• 2019-12-25 07:57:07
  • ព័ត៌មាន

ទើប​តែ​ដឹង អតីតកាល​តួឯក​ស្រី​រឿង "កុំ​ងាក​ក្រោយ" ស្រី​ស្អាត ឆាយ នីតា គឺ​ជា​អ្នក​គ្រូ​ស្មោះ!

  • 2019-12-25 07:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឆាយ នីតា ដ៏​ស្រស់​ឆើត ទើប​តែ​លេច​មុខ​ក្នុង​សង្គម​សិល្បៈ​ប្រមាណ​២​ឆ្នាំ​ជាង និង​ទើប​តែ​សម្រេច​បាន​លទ្ធផល​ធំ​ក្នុង​តំណែង​តួឯក​ស្រី​ក្នុង​រឿង "កុំ​ងាក​ក្រោយ" ដែល​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​នា​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​បក​ទៅ​អតីតកាល​របស់​នាង នីតា គឺ​ជា​អ្នក​គ្រូ​បង្រៀន​ម្នាក់។

ឆាយ នីតា មាន​វ័យ ២៤​ឆ្នាំ ជា​អ្នក​ភ្នំពេញ នាង​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​គ្រូ​បង្រៀន ម្ដាយ​ជា​អាជីវករ និង​មាន​បង​ប្អូន​ទាំង​អស់ ៦នាក់(ស្រី​៤ ប្រុស​២) ហើយ​នាង​ជា​កូន​ទី​៤​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់(កូន​ស្រី​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ស្រី)។ ដោយ​សារ​មាន​ឪពុក​ជា​គ្រូ​បង្រៀន បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កូន​ស្ទើរ​ទាំង​អស់​ក្លាយ​ជា​គ្រូ​បង្រៀន រួម​បញ្ចូល​ទាំង នីតា ផង។

តារា​ស្រី បាន​ឲ្យ​ដឹង​ថា បង​ស្រី​ៗ​របស់​កញ្ញា សុទ្ធ​ជា​គ្រូ​បង្រៀន ហើយ​នាង​ក៏​ជា​គ្រូ​បង្រៀន​ដូច​គ្នា​ដែរ។ "ពី​មុន​ខ្ញុំ​គឺ​ជា​គ្រូ​បង្រៀន គឺ​គ្រូ​បង្រៀន​មត្តេយ្យ​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែលធី ហើយ​បង​ៗ​ខ្ញុំ​ទាំង​អស់ ក៏​ជា​គ្រូ​បង្រៀន​ដែរ"។ ប៉ុន្តែ​ក្រោយ​ពី​បាន​ផ្ញើ​ខ្លួន​ក្នុង​អាជីព​ដែល​គេ​ហៅ​ថា​អាណាព្យាបាល​ទី​២​បាន​មួយ​រយៈ​ធំ នាង​ក៏​បាន​ផ្លាស់​ប្ដូរ តាម​រយៈ​ការ​ប្រឡង​ប្រជែង​សម្រស់ និង​សមត្ថភាព​សិល្បៈ​មួយ​នៅ​ឆ្នាំ ២០១៦។

នីតា ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៦ ដោយ​សារ​និស្ស័យ និង​ឱកាស​ផង កញ្ញា បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី Miss Cambodia ហើយ​ជា​លទ្ធផល កញ្ញា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​ជីវភាព​ជា​គ្រូ​បង្រៀន​របស់​នាង ក៏​ប្រែ​ក្លាយ​បន្តិច​ម្ដង​ៗ។ "ក្រោយ​ពី​ជាប់​មក គេ​នាំ​ទៅ​នេះ​ទៅ​នោះ​រហូត អីចឹង​ហើយ ខ្ញុំ​ត្រូវ​សុំ​ច្បាប់​ការងារ​ច្រើន អីចឹង​ក៏​សម្រេច​ថា​សុំ​ឈប់​តែ​ម្ដង​ទៅ!”។ កញ្ញា ឆាយ នីតា ថ្លែង។

បន្ទាប់​ពី​លា​អាជីព​គ្រូ​បង្រៀន ឆាយ នីតា បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​ដោយ​ការ​ដើរ​ម៉ូដ។ អាជីព​នេះ​សាមី​ខ្លួន បាន​ប្រាប់​ថា ចូល​ចិត្ត​តាំង​ពី​តូច​ៗ ព្រោះ​តែ​យល់​ថា​អាជីព​ដែល​អាច​ឲ្យ​នាង​ស្លៀក​ពាក់​ស្អាត បង្ហាញ​គេ​ឯង។ ប៉ុន្តែ​បន្ត​មក​ទៀត ក៏​បាន​ឈាន​មក​ជា​តារា​សម្ដែង​បន្ថែម​ទៀត ដោយ​មាន​ការ​ណែនាំ​ពី​លោក ទ្រី ដារ៉ាវុធ រហូត​ដល់​សម្ដែង​ជា​តួឯក​ជាមួយ​គ្នា​ក្នុង​រឿង "កុំ​ងាក​ក្រោយ"។

អតីត​អ្នក​គ្រូ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្លាយ​ជា​តារា​សម្ដែង នាង​ក៏​មើល​ឃើញ​ពី​ភាព​ខុស​ប្លែក​បន្ថែម​ពី​លើ​អាជីព​ដើរ​ម៉ូដ​ដែល​នាង​ស្រឡាញ់​តាំង​ពី​កុមារ។ នាង​ថា ការ​សម្ដែង​បាន​ឲ្យ​នាង​ស្គាល់​រសជាតិ​ជីវិត​ច្រើន​បែប​ច្រើន​យ៉ាង មាន​ទាំង​សើច យំ និង​ការ​លំបាក​ជា​ច្រើន​ទៀត ពិសេស​អាជីព​ថ្មី​នេះ ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន​ថែម​ទៀត។ ដូច្នេះ​ហើយ នីតា នឹង​ពង្រឹង​អាជីព​ទាំង​ពីរ​ដោយ​មិន​ចោល​មួយ​ណា​នោះ​ទេ ព្រោះ​សុទ្ធ​តែ​សំខាន់​សម្រាប់​នាង​ទាំង​អស់។

រូបភាព៖ ហ្វេសប៊ុក នីតា

ក្រោយ​ពី​ចាប់​បាន​តំណែង​តួឯក​ស្រី​ក្នុង​វណ្ណកម្ម​ទី​២​របស់​ផលិតកម្ម Galaxy រឿង "កុំ​ងាក​ក្រោយ" នេះ ឆាយ នីតា បាន​បង្ហើប​ថា គិត​មក​ត្រឹម​ពេល​នេះ នាង​ទទួល​គម្រោង​ថត​ប្រមាណ ២-៣​រឿង​រួច​ទៀត​សម្រាប់​ឆ្នាំ ២០២០ ខាង​មុខ ក្នុង​នោះ​មាន​ទាំង​ប្រភេទ​រឿង​ខ្នាត​ធំ និង​រឿង​ខ្នាត​ខ្លី។ តាម​រយៈ​សមិទ្ធផល​ទាំង​នេះ សាមី​ខ្លួន​មាន​ក្ដី​សង្ឃឹម​ថា ទស្សនិកជន​ជា​ច្រើន​ទៀត នឹង​បាន​ស្គាល់​នាង ក៏​ដូច​ជា​ជួយ​ឲ្យ​ប្រជាប្រិយភាព​នាង​កាន់​តែ​ខ្ពស់​ឆ្នាំ ២០២០​ខាង​មុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម