• 2020-03-10 02:32:48
  • ព័ត៌មាន

ម្ដង​នេះ ពែកមី បញ្ជាក់​ច្បាស់ៗ​ អំពី​រឿង​ចង់​ក្លាយ​ជាង​ឧកញ៉ា​ ឬ​អត់!

  • 2020-03-10 02:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង នាយ​ពែក​មី ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ក្រៅ​ពី​ការងារ​សិល្បៈ​តារា​កំប្លែង​រូប​នេះ បាន​សម្រុក​បង្កើត​មុខរបរ​ជា​ច្រើន​​ដោយ​មុខ​របរ​ខ្លះ​នាយ​បាន​ចូល​ហ៊ុន​ជា​មួយ​ឧកញ៉ា​ល្បី​ឈ្មោះ​មាន​ឥទ្ធិពល​ជា​ច្រើន​រូប​​ថែម​ទៀត​ផង ដែល​ទាំង​នេះ នាំ​ឲ្យ​មាន​ការ​ទស្សន៍ទាយ​ថា នាយ​អាច​នឹង​ប្រាថ្នា​ងារ "ឧកញ៉ា" ដូច​ឧកញ៉ា​ប៉ុន្មាន​នាក់​ដែល​ទើប​ទទួល​បាន​ព្រះរាជក្រឹត្យ​ផ្ដល់​ងារ​នេះ​មិន​ខាន។

បែបនេះ​ក្ដី នាយ​បាន​ថ្លែង​ថា ទោះបី​ជា នាយ​រក​ស៊ី​មាន​ទ្រព្យ​ច្រើន ស្គាល់​ឧកញ៉ា​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ក្ដី ទៅ​ថ្ងៃ​អនាគត​លោក​​​អត់​​ចង់​ក្លាយ​ជា ឧកញ៉ា​ឡើយ សុខ​ចិត្ត​ធ្វើ​ជា តារា​កំប្លែង​ធម្មតាៗ​ដូច​បច្ចុប្បន្ន​។

តារា​កំប្លែង​​មាន​ប្រវត្តិ​ជា​កម្មករ​សំណង់​មក​ពី​ខេត្ត ស្វាយរៀង​រូប​នេះ បាន​ថ្លែង​ថា រាល់​ថ្ងៃ​​លោក បាន​មាន​មុខរបរ​ច្រើន​គូ​សម​បន្ទាប់​ពី​ការងារ​សិល្បៈ ដែល​មុខ​របរ​ទាំង​នោះ ទើប​​តែ​ប្រលូក​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ទេ។ ជំនួញ​ដី​ធ្លី និង​សង់​ផ្ទះ​ល្វែង គឺ​ជា​មុខជំនាញ​ដែល​លោក ​ទើប​តែ​បោះជំហាន​ចូល ក្នុង​នោះ​​មាន​ហ៊ុន​ជា​ច្រើន មាន​ទាំង​ឧកញ៉ា​ថែម​ទៀត​​​ផង តែ​សូម​មិន​បញ្ចេញ​ឈ្មោះ។

គិត​មក​ដល់​បច្ចុប្បន្ន​ជំនួញ​​លើ​អចលនទ្រព្យ​នេះ លោក​បាន​ធ្វើ​ការ​វិនិយោគ​បាន​២ទី​តាំង​​ហើយ មាន​ត្បូង​​ឃ្មុំ និង​បាត់​ដំបង ដែល​មាន​ផ្ទះ​សរុប ជិត​៤០០​ល្វែង ព្រម​​ទាំង​មាន​ដីឡូតិ៍ ជា​ច្រើន​ឡូតិ៍​ទៀត។ បន្ថែម​លើ​នេះ ពែកមី កាល​ថ្មីៗ​នេះ​ទើប​តែ​បាន​​បន្ថែម​មុខ​របរ​ថ្មី​១​ទៀត ជា​មួយ​ឧកញ៉ា​​ល្បី​ឈ្មោះ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា លើ​ការ​​លក់​ផ្ដាច់​មុខ ផលិតផល​​ស្រាបៀ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ដោយ​ប្រើ​ដើម​ទុន មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ។

ជុំ​វិញ​ជំនួញ​ទាំង​នោះ ពែកមី មិន​​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ទុន​សរុប​មាន​ទាំង​អស់​ប៉ុន្មាន​ឡើយ គ្រាន់​តែ​លោក​ថា រក​បាន​ចេះ​តែ​ពង្រីក​ថែមៗ បើ​ឲ្យ​ដឹង​ថា ក្នុង​ខ្លួន​មាន​ប្រាក់​ប៉ុន្មាន​នោះ គឺ​មិន​អាច​កំណត់​បាន​ឡើយ។ "ដំបូង​ខ្ញុំ​គ្រាន់​តែ​តារា​​កំប្លែង​ទេ បន្ទាប់​មក​ខ្ញុំ​​ច្រៀង​នៅ​ថោន ឈាន​ពី​ច្រៀង ខ្ញុំ​សម្ដែង​​ភាពយន្ត ហើយ​ឈាន​ដល់ ការ​​និពន្ធ​ផលិត​រឿង​ដោយ​ខ្លួន​ឯង ឃើញ​គេ​​រក​ដី​រក​​ផ្ទះ​​មាន​ឧកាស​ច្រើន ខ្ញុំ​ក៏​ចាប់​វា​១​ថែម​ទៀត ចេះ​តែ​ខំៗ​ទៅ​ទាន់​យើង​នៅ​​អាច​ប្រឹង​បាន ហើយ​បើ​ថា ឲ្យ​មាន​លុយ​ប៉ុន្មាន​ក្នុង​ខ្លួន អត់​ដឹង​ទេ "។ ពែកមី​​​បញ្ជាក់​​បន្ថែម។

ពែកមី បាន​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បង្កើន​មុខ​របរ​បន្ថែម​ជា​ច្រើន មុខ​លើ​ការងារ​សិល្បៈ​បែប​នេះ ក៏​ព្រោះ​តែ លោក​មិន​​​ចង់​ក្រ បារម្ភ​ថ្ងៃ​ក្រោយ​សម្ដែង​សិល្បៈ​មិន​កើត បាន​មុខ​របរ​​ទាំង​នេះ​ហើយ​ចាស់​ទៅ​រស់​នៅ​ស្រួល។ ជា​មួយ​នឹង ភាព​ជោគជ័យ​នេះ​បាន នាយ ប្រកាន់​​ភ្ជាប់​នៅ​ជំហរ​ខ្លួន​ឯង​មួយ ជា​និច្ច គឺ​ដាច់​ខាត​​មិន​​យក​ល្បែង​ដាក់​ខ្លួន ខំ​តែ​រក ជឿជាក់​លើ​ខ្លួន​ឯង គឺ​ច្បាស់​ជា​ជោគជ័យ។

ដូច​បាន​លើក​ឡើង​ខាង​លើ នាយ​ថ្លែង​ទាំង​សំណើច​ថា ប្រសិន​ថ្ងៃ​ខាង​មុខ ខ្លួន​រក​ស៊ី​កាន់​តែ​មាន​ទៅ​ៗ ជួយ​សង្គម​បាន​ច្រើន ស្គាល់​ឧកញ៉ា​ៗ សេដ្ឋី​​ៗ​ច្រើន ក៏​លោក​មិន​ចង់​ក្លាយ​ជា ឧកញ៉ា​ឡើយ គឺ​ចង់​​នៅ​ត្រឹម​តែ​ជា​តារា​កំប្លែង​ធម្មតា​ងាយ​ស្រួល ផឹកស៊ី ជួបជុំ​បង​ប្អូន​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​ដើម៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់