• 2020-02-05 04:21:00
  • ព័ត៌មាន

ឡូយ​បាត់ មាន​ដំណឹង​ថា ស្រី​ស្អាត​អតីត​គ្រូ​បង្រៀន ឆាយ នីតា ត្រូវ​ផលិតករ​ចិន​រើស​ធ្វើ​ជា​តួឯក

  • 2020-02-05 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​សម្រេច​បាន​ការងារ​សិល្បៈ​មួយ​ចំនួន​ពី​ឆ្នាំ​ចាស់ មក​ដល់​ឆ្នាំ​ថ្មី​នេះ មាន​ដំណឹង​ថា ស្រី​ស្អាត ឆាយ នីតា ដែល​ជា​អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ចាប់​បាន​ឱកាស​ថ្មី​ទៀត ដោយ​ត្រូវ​ផលិតករ​ចិន​រើស​ជា​តួឯក​ក្នុង​ភាពយន្ត​របស់​គេ។

នេះ​ជា​សមិទ្ធផល​ការងារ​សិល្បៈ​មួយ​ទៀត បន្ទាប់​ពី នីតា ឆក់​បាន​តំណែង​តួឯក​ក្នុង​រឿង "កុំ​ងាក​ក្រោយ" របស់​ផលិតកម្ម Galaxy Navatraនិង​ការងារ​សិល្បៈ​មួយ​ចំនួន​ទៀត​កាល​ពី​ឆ្នាំ​ចាស់។ តាម​ប្រភព​មួយ​បង្ហើប​ថា ខ្សែ​ភាពយន្ត​នោះ មាន​ចំណង​ជើង​ថា "អង្គរក្ស​ពិសេស" វគ្គ​ពីរ ដែល​ផលិត​ដោយ​ក្រុម​ផលិត​របស់​ចិន​មួយ ហើយ នីតា ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​តួឯក​ស្រី​ក្នុង​រឿង​នេះ។

បែប​នេះ​ក្ដី គេ​មិន​បាន​ដឹង​ថា មាន​ហេតុផល​អ្វី​ដែល ស្រី​ស្អាត អាច​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ក្នុង​ខ្សែ​ភាពយន្ត​ផលិត​ដោយ​ភាគី​ចិន​នេះ​ឡើយ។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន ឆាយ នីតា បាន​ទទួល​ស្គាល់ ថា​ជា​ការ​ពិត ដែល​ថា​ត្រូវ​បាន​ផលិតករ​ចិន​ជ្រើសរើស​ធ្វើ​ជា​តួឯក។ ប៉ុន្តែ​ស្រី​ស្អាត​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​ថ្មី​ដែល​នាង​ទទួល​បាន​ក្នុង​ដើម​ឆ្នាំ​ថ្មី​នេះ​ទេ ពោល​គឺ​ជា​ការងារ​របស់​នាង​ក្នុង​ឆ្នាំ​ចាស់​ដែរ។

តារា​ស្រី​វ័យ ២៤​ឆ្នាំ ប្រាប់​បន្ត​ថា នាង​បាន​ទទួល​ថត​ភាពយន្ត​ខាង​លើ តាំង​ពី​ឆ្នាំ ២០១៩ ដោយ​ក្នុង​ខ្សែ​ភាពយន្ត​នេះ តួ​អង្គ និង​ក្រុម​ផលិត​សុទ្ធ​ជា​ជនជាតិ​ចិន ពោល​គឺ​មាន​តែ​នាង តួ​ប្រុស​២ ៣នាក់​ប៉ុណ្ណោះ​ដែល​ជា​ជនជាតិ​ខ្មែរ។ ដូច្នេះ​ហើយ ធ្វើ​ឲ្យ​ពួក​នាង​មាន​ការ​លំបាក​ខ្លះ​ៗ ចំពោះ​ការងារ​នេះ ដោយ​សារ​បញ្ហា​ភាសា។ ដូច្នេះ​ហើយ​ការ​ទំនាក់ទំនង​ផ្សេង​ៗ ត្រូវ​ឆ្លង​កាត់​អ្នក​បក​ប្រែ។

យ៉ាង​ណា​នាង​ថា នាង​មោទកភាព​ចំពោះ​ការងារ​នេះ ព្រោះ​ថា នាង​ទើប​តែ​ចូល​សិល្បៈ តែ​សម្រេច​បាន​ការងារ​ធំ​ដុំ​មួយ​ចំនួន។ ពិសេស​គឺ​ការ​សម្ដែង​ជាមួយ​ក្រុម​ផលិត​អន្តរជាតិ​បែប​នេះ ដែល​មិន​មែន​រាល់​សិល្បការិនី​សុទ្ធ​តែ​អាច​ទទួល​បាន​ឱកាស​បែប​នេះ​នោះ​ឡើយ។ នីតា ប្រាប់​ថា មក​ទល់​បច្ចុប្បន្ន​រឿង "អង្គរក្ស​ពិសេស" វគ្គ​២ បាន​ថត​បញ្ចប់​រួច​រាល់​អស់​ហើយ​ដែរ ដោយ​នៅ​ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។

ជុំវិញ​ការ​ដាក់​បញ្ចាំង​តួឯក​ស្រី​រឿង "កុំ​ងាក​ក្រោយ" ប្រាប់​ថា រឿង​ខាង​លើ​នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ​នាង​មិន​ដឹង​ថា ពេល​នេះ រឿង​របស់​នាង​ខាង​លើ ត្រូវ​បាន​ដាក់​បញ្ចាំង​រួច​ហើយ ឬ​ក៏​នៅ​នោះ​ទេ ព្រោះ​ការងារ​របស់​នាង គឺ​ចប់​ហើយ គឺ​គ្រាន់​តែ​សម្ដែង​ប៉ុណ្ណោះ ដោយ​ឡែក​លើ​ការ​ដាក់​បញ្ចាំង​ជា​រឿង​របស់​ម្ចាស់​ផលិត​នៃ​រឿង​ប៉ុណ្ណោះ។

ក្រៅ​ពី​នេះ ឆាយ នីតា ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា នាង​ក៏​មិន​ប្រាកដ​ចិត្ត​ដូច​គ្នា​ថា រឿង "អង្គរក្ស​ពិសេស" ដែល​នាង​សម្ដែង​ជា​តួឯក​នេះ នឹង​ត្រូវ​ផលិតករ​យក​មក​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់