• 2020-01-11 08:20:46
  • ព័ត៌មាន

តាម​សកម្មភាព​ព្រឹក​មិញ ឆាយ វីរៈ​យុទ្ធ មុជ​កាន់​តែ​ជ្រៅ​ហើយ ក្នុង​ជីវភាព​ជា​អ្នក​ជំនួញ!

  • 2020-01-11 08:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ វីរៈយុទ្ធ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មុជ​កាន់​តែ​ជ្រៅ​ហើយ​នៅ​ក្នុង​មុខ​របរ​រក​ស៊ី ដោយ​ដំបូង​ឡើយ​ធ្វើ​ជា​លក់​អង្ករ​បោះ​ដុំ​មាន​យីហោ "ស្ដេច​អង្ករ" ហើយ​ក្រោយ​មក​ក៏​ហក់​ចូល​ជំនួញ​ដី​ធ្លី ហើយ​ឥឡូវ​លោក​លូក​កាន់​​តែ​ជ្រៅ ក្រោយ​ត្រូវ​គេ​ប្រកាស​ថា លោក​ជា​ម្ចាស់​ភាគ​ហ៊ុន​នៃ​ជំនួញ​មួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

តារា​ចម្រៀង​សាន់​ដេ ត្រូវ​បាន​គេ​ឃើញ​បង្ហាញ​មុខ​នៅ​លើ​ទឹក​ដី​ភ្នំ​បាសិត ធ្វើ​ពិធី​បើក​មុខ​អាជីវកម្ម​របស់​លោក​នៅ​ព្រឹក​នេះ ក្នុង​គម្រោង​អចលនទ្រព្យ​មាន​ឈ្មោះ​ថា Style Mini Villa GM Residence Baseth ដែល​តាម​សាមី​ខ្លួន គឺ​លោក និង​ម្ចាស់​ភាគហ៊ុន​១​រូប​ទៀត វិនិយោគ​រួម​គ្នា​ក្នុង​ទុន​ប្រមាណ​២​លាន​៦​សែន​ដុល្លារ។

នេះ​មិន​មែន​ជា​លើក​ទី​១​របស់​ម្ចាស់​បទ "នឹក​អូន​ស្ទើរ​ដាច់​ខ្យល់" ក្នុង​អាជីវកម្ម​អចលនទ្រព្យ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ លោក​ធ្លាប់​ចុះ​ស្នាម​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ ដំណើរ​ហក់​ចូល​លើក​ដំបូង​បំផុត​ក្នុង​ជំនួញ​នេះ លោក​បាន​ដាក់​វិនិយោគ​ជាមួយ ខាត់ សុឃីម និង​ឧកញ៉ា ម៉េន កានី វិនិយោគនៅ​ខេត្ត​ព្រះ​សីហនុ​នា​ដើម​ឆ្នាំ ២០១៩។

ក្រោយ​មក​ទៀត លោក​បាន​បន្ត​មក​វិនិយោគ​លើ​គម្រោង​មីនីវីឡា ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុន​ហក់​មក​សម្រេច​ជំហាន​ទី​៣​នៅ​ពេល​នេះ។ យ៉ាង​ណា នេះ​ជា​សមិទ្ធផល​ដំបូង​របស់​លោក​ក្នុង​ឆ្នាំ ២០២០ ក្រោយ​លោក​ប្រមូល​បាន​ទុន​ពី​ជំនួញ​ទី​១ និង​ទី២។

ទោះ​ជា​បែប​នេះ​ក្ដី នៅ​ចំពោះ​មុខ​សារព័ត៌មាន ចំពោះ​ទុន​ដ៏​សម្បើម​លើ​គម្រោង​ទី​៣​នេះ ឆាយ វីរៈយុទ្ធ បញ្ជាក់​ថា មិន​មែន​ជា​ទុន​របស់​លោក​តែ​ម្នាក់​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​សហការ​ជាមួយ​ដៃគូ​ម្នាក់​ទៀត គឺ​ឧកញ៉ា ម៉េន កានី ដោយ​រូប​លោក​ផ្ទាល់​មាន​ទុន២៥ភាគរយ រី​ឯ​លោក​ឧកញ៉ា មាន​ដើម​ទុន​ធំ​រហូត​៧៥​ភាគរយ។

និយាយ​ពី​លោក​ឧកញ៉ា មេន កានី រូប​នេះ លោក ឆាយ វីរៈយុទ្ធ ឲ្យ​ដឹង​ថា ដើម​ឡើយ​លោក​ឧកញ៉ា គឺ​ជា​អ្នក​គាំទ្រ​លោក​ស្មោះ​ស្ម័គ្រ​មួយ​រូប។ ជាក់​ស្ដែង​ឧកញ៉ា ក៏​ទើប​នឹង​ចំណាយ​លុយ​ទាំង​ស្រុង​ធ្វើ​បទ​ចម្រៀង​ឲ្យ​លោក​មួយ​បទ​មាន​ចំណង​ជើង​ថា "រំលឹក​រឿង​ចាស់​ចង់​តែ​យំ" ដែល​ទើប​នឹង​ចេញ​សប្ដាហ៍​មុន។

ឆ្លង​តាម​ភាព​ជិត​ស្និទ្ធ​នេះ ផ្សំ​នឹង​លោក​ចង់​រក​ស៊ី​ផ្នែក​នេះ ដូច​ដែល​បាន​បង្ហើប​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ផ្សំ​នឹង​ការ​បង្ហាញ​ផ្លូវ​ពី​ឧកញ៉ា​ផង លោក​ក៏​ហក់​ចូល​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​តែ​ម្ដង។ តារា​ចម្រៀង​សាន់ដេ បង្ហើប​ថា តាំង​ពី​អាជីវកម្ម​ទី​១ ទី​២ រហូត​ដល់​ទី​៣​នេះ​មក គឺ​លោក​ចាប់​ដៃ​ជាមួយ​ឧកញ៉ា​រូប​នេះ​ជា​និច្ច ហើយ​ក៏​ទទួល​បាន​ផ្លែ​ផ្កា​រហូត​មក។ ដូច្នេះ​ហើយ ទើប​វិនិយោគ​រួម​គ្នា​ជា​ថ្មី​នា​ពេល​នេះ។

រូបថត៖ សហការី

វិល​មក​ឧកញ៉ា មេន កានី បញ្ជាក់​ថា លោក​ពិត​ជា​ជឿជាក់​ចំពោះ​ការ​វិនិយោគ​រួម​គ្នា​ជា​ថ្មី​ជាមួយ​លោក ឆាយ វីរៈយុទ្ធ ហើយ​ថា តាម​សមិទ្ធផល​រួម​គ្នា​កន្លង​មក លោក​នៅ​តែ​មាន​សុទិដ្ឋនិយម​ថា គម្រោង​ខាង​លើ​របស់​លោក នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ ព្រោះ​ម្យ៉ាង Style Mini Villa GM Residence Baseth ស្ថិត​នៅ​លើ​ទីតាំង​ល្អ ហើយ​ស្រេច​ទៅ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម