• 2020-02-17 02:17:19
  • ព័ត៌មាន

យ៉ាង​ម៉េច​ទៅ​វិញ អូន ហ្វា ឆ្លើយ​ហី​ថា នាយ ចឺម មិន​មែន​សង្សារ​ខ្លួន​ទេ!

  • 2020-02-17 02:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា គៀត បេឡា ហៅ អូន ហ្វា ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​អំពី​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​តារា​ចម្រៀង​សាន់ដេ គឺ​នាយ ចឺម ប៉ុន្តែ​​ក្រោយ​ពី​នាយ ចឺម មាន​រឿង​រ៉ាវ​នៅ​ខេត្ត​ប៉ៃលិន​មក ឥឡូវ នាង​ស្រាប់​តែ​ថា ពួក​នាង​មិន​មែន​ជា​គូស្នេហ៍​នឹង​គ្នា​នោះ​ទេ។

អូន ហ្វា ដែល​មាន​សាច់​ស​ខ្ចី បាន​ឆ្លើយ​បែប​នេះ នៅ​ក្នុង​ជំនួប​នៅ​ពីធី​សម្ពោធ​ហាង​មួយ​កាល​ពី​សប្ដាហ៍​មុន។ ដំបូង​ឡើយ ស្រី​ស្អាត​បាន​ឆ្លើយ​តប​នឹង​សារព័ត៌មាន​អំពី​ទំនាក់ទំនង​ជាមួយ​តារា​ចម្រៀង​សាន់ដេ ថា​ពួក​នាង​នៅ​មាន​ទំនាក់ទំនង​នឹង​គ្នា​ធម្មតា។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​តើ ទំនាក់ទំនង​គ្នា​ធម្មតា​នេះ ក្នុង​នាម​ជា​មិត្តភ័ក្ដិ ឬ​ជា​សង្សារ? ស្រាប់​តែ​ស្រី​ស្អាត ផ្ទុះ​សំណើច។

“សង្សារ...!អត់​ទេ ខ្ញុំ​មិន​មែន​សង្សារ​គាត់​ទេ(សើច)!"។ ចម្លើយ​នេះ ហាក់​បញ្ច្រាស​ពី​ព័ត៌មាន កន្លង​មក​ដែល​បាន​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម​របស់​អ្នក​ទាំងពីរ ស្រប​ពេល​ដែល​សារព័ត៌មាន​បាន​ចុះផ្សាយ​ជា​​ហូរហែ​មក​ហើយ។ ចំណុច​ជាក់​ស្ដែង​មួយ​ទៀត អូន ហ្វា ក៏​បាន​រំលេច​វត្តមាន​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ដែល​នាយ ចឺម សាងសង់​ឲ្យ​ម្ដាយ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ខែ​មុន​ដែរ។

វត្តមាន​របស់ បេឡា នា​គ្រា​នោះ គេ​មើល​ឃើញ​ថា មិន​ត្រឹម​នាម​ជា​ភ្ញៀវ​កិត្តិយស​ធម្មតា​ៗ​នោះ​ទេ ពោល​គឺ​នាង​ជា​ភ្ញៀវ​ពិសេស​ម្នាក់​របស់​ម្ចាស់​កម្មវិធី គឺ​នាយ ចឺម។ តារា​ស្រី ត្រូវ​បាន​គេ​ឃើញ​ឈរ​ទទួល​ភ្ញៀវ​ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្រុស ក្នុង​សភាព​ដូច​ជា​គ្រួសារ​តែ​មួយ​អីចឹង​ដែរ។ សំខាន់​ជាង​នេះ​ទៀត ក៏​ស្រាប់​តែ​មាន​ព័ត៌មាន​ថា ពួក​គេ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​រួច​ហើយ រង់​ចាំ​តែ​ថ្ងៃ​ចូល​រោងការ​តែ​ប៉ុណ្ណោះ។

បែប​នេះ​ក្ដី នៅ​ក្នុង​ឱកាស​នោះ នាយ ចឺម ហាក់​ឆ្លើយ​រដិបរដុប​នៅ​ពេល​សួរ​ពី​រឿង​រៀបការ​ជាមួយ អូនហ្វា ដោយ​នាយ បាន​លើក​ឡើង​ថា មិន​ទាន់​ដឹង​ទេ ហើយ​រឿង​ភ្ជាប់​ពាក្យ​អី​ក៏​លោក​អត់​ដឹង​ដែរ។ លោក​ថា ពិបាក​ស្មាន​រឿង​ទៅ​ថ្ងៃ​មុខ...ដូច្នេះ​លោក​មិន​ហ៊ាន​និយាយ​មុន​ទេ។ វិល​មក​ភាគី​ខាង​ស្រី​វិញ នៅ​ក្នុង​ជំនួប​ថ្មី​ៗ​នេះ​វិញ ក៏​មិន​អធិប្បាយ​ឲ្យ​ច្បាស់​លើ​ទំនាក់ទំនង​ពួក​នាង​ដែរ។

នាង បើ​ទោះ​សារព័ត៌មាន​យ៉ាង​ម៉េច​ក៏​ដោយ នាង​ស្នើ​ប្រិយមិត្ត​កុំ​ទាន់​ជឿ ដោយ​អូន ហ្វា បាន​ថ្លែង​ទាំង​សំណើច​ទៀត​ថា "សង្សារ​អី បង​ឯង​កុំ​ជឿ​ព័ត៌មាន​ពេក!”។ នាង​ឆ្លើយ​ខ្លី​ប៉ុណ្ណេះ ក៏​បាន​លា​ចេញ​ទៅ ដោយ​សំអាង​ថា នាង​ជាប់​រវល់។ នាង​ថា ជួប​គ្នា​លើក​ក្រោយ​ទៀត​នាង​នឹង​ផ្ដល់​បទ​សម្ភាសន៍​សារ​ជា​ថ្មី។

បើ​ទោះ​ជា​សាមី​ខ្លួន​ខាង​ស្រី​និយាយ​ដូច្នេះ​ក្ដី ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ស្នេហា​របស់​អ្នក​សិល្បៈ​មុន​ៗ ហាក់​មិន​ខុស​គ្នា​នោះ​ទេ ពោល​គឺ បើ​ទោះ​ពួក​គេ​ស្និទ្ធស្នាល​គ្នា​កម្រិត​ណា​ក៏​ដោយ ពួក​គេ​កម្រ​នឹង​ហ៊ាន​និយាយ​បើក​ចំហ​អំពី​ករណី​នេះ ជា​សាធារណៈ​ណាស់ មុន​ពេល​អ្វី​ៗ​បាន​ឈាន​ដល់​ដំណាក់​កាល​ទុំ​ជោរ​ណាស់​ទៅ​ហើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់