឿង​ដែល​នាង​ប្រឈម​ខ្លាំង​មុន​គេ​នោះ​គឺ បែកបាក់​គ្រួសារ។ ចាប់​ពី​ពេល​នោះ​ ជីវិត​គ្រួសារ​គឺ​បាន​ធ្លាក់​ដុនដាប ហើយ​ជំហរ​គ្រួសារ​ទាំង​មូល​​ត្រូវ​ធ្លាក់​លើ​នាង និង​ម្តាយ។

មិន​តែ​ប៉ុណ្ណោះ​បើ​រម្លឹក​ទៅ​ដល់​កាល​​ពី​ឆ្នាំ​ ២០០៧ ដល់ ២០១០ ​​នាង​ប្រាប់​ថា​ធ្លាប់​ឆ្លង​កាត់​ភាព​ខក​ចិត្ត​ច្រើន​ដង​មក​ហើយ​​ ប៉ុន្តែ​មាន​ម្តង​ដែល​នាង​មិន​អាច​បំភ្លេច​បាន​ នៅ​អំឡុង​ឆ្នាំ​២០០៧-​២០១០ ជា​ពេល​ដែល​បទ​ចម្រៀង​របស់​នាង​មិន​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ទាល់​តែ​សោះ។

"ខ្ញុំ​ធ្លាប់​ខក​ចិត្ត​ច្រើន​ដង​ណាស់ ​ទម្រាំ​មក​ដល់​ថ្ងៃ​នេះ​ ប៉ុន្តែ​មាន​ម្ដង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​​ និង​បរាជ័យ​ខ្លាំង​បំផុត​នោះ​ គឺ​មុន​ឆ្នាំ​ចុង​ក្រោយ​ដែល​​ខ្ញុំ​ទទួល​បាន​ជោគជ័យ ​គឺ​អំឡុង​ឆ្នាំ​២០០៧ រហូត​ដល់​២០១០ រយៈ​ពេល​ជាង​៣​ឆ្នាំ​​ខ្ញុំ​​គ្មាន​កម្លាំង​ចិត្ត​អ្វី​ទាល់​តែ​សោះ…ចង់​បោះ ​ចោល​តែ​ម្ដង”។ កញ្ញា ថ្លែង​ដូច្នេះ​នៅ​ក្នុង​កម្ម​វិធី CTN ប៉ុស្តិ៍​លេខ​21កាល​ពី​ថ្ងៃ​ទី​២៧​សីហា​របស់​អ្នក​នាង​ យុគ​ ចិន្តា​។​​

នាង​បាន​បន្ត​ទៀត​ថា ​៖ "ប្រហែល​ជា​៦​ខែ​ចុង​ក្រោយ​ខ្ញុំ​​អស់​សង្ឃឹម ​ហើយ​មុន​ពេល​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី​…​​ជា​ពេល​ដែល​នៅ​សល់​ សម្រាប់​​បញ្ចប់​ទៅ​ធ្វើ​អ្វី​ផ្សេង ​​ព្រោះ​វិស័យ​ចម្រៀង​មិន​ទៅ​មុខ​សោះ​ ពេល​ដែល​ខ្ញុំ​ធ្វើ​ទៅ​គិត​ថា​ល្អ​ដែរ ​ប៉ុន្តែ​បាន​ត្រឹម​តែ​គេ​ស្គាល់​ឈ្មោះ​ អត់​មាន​អ្នក​ទទួល​ស្គាល់​បទ​ចម្រៀង​ខ្ញុំ​ខ្លាំង​ទាល់​តែ​សោះ”។

ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន​ដែល​ចុះ​ចាញ់ ហើយ​ថែម​ទាំង​ប្រាប់​ខ្លួន​ឯង​ព្រម​ជាមួយ​នឹង​គ្រួសារ​ថា​៖ "ឆាកជីវិត​របស់​ខ្ញុំ​​ រឿង​បរាជ័យ​ទី១ គឺ​បែកបាក់​គ្រួសារ​តាំង​ពី​ក្មេង​មក។ ខ្ញុំ​បាន​តស៊ូ​រៀន​ផង មើល​ប្អូន​ផង ហើយ​ខ្លួន​ជា​ស្រី​ ត្រូវ​ពុះ​ពារ រស់​នៅ​​នៅ​ពេល​ដែល​ឪពុក​ចាក​ចេញ​ខ្ញុំ​មាន​តែ​ម្តាយ... ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​តែរឹង​ប៉ឹង​ ហើយ​ប្តេជ្ញា​រក​លុយ​ជូន​គ្រួសារ និង​ដោយ​កិត្តិយស​ជូន​គ្រួសារ​មួយ​នេះ​ឱ្យ​បាន​។ រឿង​រ៉ាវ​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ឆ្លង​វា​ទាំង​ទឹក​ភ្នែក...ប៉ុន្តែ​សំខាន់​ខ្ញុំ​បាន​ធ្វើ ហើយ​ទទួល​បាន​លទ្ធផល​ល្អ និង​ជួយ​គ្រួសារ​មួយ​នេះ"។

"លុយ​គឺ​សំខាន់ តែ​លុយ​មិន​អាច​ទិញ​កិត្តិយស​បាន​​នោះ​ទេ ត្រូវ​យក​កិត្តិយស​នាំ​មុន​គេ ហើយ​ស្វែង​រក​លុយ​ដោយ​ថ្លៃថ្នូរ​ជា​ទី​បំផុត"។ នេះ​ជា​ពាក្យស្លោកសម្រាប់ជីវិត​របស់​ ឱក សុគន្ធកញ្ញា ដែល​ជា​សារ​​ ផ្តែ​ផ្តាំ​អ្នក​គាំទ្រ​នាងសម្រាប់ជួយឱ្យមានភាពជោគជ័យក្នុងជីវិត៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី