• 2019-11-24 12:14:15
  • ជីវិតតារា

វីដេអូ Hara និយាយផ្ដាំផ្ញើ Sulli យ៉ាងក្តុកក្ដួលកំពុងល្បីល្បាញជាថ្មី

  • 2019-11-24 12:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​​ស្នងការ​ប៉ូលិស Seoul Gangnam បាន​ឲ្យ​ដឹង​ថា​​តារា​ចម្រៀង​ស្រី Goo Hara ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​​ដែល​ស្ថិត​នៅ​តំបន់ Cheongdam នា​ទីក្រុង​សេអ៊ូល នៅ​​វេលា​ម៉ោង ៦ ល្ងាច (ម៉ោង​នៅ​កូរ៉េ) នា​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា​នេះ។ មូលហេតុ​នៃ​ការ​ស្លាប់​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ឡើយ។

ការ​ស្លាប់​របស់ Hara នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ងាក​ទៅ​ទស្សនា​វីដេអូ​ដែល​ Hara យំ​សស្រាក់​ពេល​និយាយ​ពាក្យ​ពេចន៍​មួយ​ចំនួន​ទៅ​កាន់ Sulli ដែល​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​ទី ១៤ ខែ​តុលា។

ក្នុង​វីដេអូ Hara បាន​សម្ដែង​ការ​សុំទោស​​ចំពោះ Sulli ដែល​នាង​មាន​និយាយ​ថា ៖ "Sulli, ខ្ញុំ​សុំទោស​​ដែល​មិន​អាច​ទៅ​បុណ្យ​សព​របស់​ឯង​ ពី​ព្រោះ​ខ្ញុំ​នៅ​ជប៉ុន។ សុំទោស​ ខ្ញុំ​គ្មាន​ជម្រើស ទើប​ត្រូវ​និយាយ​ទៅ​កាន់​ឯង​តាម​វិធី​នេះ។ រស់​នៅ​ឲ្យ​បាន​ល្អ​ណា​ពេល​ទៅ​ដល់​ទី​នោះ និង​ធ្វើ​រឿង​ដែល​ឯង​ចង់​ធ្វើ​ទៅ។ ខ្ញុំ​នឹង​ព្យាយាម​រស់​នៅ និង​ខំ​ធ្វើ​ការ​ដើម្បី​ឯង។ អ្នក​ទាំង​អស់​គ្នា, Sulli និង​ខ្ញុំ​ពិត​ជា​ស្និទ្ធស្នាល​គ្នា​ណាស់ ពួក​យើង​ដូច​ជា​បង​ប្អូន​ស្រី​បង្កើត។ ខ្ញុំ​ចង់​និយាយ​រឿង​ខ្លះ​ទៅ​កាន់ Sulli ហេតុ​នេះ​ទើប​ខ្ញុំ​ធ្វើ​ការ Live នេះ។ ខ្ញុំ​សុំទោស។ ខ្ញុំ​សុំទោស។ អ្នក​ទាំង​អស់​គ្នា​កុំ​បារម្ភ។ លា​ហើយ Sulli។​”

​គួរ​ដឹង​ថា​កាល​ពី​​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​ ២០១៩ នេះ តារា​វ័យ ២៨ ឆ្នាំ​រូប​នេះ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​​​នៅ​ផ្ទះ​របស់​ខ្លួន ប៉ុន្តែ​​ពេល​នោះ​មិន​បាន​សម្រេច ព្រោះ​ត្រូវ​​អ្នក​គ្រប់គ្រង​របស់​នាង​​ប្រទះ​ឃើញ​ទាន់​ពេល និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។ នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា នាង​បាន​បញ្ចេញ​សារ​សុំទោស​ដល់​អ្នក​គាំទ្រ ដោយ​បាន​និយាយ​ថា ៖ "ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ ដោយ​សារ​ហេតុការណ៍​កាល​ពី​ថ្មីៗ​នេះ។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ថែទាំ​សុខភាព​។ ខ្ញុំ​បាន​មាន​អារម្មណ៍​​ពិបាក​ចិត្ត​ខ្លាំង ដោយ​សារ​តែ​រឿង​រ៉ាវ​​មិន​ល្អ​ជា​ច្រើន​កើត​ឡើង​បន្ត​បន្ទាប់៕”

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់