• 2020-03-12 02:40:45
  • ព័ត៌មាន

ល្បី​លើក​អាល់ទែ​យក​សាច់​ដុំ​ធ្វើ​ឲ្យ​ស្វិត "លិង្គ" ឥឡូវ ជា លាងឈែ បក​ស្រាយ​ការ​ពិតហើយ​!

  • 2020-03-12 02:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​យូរ​មក​ហើយ មាន​ចចាមអារ៉ាម​ថា ការ​ហាត់​បង្កើន​សាច់​ដុំ​ដោយ​ការ​លើក​អាល់ទែ ធ្វើ​ឲ្យ​បុរស​ៗ​ជួប​បញ្ហា​ស្វិត​ប្រដាប់​ភេទ ដែល​បញ្ហា​នេះ ហាក់​មិន​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ថា ជា​ការ​ពិត​ឬ​អត់។ ឥឡូវ​នេះ លោក ជា លាងឈែ ជា​តារា​សម្ដែង និង​ក៏​ជា​អ្នក​លើក​អាល់ទែ​យក​សាច់​ដុំ​ម្នាក់​ដែរ​នោះ បាន​ចេញ​មក​បញ្ជាក់​ការ​ពិត។

តាម​តារា​កូន​កាត់​ចិន​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​លឺ​ចចាមអារ៉ាម​នេះ​ជា​ហូរហែ​មក​ដែរ​ថា "ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​ដោយ​ការ​លើក​អាល់ទែ ធ្វើ​ឲ្យ​ស្វិត​លិង្គ" នេះ។ ជុំវិញ​បញ្ហា​នេះ លាង​ឈែ ប្រាប់​ថា តាម​ចំណេះ​ដឹង​របស់​លោក​ក្នុង​នាម​ជា​អ្នក​លើក​អាល់ទែ​ម្នាក់ បញ្ហា​នេះ គឺ​មាន​ទាំង​ការ​ពិត និង​ក៏​មាន​រឿង​មិន​ពិត​ក្នុង​នេះដែរ។

ការ​ពិត លោក​ថា ការ​ហាត់​ប្រាណ​របៀប​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​នោះ​មែន។ ដោយ​ឡែក​រឿង​មិន​ពិត​វិញ គឺ​ថា បញ្ហា​នេះ មិន​កើត​ជា​ទូទៅ​លើ​រាល់​អ្នក​ហាត់​ប្រាណ​យក​សាច់​ដុំ​ដោយ​លើក​អាល់ទែ​ទាំង​អស់​គ្នា​នោះ​ទេ។ "វា​អីចឹង​មែន​បង ប៉ុន្តែ​វា​មិន​ទាំង​អស់​ទេ គឺ​វា​ប៉ះពាល់​បែប​នេះ តែ​សម្រាប់​អ្នក​ហាត់​កាយ​វប្បកម្ម​សម្រាប់​ការ​ប្រកួត​ប៉ុណ្ណោះ!"។

តួឯក​ប្រុស​ក្នុង​រឿង "ទាសករ​លុយ" ពន្យល់​ថា សម្រាប់​អ្នក​ហាត់​អាជីព​ដែល​មុន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ណា​មួយ គឺ​ពួក​គេ​ត្រូវ​ប្រឹង​សម្ងួត​ជាតិ​ទឹក ជាតិ​ខ្លាញ់ ពី​ក្នុង​រាង​កាយ តាម​វិធី​ដែល​មាន​ក្នុង​ក្បួន ក្នុង​នោះ​មាន​ដូច​ជា ព្យាយាម​ញុំា​ទឹក​តិច​បំផុត ព្រម​ជាមួយ​របប​អាហារ​ពិសេស​ទៀត។ អាហារ​ពិសេស​របស់​អ្នក​លើកអាល់ទែ​មុន​ចេញ​ទៅ​ប្រកួត គឺ​ពួក​គេ​ញុំា​តែ​សាច់​ទ្រូង​មាន់។

សាច់​នេះ​ទៀត​សោត គឺ​មិន​ប្រឡាក់​គ្រឿង ហើយ​ក៏​មិន​ចំអិន​ដោយ​ការ​ចៀន អាំង អី​ដែរ​គឺ គេ​យក​វា​ទៅ​ស្ទីម។ ក្រៅ​ពីនេះ ​ព្យាយាម​កាត់​បន្ថយ​បាយ ជាតិ​ស្ករ និង​រាល់​អាហារ​ដែល​មាន​ជាតិ​កាបូ​ហៃឌ្រែត​ខ្ពស់។ ធ្វើ​ដូច្នេះ​ដើម្បី​សម្ងួត​ជាតិ​ទឹក និង​ខ្លាញ់​ពី​រាង​កាយ ឲ្យ​មើល​ទៅ​ឃើញ​សរសៃ​ផុស​មក​។ បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រដាក់​ភេទ ត្រូវ​រួម​តូច​ស្វិត​ជាង​ធម្មតា ដោយ​សារ​តែ​អស់​ជាតិ​ទឹក និង​ខ្លាញ់។

ប៉ុន្តែ​ប្រុស​សង្ហា ជា លាង​ឈែ បាន​បញ្ជាក់​ទៀត​ថា នោះ​មិន​មែន​ជា​បញ្ហា​ចោទ​ចំពោះ​សុខ​ភាព​បន្ត​ពូជ ឬ​សមត្ថភាព​ប្រដាប់​ភេទ​បុរស​នោះ​ទេ ព្រោះ​អ្វី​ៗ​នឹង​វិល​មក​ប្រក្រតី​ឡើង​វិញ នៅ​ពេល​ពួក​គេ បាន​វិល​មក​ទទួល​ទាន​អាហារ​តាម​របប​ធម្មតា​វិញ​ដែរ។ ដូច្នេះ​ហើយ ការ​ហាត់​ប្រាណ​ដោយ​លើក​អាល់ទែ​បង្កើត​សាច់​ដុំ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​រួម​តូច ប៉ុន្តែ​មិន​មែន​ជា​ករណី​ទូទៅ​សម្រាប់​អ្នក​ហាត់ គ្រប់​ៗ​គ្នា​នោះ​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់