• 2019-11-01 08:07:34
  • ព័ត៌មាន

គ្មាន​នរណា​ចង់ទេ តែ​សុទ្ធ​តែ​មាន​ហេតុផល​ហើយ! ណូម័រ សម្រេច​ចែក​ផ្លូវ​គ្នា​​ជាមួយ​ស្វាមី ក្រោយ​រៀប​ការ​បាន​ប៉ុន្មាន​ខែ

  • 2019-11-01 08:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី និង​ជា​តារា​សម្ដែង អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​លេច​ចេញ​ដំណឹង​បាក់​បែក​ស្វាមី​យ៉ាង​តក់​ក្រហល់ ក្រោយ​ពី​បាន​រៀបការ​ក្លាយ​ជា​គូ​ស្វាមី ភរិយា​នឹង​គ្នា​មិន​បាន​ប៉ុន្មាន​ខែ​ផង។

នៅ​ប៉ុន្មាន​មក​នេះ គេ​បាន​ឃើញ​ថា ណូម័រ បាន​ទម្លាយ​ចេញ​សារ​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន ដែល​ថា​នាង និង​ស្វាមី គឺ​លោក សុភា បាន និង​កំពុង​មាន​បញ្ហា​នឹង​គ្នា ដែល​បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ និង​ប្រិយមិត្ត​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​ថា ពួក​គេ​ទើប​ក្លាយ​ជា​គូ​ស្វាមី ភរិយា និង​គ្នា​ថ្មី​ថ្មោង​ទេ។ ដោយ​ឡែក​នៅ​ថ្ងៃ​ត្រង់​នេះ តម្រុយ​នៃ​ការ​ប្រេះស្រាំ​ចំណង​អាពាហ៍ពិពាហ៍ បាន​លេច​កាន់​តែ​ច្បាស់ ដោយ​ភាគី​ខាង​ស្រី គេ​បាន​ឃើញ​ចូល​ខ្លួន​ទៅ​សាលា​សង្កត់​អូរ​បែក​ក្អម។

ណូម័រ ត្រូវ​បាន​គេ​ឃើញ​ចូល​ខ្លួន​ទៅ​ជាមួយ​ម្ដាយ ដែល​ក្រោយ​មក​គេ​ឃើញ​នាង​បាន​បង្ហោះ​នូវ​រូបភាព​នាង​ពី​សាលា​សង្កាត់​ជាមួយ​នឹង​សារ​វែង​អន្លាយ​មួយ។ ប៉ុន្តែ​ប្រយោគ​ជា​ភាសា​អង់គ្លេស គឺ​បាន​បញ្ជាក់​ថា នាង​បាន​សម្រេច​ចាប់​យក​ជីវភាព​ជា​មនុស្ស​ខ្លួន​មួយ​សារ​ជា​ថ្មី​ហើយ។ នាង​សរសេរ​ថា "Welcome new Month Welcome new Life Welcome My Single Life Too”។

ណូម័រ និង​ស្វាមី ក្នុង​ថ្ងៃ​រៀបការ

ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា "ស្វាគមន៍​ការ​ចូល​មក​ដល់​នៃ​ខែ​ថ្មី និង​សូម​ស្វាគមន៍​ជីវិត​ថ្មី ក៏​ដូច​ជា​សូម​ស្វាគមន៍​ជីវិត​ខ្លួន​របស់​ខ្ញុំ​ដែរ"។ ឃ្លា​នេះ ប្រិយមិត្ត ក៏​ដូច​ជា​មិត្តភ័ក្ដិ​ជា​ច្រើន កាន់​តែ​ភ្ញាក់​ផ្អើល និង​ជឿ​ថា ណូម័រ ទំនង​ជា​បាក់​បាក់​ជាមួយ​វីជេ សុភា មែន​ទែន​ហើយ។ ជុំ​វិញ​បញ្ហា​នេះ តារា​ស្រី បាន​ឆ្លើយ​ប្រាប់ Sabay ថា ជា​ការ​ពិត គឺ​នាង​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​លោក សុភា ហើយ។ "ចាស បែក​គ្នា​ហើយ​បង...តែ​សុំ​មិន​បក​ស្រាយ​ទេ សុំ​អោយ​គ្រប់​យ៉ាង​ចប់​ត្រឹម​ហ្នឹង​ចុះ​បង​អើយ"។ ណូម័រ ថ្លែង។

លិខិត​ផ្ដាច់​សង្វាស​ចេញ​ដោយ​សាលា​សង្កាត់​អូរ​បែក​ក្អម

ជុំវិញ​ការ​បែក​គ្នា​យ៉ាង​តក់​ក្រហល់ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ហួស​ចិត្ត និង​ស្ទើរ​មិន​ជឿ ត្បិត​ថា កន្លង​មក​គេ​ឃើញ​ស្វាមី ភរិយា មួយ​គូ​នេះ ល្អូកល្អិន​នឹង​គ្នា​ណាស់។ យ៉ាង​ណា សាមី​ខ្លួន​ខាង​ស្រី បញ្ជាក់​ថា អ្វី​ទាំង​អស់​មិន​ដូច​រូបភាព ដែល​បង​ប្អូន​បាន​ឃើញ​​ទាំង​អស់​នោះ​ទេ។ នាង​ថ្លែង​យ៉ាង​ខ្លី​ថា "ខ្ញុំ​មិន​អាច​កុហក​ខ្លួន​ឯង ថា​ខ្លួន​មាន​សេចក្ដី​សុខ​ទៀត​ទេ...មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ អ្វី​ៗ​បាន​បញ្ចប់​អស់​ហើយ!”។

ណូម័រ និង​លោក សុភា ដែល​ជា​ពិធីករ​ទូរទស្សន៍​មួយ​រូប​ដែរ​នោះ បាន​ចូល​រោងការ​ក្លាយ​ជា​ស្វាមី ភរិយា នឹង​គ្នា​កាល​ពី​ថ្ងៃ​ទី ២៨ ឧសភា ឆ្នាំ ២០១៩ ពោល​គឺ​បាន​តែ​រយៈ​ពេល ៥ខែ​ប៉ុណ្ណោះ​គិត​មក​ដល់​ថ្ងៃ​ពួក​គេ​ចែក​ផ្លូវ​គ្នា​នេះ។ គូ​នេះ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ តាំង​ពី​មុន​រៀប​ការ​ទៅ​ទៀត ដោយ​សារ​តែ​កាល​នោះ ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ផ្ទះ​រួម​គ្នា​មួយ​ស្ថិត​នៅ​ចោមចៅ ខាង​បុរី បាន​តម្រូវ​ឲ្យ​ពួក​គេ​មាន​លិខិត​ផ្លូវ​ច្បាប់​មួយ​នេះ។

ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្រេច​ចុះ​លិខិត​អាពាហ៍ពិពាហ៍​មួយ​នេះ។ និយាយ​ពី​ផ្លូវ​ច្បាប់ គូ​ស្វាមី ភរិយា​ណា​ដែល​ត្រូវ​ចង​ភ្ជាប់​គ្នា​ដោយ​លិខិត​អាពាហ៍ពិពាហ៍​នេះ អាច​ចែក​ផ្លូវ​គ្នា​ទៅ​រក​ជីវិត​ខ្លួន​មួយ​វិញ​បាន គឺ​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ឲ្យ​ផ្ដាច់​សមគ្គសង្វាស​ពី​តុលាការ​ទើប​បាន។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ណូម័រ ត្រូវ​បាន​គេ​ឃើញ​ទៅ​ធ្វើ​លិខិត​ផ្ដាច់​សង្វាស​នៅ​សាលា​សង្កាត់​ប៉ុណ្ណោះ។

តារា​ស្រី បញ្ជាក់​ថា នាង និង​ស្វាមី​បាន​ព្រមព្រៀង​គ្នា​ហើយ ដោយ​ទៅ​ធ្វើ​លិខិត​ផ្ដាច់​សង្វាស​មុន​សិន ចាំឆ្លង​ទៅ​តាម​តុលាការ​តាម​ក្រោយ​ទៀត។

ជុំ​វិញ​បញ្ហា​ទាំង​ឡាយ​ខាង​លើ ភាគី​ខាង​ស្វាមី គឺ​វីជេ សុភា មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១ វិច្ឆិកា ២០១៩ នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម