• 2019-08-26 06:11:00
  • ព័ត៌មាន

ទីបំផុត Miss Universe ប៊ី សុធារី បាន​ប្ដូរ​ចិត្ត​រឿង​សម្ដែង​ភាពយន្ត!

  • 2019-08-26 06:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ី សុធារី ដែល​ជា​បវរកញ្ញា​កម្ពុជា ឬ Miss Universe ឆ្នាំ​២០១៧ ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​ចូល​សម្ដែង​ភាពយន្ត​សូម្បី​ម្ដង​សោះ​នោះ ឥឡូវ​នេះ​បាន​​ប្រាប់​ថា នាង​បាន​សម្រេច​ចិត្ត​ទទួល​យក​ការ​សម្ដែង​ហើយ កុំ​អោយ​អ្នក​គាំទ្រ​ថា​មិន​មាន​អ្វី update។

កន្លង​មក ការ​ដែល​មិន​ឃើញ​នាង​មាន​ការ​សម្ដែង​ភាពយន្ត​សូម្បី​ម្ដង មិន​មាន​ន័យ​ថា នាង​មិន​មាន​គេ​ហៅ​ថត​នោះ​ទេ តាម​ការ​ពិត គឺ​មាន​គេ​ហៅ​ចង់​ឲ្យ​នាង​សម្ដែង​ក្នុង​ភាពយន្ត​ច្រើន ប៉ុន្តែ​នាង​មិន​ទទួល។ ចំពោះ​មូលហេតុ តារា​ស្រី​វ័យ ២១ បញ្ជាក់​ថា ដោយ​​សារ​តែ​ទី​១ នាង​ផ្ដើម​អាជីព​ជា​តារា​ម៉ូដែល ដូច្នេះ​ហើយ​នាង​ខ្លាច​ទទួល​ការងារ​សម្ដែង​ភាពយន្ត បារម្ភ​ខ្លាច​ធ្វើ​មិន​បាន​ល្អ។

ចំពោះ​មូលហេតុ​ទី​២ គឺ​ថា ដោយ​សារ​តែ​សុខភាព​នាង​មិន​សូវ​អំណោយ​ផល​ផង។ នាង​ថា ប្រមាណ​ជា​មួយ​ឆ្នាំ​មក​នេះ នាង​ជាប់​ដាក់​ដែក​អប​ធ្មេញ​រហូត ដោយ​ការ​ធ្វើ​នេះ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​រូបរាង​របស់​នាង​ដែរ ក៏​ព្រោះ​តែ​ពេល​ដាក់​ដែក​នេះ​ហើយ ធ្វើ​ឲ្យ​នាង​ឈឺ និង​ទទួល​ទាន​អ្វី​មិន​សូវ​បាន ធ្វើ​ឲ្យ​នាង​ចុះ​ស្គម ដោយ​បច្ចុប្បន្ន​ទម្ងន់​នាង​ត្រឹម ៤៨-៤៩ គីឡូ​ប៉ុណ្ណោះ។

គីឡូ​ដែល​នាង​ចង់​បាន និង​យល់​ថា​សមស្រប​សម្រាប់​នាង គឺ ៥៣-៥៤​គីឡូ។ បែប​នេះ​ក្ដី សុធារី ប្រាប់​ថា ឥឡូវ​អ្វី​ៗ​បាន​ប្រសើរ​ហើយ ដោយ​សារ​ថា ដែក​ដែល​ដាក់​អប​ធ្មេញ​របស់​នាង​នោះ គឺ​ដល់​វេលា​ត្រូវ​ដោះ​ចេញ​ហើយ។ អីចឹង​ហើយ ទើប​នាង​យល់​ថា នាង​អាច​បំប៉ន​សុខភាព និង​អាច​ទទួល​យក​ការ​សម្ដែង​ក្នុង​ភាពយន្ត​នានា​បាន។

“ម្យ៉ាង​ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​នាង​ខ្ញុំ បាន​ទទួល​អ្វី​​ដែល​ប្លែក ព្រោះ​កន្លង​មក​ពួក​គាត់​បាន​សំណូម​ពរ​នាង​ខ្ញុំ​ច្រើន​ដែរ ឲ្យ​ទទួល​យក​ការ​សម្ដែង​ភាពយន្ត។ អីចឹង​ខ្ញុំ​គិត​ថា ល្មម​ដល់​ពេល​ដែរ​ហើយ!”។ ធារី ថ្លែង។ ថ្មី​ៗ​នេះ តារា​ស្រី​កម្ពស់​បាន​រូប​នេះ បញ្ជាក់​ថា នាង​ក៏​បាន​ចូល​រួមសម្ដែង​សាក​ល្បង (Casting) ជាមួយ​អ្នក​ដឹកនាំ​រឿង​មួយ​ដែរ ប៉ុន្តែ​មិន​ដឹង​លទ្ធផល​នៅ​ឡើយ។

ប៊ី សុធារី បញ្ជាក់​បន្ថែម​ថា ពី​ពេល​នេះ នាង​នឹង​ទទួល​ការ​សម្ដែង​ភាពយន្ត​នានា ដើម្បី​អ្នក​គាំទ្រ​ផង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯង​ផង។ វិល​ទៅ​អតីត​កាល​បន្តិច ត្បិត​ថា​កន្លង​មក នាង​មិន​ធ្លាប់​សម្ដែង​ភាពយន្ត ប៉ុន្តែ​នាង​ក៏​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​រាប់​មិន​អស់​ដែរ។ ដូច្នេះ​នាង មាន​ជំនឿ​ថា ការ​សម្រេច​ឈាន​ជើង​ចូល​ទៅ​កាន់​ការ​សម្ដែង​ភាពយន្ត​នានា​នា​ពេល​ខាង​មុខ និង​មិន​ជា​ឧបសគ្គ​របស់​នាង​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម