• 2020-01-03 04:57:47
  • ព័ត៌មាន

សិល្បករ​វ័យ​ក្មេង ថា​ការ​ឲ្យ​តម្លៃ​លើ​អធិរាជ​សំឡេងមាស មាន​តែ​លើ​បបូរ​មាត់ តែ​គ្រួសារ​អភ័ព្វ​ខ្វះ​ការ​យក​ចិត្ត​ដាក់​៣​ជំនាន់​ហើយ!

  • 2020-01-03 04:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដ្បិត​ថា​កេរ្តិ៍​ឈ្មោះ​របស់ អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ល្បី​សុះសាយ​ជា​ច្រើន​ទសវត្ស​ទាំង​ក្នុង និង​ក្រៅ​ស្រុក ប៉ុន្តែ​គ្រួសារ​លោក​ហាក់​ជួប​រឿង​អភ័ព្វ​ច្រើន និង​ថា ការ​ឲ្យ​តម្លៃ​មាន​តែ​លើ​បបូរ​មាត់ ប៉ុន្តែ​ជាក់​ស្ដែង​មរណភាព​របស់ ស៊ីន សេដ្ឋកុល ជា​ចៅ​ប្រុស​អធិរាជ​សំឡេង​មាស ពិធី​សាសនា​ប្រព្រឹត្ត​ទៅ​ទាំង​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង។

លោក ម៉ា ច័ន្ទ​បញ្ញា ជា​អតីត​សិស្ស​របស់ លោក ស៊ីន ច័ន្ទ​ឆាយ៉ា ឪពុក​បង្កើត​របស់ ស៊ីន សេដ្ឋកុល បាន​សរសេរ​យ៉ាង​អន្លាយ​លើ​ហ្វេសប៊ុក​របស់​លោក ហើយ​ស្នើ​ឲ្យ​ប្រិយមិត្ត​អាន​ឲ្យ​ចប់ ព្រោះ​លោក​ចង់​ឲ្យ​ប្រិយមិត្ត​ដឹង​រឿង​ពិត​ខ្លះ​កើត​មាន​ចំពោះ​គ្រួសារ​អភ័ព្វ​របស់​លោក ស៊ីន ស៊ីសាមុត។

សិល្បករ​វ័យ​ក្មេង បាន​ឲ្យ​ដឹង​ថា គ្រួសារ​អធិរាជ​សំឡេង​មាស ដែល​ល្បី​ខ្ទរខ្ទារ​ហើយ​មើល​ពី​ខាង​ក្រៅ មាន​មនុស្ស​ជា​ច្រើន​គោរព ឲ្យ​តម្លៃ​ដោយ​សារ​តែ​ភាព​ល្បីល្បាញ​របស់​លោក ស៊ីន ស៊ី​សាមុត ក្នុង​បុគ្គល​ខ្លះ​ក៏​មាន​បាន​ដោយ​សារ​មរតក​ចម្រៀង​របស់​លោក​ផង។ ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​គ្រួសារ​មួយ​នេះ ហាក់​ខ្វះ​ការ​​យក​ចិត្ត​ទុក​ដាក់ ៣ជំនាន់​មក​ហើយ។

ហេតុផល​នេះ ទើប​លោក​គ្រូ​របស់​លោក ស៊ីន ច័ន្ទ​ឆាយ៉ា ធ្លាប់​ដាស់​តឿន​លោក​ថា៖ "បើ​ថ្ងៃ​ណា​មួយ​បញ្ញា បាន​ជោគជ័យ​ហើយ​ ធ្វើ​ជា​គំរូ កុំ​ភ្លេច​គ្រួសារ​ បង​ប្អូន​ ខ្លួន​ឯង​ ពិសេស​លោក​គ្រូ​ធំ​ ព្រោះ​ពួក​គេ​ នេះ​ហើយ​ ដែល​ជន​ជាតិ​ខ្មែរ​យើង​មួយ​ចំនួន​ តែង​តែ​និយាយ​តែ​មាត់ តែ​មិន​សូវ​ឲ្យ​តម្លៃ"។

លោក​ថា អ្វី​ៗ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ទៅ​ដល់​ដោយ​ខ្លួន​ឯង​ក្នុង​ពិធី ក្រោយ​ពី​ឆ្លៀត​ពី​ការងារ​មមាញឹក​របស់​លោក និង​ចង់​បង្ហាញ​ជំហរ​ខ្លះ​ៗ​ផង។ លោក ម៉ា ច័ន្ទ​បញ្ញា បញ្ជាក់​ថា តាម​ការ​កត់​សម្គាល់​របស់​លោក គឺ​មិន​សូវ​ឃើញ​មាន​សិល្បករ​ទៅ​ចូល​រួម​ច្រើន​ទេ ពោល​គឺ​មាន​តិច​តួច ដែល​មិន​សម​នឹង​ភាព​ល្បី​ល្បាញ​របស់​អធិរាជ​សំឡេង​មាស​ឡើយ។ បញ្ញា ប្រាប់​ទៀត​ថា លោក​ឃើញ​តែ សាច់​ញាតិ​នៃ​គ្រួសារ​ដ៏​សោកសៅ​ប៉ុណ្ណោះ។

បញ្ហា​នេះ សិល្បករ​វ័យ​ក្មេង លើក​ឡើង​ថា ដោយ​សារ​តែ​គ្រួសារ​អធិរាជ​សំឡេង​មាស គ្មាន​ខ្នង​បង្អែក និង​មិន​ចេះ Protocol ទើប​ជួប​រឿង​អភ័ព្វ​យ៉ាង​នេះ។ យ៉ាង​ណា តាម​​ប្រិយមិត្ត​ខ្លះ​បាន អះអាង​ថា សិល្បករ​ច្រើន​នាក់​ដែរ​បាន​ទៅ​ចូល​រួម​ថ្ងៃ​ទី​ដំបូង​នៃ​ពិធី​បុណ្យ ក្នុង​មាន​ទាំង​វត្តមាន​របស់​ថ្នាក់​នាំ​ខ្លះ​ផង។

គ្រួសារ ស៊ីន ស៊ីសាមុត ក្រោយ​ពី​អធិរាជ​សំឡេង​មាស​រូប​នេះ​ចាក​ចេញ​ទៅ​តាំង​ឆ្នាំ ១៩៧៦ បន្ទុក​គ្រួសារ ត្រូវ​ធ្លាក់​លើ​លោក ស៊ីន ច័ន្ទឆាយ៉ា ប៉ុន្តែ​លោក​គ្រូ​របស់​លោក បញ្ញា រូប​នេះ ក៏​បាន​ស្លាប់​ទៀត ហើយ​អ្វី​ក៏​ត្រូវ​ធ្លាក់​លើ​កូន​ប្រុស ស៊ីន សេដ្ឋកុល។ ប៉ុន្តែ​បង្គោល​គ្រួសារ ធំ​ចុង​ក្រោយ​ក៏​ត្រូវ​បាក់​ទៀត កាល​ពី​ថ្ងៃ​ទី ៣១ ដោយ​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង អ្នក​ខ្លះ​ថា ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ ការ​បាត់​បង់​របស់​លោក សេដ្ឋកុល ធ្វើ​គ្រួសារ​ទាំង​មូល​ទ្រុឌទ្រោម​ទៅ​ៗ ហើយ​កូន​ស្រី​ពៅ​ដែល​នៅ​សេសសល់ ជា​អ្នក​រាប់​រង​បន្ទុក​គ្រួសារ​ដ៏​ធ្ងន់​មួយ​នេះ។

ទុក​ជា​ការ​ដឹង​គុណ និង​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​សំឡេង​មាស សិល្បករ ម៉ា ច័ន្ទ​បញ្ញា បាន​បញ្ជាក់​​ថា ចាប់​ពី​ពេល​នេះ លោក​នឹង​ទទួល​ការ​ហៅ​ឲ្យ​ច្រៀង​បទ​មរតក​ឡើង​វិញ ក្រោយ​ពី​កន្លង​មក​លោក​បាន​បដិសេធ ព្រោះ​មិន​ចង់​ប្រើ​មរតក​ដើម​មក​ធ្វើ​អាជីវកម្ម។ ក្រៅ​ពិ​នេះ​លោក​នឹង​កាត់​ចំណែក​ខ្លះ​ពី​ការ​ច្រៀង​នោះ ជូន​គ្រួសារ​អភ័ព្វ​នេះ​ផង។

លោក​ថា "ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ ការ​បរិច្ចាគ​ រាល់​ការ​អញ្ជើញ​ទាំង​ឡាយ​ណា ពី​អ្នក​គាំទ្រ​ខ្ញុំ​អោយ​ច្រៀង​បទ​ពី​សង្គម​ 30% ទៅ 40%ទុក​ជា​គំរូ​ ជូន​គ្រួសារ​លោក​គ្រូ​ខ្ញុំ​ ដែល​ពី​មុន​ ខ្ញុំ​បាទ​មិន​ងាយ​ទទួល​ការ​សម្ដែង​ចម្រៀង​បទ​ពី​សង្គម​បែប​នេះ​ទេ​ ព្រោះ​ មិន​ចង់​យក​បទ​មរតក​ដើម​មក​រក​កម្រៃ"។ ក្រៅ​ពី​នេះ​លោក​ថា នឹង​ព្យាយាម​ជួយ​រៀបចំ ការិយាល័យ​ ស៊ីន​ ស៊ីសាមុតឡើង​វិញ​ទៀត តាម​លទ្ធភាព​ដែល​លោក​មាន និង​ស្វាគមន៍​ការ​ឧបត្ថម្ភ​ទាំង​ឡាយ៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម