• 2020-03-16 08:56:04
  • ជីវិតតារា

អ៊ុន សិទ្ធា កំពុងលាក់រឿងស្នេហាជាមួយអាណិកជននៅញូហ្សែលែន?

  • 2020-03-16 08:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​អ្នក​សិល្បៈ​ដែល​ស្និត​ជាមួយ​តារា​សម្ដែង និង​ដើរ​ម៉ូត​ប្រុស អ៊ុន សិទ្ធា បាន​បង្ហើប​ថា សិទ្ធា នឹង​ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញូហ្សែលែននៅឆ្នាំ​ក្រោយ ប៉ុន្តែ​សាមីខ្លួន​ព្យាយាមលាក់មិន​ទាន់​ហ៊ានបញ្ចេញ​នៅឡើយ គឺ​រង់ចាំ​ដល់​ថ្ងៃ​ចែក​ធៀប​ការ​តែ​ម្ដង។

ប្រភព​ដដែល​បញ្ជាក់​ថា សិទ្ធា និង​នារី​ស្រស់​សោភា​ម្នាក់​នោះ ត្រូវ​បាន​ចាស់​ទុំ​ណែនាំ​ឲ្យ​ស្គាល់​គ្នា​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​យល់​ចិត្ដ​ថ្លើម​គ្នា​ច្រើន​ហើយ​ដែរ។ គូរ​អនាគត​របស់​សិទ្ធា គឺ​ជា​អ្នក​ជំនួញ​ដែល​ធ្លាប់​ឡើង​ចុះ​កម្ពុជា​ញឹកញាប់ដើម្បីជួបមុខគ្នា។

ប៉ុន្តែ អ៊ុន សិទ្ធា មិន​ទាន់​ចង់​បញ្ចេញ​ព័ត៌មាន​ពិត​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ខ្លួននៅឡើយ ព្រោះ​ខ្លាច​បាត់​ប្រជា​ប្រិ​យភាព ខណៈ​ដែល​លោក​កំពុង​ឡើង​កូដ​ខាង​សម្ដែង​ភាពយន្ត​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន។

ជុំវិញ​ព័ត៌មាន​លេច​ឡើង​នេះ។ Sabay បាន​ព្យាយាម​សាកសួរ តារា​សម្ដែង​សម្បុរ​ស្រអែម រាង​ខ្ពស់​ស្រឡះ អ៊ុន សិទ្ធា ផ្ទាល់​ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី១០ នៅ​សាល​មហោស្រព​ចតុម្មុខ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា។ ប៉ុន្តែ​លោក​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា " បង​អាច​ដឹង​វា​ពី​ខ្ញុំ​នៅ​ឆ្នាំ​ក្រោយ ឥឡូវ​អត់​ទាន់​ចង់​និយាយ​អី​ច្រើន​ទេ"។

តាម​រយៈ​ចម្លើយ​យ៉ាង​ខ្លី​របស់ អ៊ុន សិទ្ធា គេ​អាច​យល់​បាន​ថា តារា​សម្ដែង​រូប​នេះ​ពិត​ជា​មាន​គម្រោង​រៀបការ​នៅ​ឆ្នាំ​ក្រោយ​ពិត​មែន ខណៈ​ដែល​អ្នក​ទម្លាយ​រឿង​នេះ​បន្ថែម​ថា ចាស់​ទុំ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​អស់​ហើយ គឺ​រង់ចាំ​ឲ្យ​តែ​ខាង​ស្រី​រៀបចំ​ការងារ​រួច​រាល់​នៅ​ប្រទេស​ញូហ្សែលែន​ប៉ុណ្ណោះ នឹង​ហោះ​មក​កម្ពុជា ដើម្បី​រៀបចំ​ពិធី​មង្គលការ​តាម​ប្រពៃណី​ខ្មែរ។

លោក អ៊ុន សិទ្ធា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ដើរ​ម៉ូត សម្ដែង​រឿង និង​ធ្វើ​ជា​ពិធី​ករ​តាម​កម្មវិធី​ផ្សេង​ៗ តាំង​ពី​ឆ្នាំ​២០០៦។ កិត្តិនាម​របស់​លោក​ចាប់​ផ្ដើម​ល្បី​សុះសាយ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន បន្ទាប់​ពី​លោក​បាន​ដើរ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​រឿង"ស្បែក​គង់" ព្រម​ទាំង​រឿង​ខ្នាត​ធំ និង​រឿង​ភាគ​ដែល​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម