- 2019-08-15 02:29:16
- ព័ត៌មាន
អាសូរ! ធ្លាប់តែមានគ្រប់យ៉ាង តែជីវិតនាយ តាក់ស៊ី ពេលនេះល្ហល្ហេវ ដូចទូកនៅកណ្ដាលទន្លេ
- 2019-08-15 02:29:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរ! ធ្លាប់តែមានគ្រប់យ៉ាង តែជីវិតនាយ តាក់ស៊ី ពេលនេះល្ហល្ហេវ ដូចទូកនៅកណ្ដាលទន្លេ
ចន្លោះមិនឃើញ
ឆាកជីវិតអតីតតារាកំប្លែងនៅក្នុងក្រុមនាយ ពែកមី គឺនាយ តាក់ស៊ី បានប្រែប្រួលស្ទើរ ១៨០ដឺក្រេ ក្រោយពីចូលសាងផ្នួស និងលាចាកសិក្ខាបទវិញ ដោយជីវិតនាយពេលនេះ អ្វីក៏គ្មានដែរ។ នេះបើតាមការឲ្យដឹងពីសាមីខ្លួនជាមួយលោក ហេង ឡុង។
ស្ថានភាពប្រែប្រួលស្ទើរមិនគួរនឹកស្មាននេះ គឺដោយសារថា លោកបានលះបង់ចោល សម្រេចចិត្តចាកចោលរឿងលោកិយ ដោយសុខចិត្តចែកផ្លូវគ្នាជាមួយភរិយា ហើយប្រគល់ផ្ទះ លុយកាក់ ទ្រព្យសម្បត្តិ សព្វបែបយ៉ាង ទៅឲ្យភរិយា ហើយនាយ បានជ្រះថ្លាក្នុងបំណងទៅជ្រកក្រោមព្រះធម៌ជារៀងរហូតដោយមិនវិលវិញឡើយ។ ងាកទៅការងារជាតារាកំប្លែងរបស់ស៊ីធីអិន លោកក៏បានលាឈប់មុនសម្រេចចិត្តទៅសាងផ្នួសដែរ។
ប៉ុន្តែរស់ជាភិក្ខុមិនបានប៉ុន្មានផង ដោយសារសុខភាពមិនអំណោយផល នាយ ក៏ត្រូវបង្ខំចិត្តលាចាកសិក្ខាបទវិញ ទាំងខ្លួនកំពុងវាយសង្គ្រប់ដោយជំងឺ រហូតដល់ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទៀតផង។ ជីវិតត្រូវបានសង្គ្រោះពីមច្ចុរាជ ប៉ុន្តែបញ្ហាដ៏ធំ ដែលត្រូវដោះស្រាយដោយចៀសមិនបានក្នុងដំណើរជីវិតពីពេលនេះទៅមុខទៀតនោះ គឺត្រូវបីបាច់ខ្លួនឯង និងម្ដាយជរាម្នាក់ដែលមានវ័យជាង ៧០ឆ្នាំទៅហើយ ខណៈពេលនេះ នាយមិនមានអ្វីសោះជាប់ខ្លួន ជីវិតដូចទូកអណ្ដែតលើទឹករកគោលដៅមិនឃើញ។
ស្ថានភាពនេះ សូម្បីអតីតថ្នាក់ដឹកនាំរបស់លោកនៅស៊ីធីអិន គឺលោកតា វ៉ិចទ័រ ក៏ធ្លោយមាត់ស្រណោះដែរ។ "បងប្អូនសូមកុំសើចកុំយំគាត់អី! នៅសល់តែមួយវ៉ាលីនេះទេ"។ វ៉ិចទ័រ ថ្លែង។
ក្រៅពីមិនមានការងារដែលធ្លាប់ធ្វើពីមុន នាយតាក់ស៊ី សមត្ថភាពមិនអាចទៅប្រកបកិច្ចការអ្វីផ្សេងនោះទេ ដោយសារតែមិនបានរៀនជ្រៅជ្រះនោះឡើយ។ នាយបញ្ជាក់ថា ពេលនេះមិនដឹងថា ត្រូវយ៉ាងណាឡើយ ក្ដីសង្ឃឹមតិចតួចដែលនៅសល់នោះ គឺសង្ឃឹមថា នឹងអាចវិលចូលបម្រើការងារជាតារាកំប្លែងវិញ និងមួយទៀត សង្ឃឹមថា លើទឹកចិត្តរបស់អតីតភរិយា ក្រែងអាចដោះទ័លបានខ្លះ ក្នុងការបីបាច់ខ្លួនឯង និងមើលថែម្ដាយចាស់ជរាផង។
និយាយបែបនេះ នាយ បញ្ជាក់ថា មិនចង់លេបសំដីដែលបាននិយាយប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យអតីតភរិយា ក្រោយពីព្រមព្រៀងផ្ដិតមេដៃផ្ដាច់សមគ្គសង្វាសនោះទេ គ្រាន់តែសង្ឃឹមលើទឹកចិត្តសន្ដោសប្រណីនាង ភីម ខ្លះៗប៉ុណ្ណោះ។ តាមលោកតា វ៉ិចទ័រ បញ្ជាក់ គឺលោក និងក្រុមការងារ នឹងហៅនាយ តាក់ស៊ី ទៅថតក្នុងកម្មវិធី "គ្រួសារ២" វិញ។ យ៉ាងណា មិនទាន់ដឹងថា នាយអាចក្លាយជាបុគ្គលិកពេញសិទ្ធិដូចមុនវិញបាន ឬអត់ គឺមិនទាន់ដឹងទេ។
នាយ តាក់ស៊ី និង នាង ភីម បានព្រមព្រៀងផ្ដិតមេដៃលែងលះជាមួយគ្នា មុនពេលតារាកំប្លែង សម្រេចចិត្តទៅបួសដោយមិនវិលវិញ។ ប៉ុន្តែក្រោយពីបានសឹកវិញទាំងតក់ក្រហល់ ដោយសារជំងឺនោះ តាក់ស៊ី មិនអាចវិលទៅផ្ទះ ទៅរកប្រពន្ធបានវិញនោះទេ ដោយសារអ្វីៗបានចប់ទៅហើយ។ ដោយឡែក អតីតភរិយា ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា នាងមិនអាចទទួលយកនាយ តាក់ស៊ី វិញបានទេ។
ដូចនឹងពាក្យគេថា "ចង្កៀងផ្ទះអ្នកណា ភ្លឺតែផ្ទះអ្នកនោះ" ភីម លើកឡើងថា នាងមានរឿងជាច្រើនដែលមិនអាចទទួលនាយមកនៅជុំគ្នាវិញបានហើយ ក្នុងនោះបើទោះជានាងបើកផ្លូវ ក៏នាយ តាក់ស៊ី ខ្លួនឯង ក៏មិនហ៊ានត្រឡប់មកវិញដែរ។ បញ្ហានេះ តារាកំប្លែងប្រុសវិញ ក៏បានបញ្ជាក់ថា នាយ មិនខឹងនឹងអតីតភរិយានោះទេ រឿងដែលកើតឡើង សុទ្ធជាការសម្រេចចិត្តរបស់លោក។
អ្វីដែលលោករំពឹង គឺគ្រាន់តែចង់បានការងារធ្វើវិញ ដើម្បីបន្តរស់កំដរលោកិយតទៅទៀត។ រឿងដែលនៅសល់ គឺរឿងការស្នាក់អាស្រ័យ គឺលោកនឹងទៅស្នាក់នៅផ្ទះជួលបាន ដោយមិនមានបញ្ហាអ្វីឡើយ៕