• 2019-11-25 08:25:59
  • ព័ត៌មាន

ឪពុក​ម្ដាយ​ដឹង​តែ​សប្បាយ​ចិត្ត! កុមារ​កម្ពុជា​ ១០​រូប មាន​ទេពកោសល្យ​ខ្ពស់​តន្ត្រី ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​បរទេស

  • 2019-11-25 08:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​តំណាង​កម្ពុជា​១០​រូប ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ​នៅ​ឡើយ ត្រៀម​នឹង​ចូល​រួម​ប្រឡង​សមត្ថភាព​ផ្នែក​តន្ត្រី​ជា​លក្ខណៈ​អន្តរជាតិ ដោយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ ឆ្ពោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

លោក សូ ស្រណោះ នាយក​សាលា​បង្រៀន​តន្ត្រី​ "ស្រណោះ​តន្ត្រី" បាន​ធ្វើ​ពិធី​ប្រកាស​ពី​បេក្ខភាព​​ពួក​គេ​ពី​ចុង​សប្ដាហ៍​មុន​នេះ។ តាម​បណ្ឌិត​ប៉្យាណូ​មក​ពី​ជប៉ុន​រូប​នេះ ឲ្យ​ដឹង​ថា ពួក​គេ​ទាំង ១០ គឺ​ជ្រើស​ចេញ​​ពី​ការ​ប្រឡង​សមត្ថភាព​ផ្នែក​តន្ត្រី​ដ៏​ធំ​មួយ​ក្នុង​ក្រប​ខណ្ឌ​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​មក។ យ៉ាង​ណា ផែន​ការ​របស់​លោក បេក្ខភាព​សរុប គឺ​មាន​ដល់​ទៅ ៩០​នាក់។ ប៉ុន្តែ​បេក្ខភាព ១០​រូប​នេះ លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា នឹង​អាច​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រឡង។

លោក បន្ត​ថា ក្នុង​ចំណោម​ពួក​គេ​ទាំង ១០​នាក់ មាន​អ្នក​ខ្លះ​ជា​ម្ចាស់​មេដាយ​មាស​ផង លើ​សមត្ថភាព​ផ្សេង​ៗ​គ្នា។ បេក្ខភាព​ទាំង ១០​រូប​របស់​កម្ពុជា ត្រូវ​បាន​បែក​ចែក​ជា​២​ផ្នែក គឺ​ផ្នែក​ចម្រៀង និង​ផ្នែក​ប៉្យាណូ ត្រៀម​នឹង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​សមត្ថភាព​ផ្នែក​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី ២១-២៤ កុម្ភៈ ២០២០​ខាង​មុខ។ កម្មវិធី​នឹង​មាន​បេក្ខភាព​មក​ពី​ប្រទេស​ចំនួន ១០​ផ្សេង​ទៀត​បូក​រួម​នឹង​កម្ពុជា​បាន​ចូល​រួម។

លោក សូ ស្រណោះ លើក​ឡើង​ថា បេក្ខភាព​តំណាង​ប្រទេស​មួយ​ៗ សុទ្ធ​តែ​ល្អ ពោល​គឺ​មាន​សមត្ថភាព​ខ្ពស់​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​លោក នៅ​តែ​មាន​ក្ដី​សង្ឃឹម​ចំពោះ​បេក្ខភាព​ទៅ​ពី​កម្ពុជា ថា​នឹង​បាន​ជយលាភី​ត្រឡប់​មក​ពី​ប្រទេស​កំណើត​វិញ។ លោក​ថា ជាមួយ​សមត្ថភាព​ដ៏​ល្អ​ស្រាប់ ពួក​គេ​នឹង​ត្រូវ​បំពាក់បំប៉ន​បន្ថែម​ទៀត មុន​ចេញ​ទៅ​ប្រកួត។

"គិត​ពី​ឥឡូវ​ ពួក​គាត់​មាន​កម្មវិធី Master Class ដែល​មាន​គ្រូ​ជំនាញ​ជា​ច្រើន​ទៀត​មក​បំប៉ន​ពួក​គេ...ជា​រួម​យើងបាន​ត្រៀម​ច្រើន​មែន​ទែន​សម្រាប់​ពួក​គាត់...ព្រោះ​ពួក​យើង​ចង់​ឲ្យ​ពួក​គាត់​ឈ្នះ និង​សង្ឃឹម​ថា គាត់​នឹង​ឈ្នះ​ជយលាភី​ត្រឡប់​មក​ប្រទេស​យើង​វិញ"។ អតីត​គណៈកម្មការ​ក្នុង​កម្មវិធី "សំនៀង​ចែងចាំង" ថ្លែង។

លោក សូ ស្រណោះ បន្ថែម​ថា អ្វី​ដែល​លោក​ពុះពារ គឺ​ចង់​ឲ្យ​កុមារ​កម្ពុជា មាន​មុខ​មាន​មាត់ និង​មាន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​តន្ត្រី ព្រោះ​លោក​យល់​ថា កុមារ​កម្ពុជា​មាន​សមត្ថភាព​ខ្ពស់​ដូច​នឹង​បេក្ខភាព​តំណាង​ប្រទេស​ផ្សេង​ដែរ អ្វី​ដែល​ពួក​គេ​ខ្វះ គឺ​ឱកាស​បញ្ចេញ​សមត្ថភាព​ប៉ុណ្ណោះ។ ដូច្នេះ​លោក​នៅ​តែ​សង្ឃឹម​ថា ពួក​គេ​នឹង​ធ្វើ​បាន​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​អន្តរជាតិ​មួយ​នេះ។

ងាក​ទៅ​បេក្ខភាព​តំណាង​កម្ពុជា​វិញ ក៏​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ក៏​រីករាយ​ចំពោះ​ឱកាស​ដ៏​ល្អ សម្រាប់​ការ​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ។ កញ្ញា មរកត ដែល​ជា​ជយលាភី​ផ្នែក​ចម្រៀង​ក្នុង​កម្មវិធី​ប្រឡង​របស់​សាលា "ស្រណោះ​តន្ត្រី" កាល​ពី​ពេល​មុន​នោះ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​នា​ពេល​ខាង​មុខ គឺ​ជា​វេទិកា​ដ៏​អស្ចារ្យ ដែល​រូប​កញ្ញា​ផ្ទាល់ ក៏​ដូច​ជា​បេក្ខភាព​ផ្សេង​ទៀត នឹង​អាច​រៀន​សូត្រ ព្រម​ទាំង​ដោះដូរ​បទ​ពិសោធន៍​ជាមួយ​បេក្ខភាព​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត។ ដូច្នេះ បន្ទាប់​ពី​ឆ្លង​កាត់​រួច​នោះ កញ្ញា ជឿ​ថា សមត្ថភាព​របស់​ពួក​គេ នឹង​កាន់​តែ​ប្រសើរ​៕

អត្ថបទ៖ ទារិកា

មតិយោបល់