• 2020-02-11 08:34:24
  • ព័ត៌មាន

មាន​ហេតុផល​១ តារា​ជើង​ចាស់ ខំ​បិច​ចំណូល​ពី​ការ​ទូល​លក់​នំ​តាម​ថ្នល់​កាត់​យប់​អធ្រាត្រ ផលិត​បទ​ចម្រៀង​​ផ្ទាល់​ខ្លួន

  • 2020-02-11 08:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី គង់ ប៊ុន​សុន ហៅ​ម៉ែ​ស៊ុន តារា​ជើង​ចាស់​ម្នាក់ ទោះ​បី​ជា​មាន​ជីវភាព​ក្រីក្រ​លំបាក​ក្ដី ក៍​អ្នក​ស្រី​មិន​បោះ​បង់​សិល្បៈ​ឡើយ ជា​រឿយៗ​អ្នក​ស្រី​តែង​តែ​ឆ្លៀត​ថត​ភាពយន្ត ខារ៉ាអូខេ ជា​ដើម​ឲ្យ​តែ​មាន​គេ​​ហៅ​ថត អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ បើ​ទោះបី​ជា​វ័យ​ចំណាស់​ហើយ​ក្ដី អ្នក​ស្រី​បាន​ថែម​ទាំង ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង ហើយ​ប្រាក់​​​​យក​មក​ផលិត​បទ​ចម្រៀង​នោះ គឺ​ខ្លួន​បាន​សន្សំ​ពី​ការ​ទូល​នំ​លក់ កាត់​យប់​កាត់​អធ្រាត្រ តែ​ម្ដង។

មូលហេតុ​ដែល​នាំ​ឲ្យ អ្នក​ស្រី ខំ​សន្សំ​ប្រាក់​យក​មក​ផលិត​បទ​ចម្រៀង ច្រៀង​ដោយ​ខ្លួន​ឯង​និពន្ធ​ដោយ​ខ្លួន​ឯង គឺ​ចង់​ឲ្យ​ទស្សនិកជន​ស្គាល់ មាន​ផលិតករ​ហៅ​ថត នឹង​១​ទៀត គឺ​ដើម្បី​ទុក​ជា​អនុស្សាវរីយ។ ក្នុង​១​បទ អ្នក​ស្រី ផលិត​អស់​ត្រឹម​តែ​២៥ ដុល្លារ ប៉ុណ្ណោះ ខណៈ​ដែល​តម្លៃ​ទូទៅ ខាង​ស្ទីឌីយោ គេ​យក​៥០ ដុល្លារ​ក្នុង​១​បទ​ឯណោះ។ "២៥ ដុល្លារ​នឹង​គេ​ថត បទ​ភ្លេង វីដូអូ ជួយ​បង្ហោះ​ឲ្យ​យើង​១​ចប់ គេ​យក​អ្នក​ផ្សេង ៥០ អី​ណោះ​​១​បទ តែ​សម្រាប់​ខ្ញុំ គាត់​យក​តែ​១៥ ទេ ប៉ុន្តែ​ខ្ញុំ​ជូន​​គាត់​២៥ ទៅ ព្រោះ​គាត់​​ខំ​ជួយ​​ខ្ញុំ" អ្នក​ស្រី គង់ ប៊ុន​សុន ថ្លែង។

ចាប់​តាំង​ពី​អ្នក​ស្រី​ចូល​​សិល្បៈ​ពី​ឆ្នាំ​២០១៤ មក អ្នក​ស្រី គង់ ប៊ុន​សុន ហៅ​ម៉ែ​ សុន ខំ​សន្សំ ប្រាក់​ផលិត​បទ​ចម្រៀង ខ្លួនឯង​មាន​៥​ទៅ​៦​បទ​​មក​ហើយ ដោយ​បទ​ចម្រៀង​ទាំង​អស់​នោះ គឺ​ជា​ការ​តែ​និពន្ធ​ដោយ​ខ្លួន​អ្នកស្រី​ផ្ទាល់​តែ​ម្ដង។

អ្នក​ស្រី គង់ ប៊ុនសុន បាន​ថ្លែង​​ទាំង​សំដី​​មួយៗ​ថា ជិត​១ឆ្នាំ​មក​ហើយ ទីផ្សារ​សិល្បៈ​របស់​អ្នក​ស្រី​ធ្លាក់​ចុះ​ជា​ខ្លាំង គឺ​អត់​មាន​ផលិតកម្ម​​ណា​ហៅ​ថត​ឡើយ ហេតុ​នេះ​ហើយ ទើប​អ្នក​ស្រី​ត្រូវ​តែ​ឆ្លៀត​ដើរ​លក់​នំ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ក៏​ដូច​ជា ​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នក​ស្រី​បាន​លើក នំ​ថង់​ងួន នំ​បាតដៃ នំខ្ញី ជា​ដើម ពី​អ្នក​បោះ​ដុំ​ឯ​ខេត្ត​កំពត ដោយ​ក្នុង​១​ថង់ ចំណេញ​បាន​​ខ្ទង់​៧​០០​រៀល ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ព្រឹក រហូត​ម៉ោង​១២​យប់ អ្នក​ស្រី​ថា អាច​លក់​បាន​​២០ទៅ ៣០ កញ្ចប់​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ ផាត់​ប្រាក់​ថ្លៃ​ថង់ និង ម៉ូតូ​ឌុប សល់​ជាង​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ "ខែ​នេះ​ជំពាក់​ថ្លៃ​ផ្ទះ​គេ​៣០​ដុល្លារ ខែ​មុខ​ជំពាក់​គេ​៣០​ដែរ នំ​នៅ​តែ​ជាង​១០​កញ្ចប់​ទេ ដាច់​ដើម​ហើយ ម្សិល​មិញ​​អត់​បាន​ទៅ​លក់​ទេ​ក្មួយ​អើយ ព្រឹម​មិញ​កូន​ផ្ញើ​ឲ្យ​២០ ដុល្លារ ធ្វើ​ដើម​បន្ត ចេះ​តែ​ខំ​ទៅ "។ អ្នក​ស្រី​​​និយាយ​ទាំង​សំដី​មួយៗ​មក​កាន់ Sabay។

អ្នក​ស្រី គង់ ប៊ុន​សុន ប្រកប​របរ​លក់​នំ​នេះ​​ជាង​១ឆ្នាំ​មក​ហើយ ដោយ​លក់​នៅ​លើ​ផ្លូវ​២៧១ ក្រោយ​ធនាគារ​ANZ ។ ចំណែក​ថ្លៃ​ផ្ទះ​ជួល ស្ត្រី​មេម៉ាយ​កូន​៣​វ័យ ៦៥​រូប​នេះ ជួល​គេ​១​ខែ​៩០ ដុល្លារ រស់​នៅ​តែ​ម្នាក់​ឯង កូន​ៗ​មាន​គ្រួសារ​ទៅ​រស់​នៅ​ជុំ​គ្រួសារ​គេ​រៀង​ៗ​ខ្លួន។ ងាក​មក​​ការ​ថត​ភាព​យន្ត​វិញ តម្លៃ​ខ្លួន​អ្នក​ស្រី មិន​បាន​ថ្លៃ​ឡើយ ក្នុង​១​ថ្ងៃ​ទទួល​បាន​ត្រឹម​តែ​១៥ ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​វិស័យ​ភាពយន្ត​តារា​ជើង​ចាស់​មាន​កំណើត​មក​ពី​ខេត្ត តាកែវ រូប​នេះ បាន​ថត​មិន​ក្រោម​៣០​ទៅ ៤០​រឿង​ឡើយ ចំណែក​វីដេអូ​ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម ក៏​អ្នក​ស្រី​ថត បាន​ជា​ច្រើន​ផង​ដែរ។

ទោះបី​ជា​ចំណូល​មិន​បាន​ប្រសើរ ពី​ការងារ​សិល្បៈ​ក្ដី អ្នក​ស្រី គង់ ប៊ុនសុន នៅ​តែ​មិន រាថយ​លើ​​អាជីព​នេះ​ឡើយ បច្ចុប្បន្ន​ទទឹង​ចាំ​តែ​​គេ​ហៅ​ថត គឺ​សប្បាយ​ចិត្ត​ណាស់ ត្បិត​អី​វា គឺ​ជា​ការ​ស្រលាញ់។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ជួយ​ឧបត្ថម្ភ ឬ​ក៏​ផលិតកម្ម​ណា​មាន​បំណង​ហៅ​អ្នក​ស្រី ប៊ុនសុន ថត អាច​ទាក់​ទង​លេខ​ទូរសព្ទ 098 444 858 ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់