• 2019-07-29 04:39:42
  • ព័ត៌មាន

រំភើប​មែន! មូលនិធិ​អន្តរជាតិ​មួយ ចេញ​លុយ​គាំទ្រ​ចម្រៀង Original របស់ខ្មែរ

  • 2019-07-29 04:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Hard Rock Heal Foundation ជា​មូលនិធិ​អន្តរជាតិ​មួយ ដែល​បាន​សហការ​គ្នា​ជាមួយ ភោជនីយដ្ឋាន The Hard Rock Cafe ដើម្បី​ជួយ​ជា​ផ្នែក​មួយ​ដល់​តន្ត្រីករ​អោយ​មាន​លទ្ធភាព និង​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​បន្ត​ទៀត។ ជាក់​ស្ដែង ក្នុង​ពេល​ថ្មីៗ​នេះ មូលនិធិ​ខាង​លើ​បាន​ធ្វើ​ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​អ្នក​ចម្រៀង​ជំនាន់​ថ្មី​​មួយ​របស់​ខ្មែរ ជា​មួយ​ចំនួន​ទឹក​ប្រាក់​​សរុប ៥០០០ ដុល្លារ។

កម្មវិធី​នោះ​មាន​ឈ្មោះ​ថា The Sound Initiative ដែល​បណ្ដុះបណ្ដាល និង​លើក​ស្ទួយ​ដល់​តន្ត្រីករ​ខ្មែរ​ដែល​មាន​សមត្ថភាព​និពន្ធ​ចម្រៀង ធ្វើ​បទ​ភ្លេង​ និង​ច្រៀង​​ដោយ​ខ្លួន​ឯង។ ថវិកា​ទាំង​នោះ ត្រូវ​បាន​​នាំ​យក និង​ផ្ដល់​ជូន​ដោយ​ផ្ទាល់​តាម​រយៈ​ភោជនីយដ្ឋាន Hard Rock Cafe Phnom Penh ដែល​ជា​ដៃ​គូរ​សហការ​មួយ ក្នុង​ចំណោម​អ្នក​សហការ​ជា​ច្រើន​ទៀត​ជុំ​វិញ​ពិភពលោក។

លោក Kellie Brown អ្នក​គ្រប់គ្រង​របស់ Global Philanthropy for Hard Rock International បាន​និយាយ​ថា៖ "នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​លើកស្ទួយ​តន្ត្រី និង​ជា​ជំនួយ​ប្រចាំ​ឆ្នាំ ដែល​ផ្ដល់​ឱកាស​អោយ​ក្រុមHard Rock ដែល​ជា​មូលនិធិ​សប្បុរសធម៌​មួយ​នៅ​ក្នុង​សហគមន៍"។

លោក Laura Baker ជា​នាយក​គ្រប់គ្រង​នៅ The Sound Initiative ក៏​បាន​និយាយ​ថា៖ "ពួក​យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ម៉ាក​ល្បីល្បាញ​ទូទាំង​សកលលោក​ និង​ដៃគូ​សប្បុរសធម៌ Hard Rock Heal Foundation។ ​យើង​សូម​​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ Heard Rock Heals សម្រាប់​ការ​បរិច្ចាគ​សប្បុរសធម៌​ចំនួន ៥០០០ ដុល្លារ ដែល​និង​ផ្ដល់​ជូន​ទៅ​អោយ​កម្មវិធី​បណ្ដុះបណ្ដាល​តន្ត្រី ដើម្បី​គាំទ្រ​សិល្បៈ កវី​វ័យ​ក្មេង​ដែល​​​កំពុង​តែ​លេចធ្លោ​នៅ​ប្រទេស​កម្ពុជា។ ហើយ​ក៏​បាន​ថ្លែង អំណរ​អរគុណ​ដល់​អ្នក​ចូលរួម​ទាំងអស់​ក្នុង​ការ​អភិវឌ្ឍនភាព​ជា​ដៃគូ​នេះ​ និង​សម្រាប់​ការ គាំទ្រ​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន Heard Rock Café រាជធានី​ភ្នំពេញ។

មូលនិធិ The Hard Rock Heals Foundation បាន​ចុះ​បញ្ជី​ជា​អង្គការ​សប្បុរសធម៌ ​និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​មនុស្សធម៌​សម្រាប់​អង្គការ Hard Rock International។ នៅ​ក្នុង​ឆ្នាំ ២០១៩ មូលនិធិ​​ខាង​លើ​មាន​គម្រោង​បរិច្ចាគ​ថវិកា​សរុប​ចំនួន ២៥០ ០០០ ដុល្លារ​ដល់​សប្បុរស​ជន​ក្នុង​តំបន់​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាក់ទង នឹង​តន្ត្រី​របស់​ពួកគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់