• 2020-03-18 03:13:00
  • ព័ត៌មាន

សេដ្ឋី​​​ខ្មែរ​-អាមេរិក​ល្បី​ឈ្មោះ បញ្ជាក់​ជំហរ បោះ​ទុន​រាប់​សិប​ម៉ឺន​ដុល្លារ​ចូល​ក្នុង​វិស័យ​ភាពយន្ត

  • 2020-03-18 03:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តឹក ង៉ូយ ដែលសាធារណជនមួយចំនួនហៅគាត់ថា "ស្តេចនំដូណាត់" សេដ្ឋី​​​ខ្មែរ​-អាមេរិក​ល្បី​ឈ្មោះ​មួយ​រូប មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​មាន​សកម្មភាព​ក្នុង​វិស័យ​ភាពយន្ត​ជា​ខ្លាំង ក្នុង​នោះ​លោក​បាន​ចំណាយ​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​ក្នុង​ការ​ថត​ភាពយន្ត ក៏​ដូច​ជា​ដើរតួ សម្ដែង​ភាពយន្ត​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

ស្តេចនំដូណាត់ ល្បី​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា មាន​ហេតុផល​៣ នាំ​ឲ្យ​លោក​ដែល​មាន​នាទី​​ជា​អ្នក​នយោបាយ ងាក​មក​ចាប់​យក វិស័យ​ភាពយន្ត​នេះ។ ទី១/ លោក​ចង់​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌ ព្រលឹង​ជាតិ ពិសេស​គឺ ក្បាច់​គុន​ល្បុក្កតោ។

ទី២/ដើម្បី​ឆ្លើយ​តប​តាម​ការ​អំពាវនាវ រដ្ឋាភិបាល​ជុំ​វិញ ក្បាច់គុន​ល្បុក្កតោ ក្នុង​ការ​​ស្នើ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។

ទី៣/ ចង់​លើ​ស្ទួយ​ពី ឧស្សាហកម្ម​ភាពយន្ត ឲ្យ​ទទួល​បាន​ភាព​ល្បី​សម័យ​សង្គម​រាស្ត្រ​និយម​ឡើង​វិញ ជា​មួយ​នឹង​ការ​ផល​ភាពយន្ត​ជា​បន្តបន្ទាប់ ជា​មួយ​នឹង​គុណ​ភាព។ លោក​ថា កាល​សម័យ​មុន ប្រទេស​កម្ពុជា​យើង មាន​មនុស្ស​ត្រឹមតែ​៧ទៅ​៨ លាន​នាក់​តែ ប៉ុន្តែ​បើ​និយាយ​ពី​កុន​ខ្មែរ គឺ​ល្បី​រន្ទឺ ដូច​ជា រឿង​ "អក​លា​ទ្រនំ" រឿង "ពស់​កេង​កង" ជា​ដើម​ប៉ុន្តែ​បើ​ងាក​មក​មើល​សម័យ​បច្ចុប្បន្ន​វិញ កម្ពុជា​​យើង​មាន​ប្រជាជន​១៦ ទី១៧ លាន​នាក់ ប៉ុន្តែ​វិស័យ​កុន ហាក់​មិន​ទាន់​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើយ។

បច្ចុប្បន្ន​ស្តេច​នំ​ដូណាត់ ដែល​ប្រជាជន​ខ្មែរ​នៅ​ស្រុក​​អាមេរិក​ស្គាល់​យ៉ាង​ច្បាស់​នេះ ទើប​តែ បាន​បោះ​ទុន​រហូត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ ក្នុង​ការ​ផលិត​ភាពយន្ត​ខ្នាត​ធំ​មួយ​មាន​ចំណង​ជើង​ថា "ព្រលឹង​ល្បុក្កតោ"។ ភាពយន្ត​មួយ​នេះ​​និពន្ធ និង​ដឹក​នាំ​រឿង​ដោយ លោក​គ្រូតា​ក្រមា​មាស "សាន គឹមស៊ាន" ជា​ប្រភេទ​​ភាពយន្ត​ខ្នាត​ធំ ដែល​ខ្លឹមសារ​សង្ខេប​​នៃ​សាច់រឿង​ទាំង​មូល​គឺ ឆ្លុះ​បញ្ចាំង​ពីរ​បៀប​ហ្វឹកហាត់​គុណ​បុរាណ និង​វិភាគ​ពី​ចរិត​មនុស្ស ដែល​មិន​អាច មើល​តែ​សំបក​ក្រៅ​នោះ​ទេ។

ការ​ផលិត​​ភាពយន្ត​នេះ​ឡើង ​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ ពី​ក្បាច់​គុន​​របស់​ខ្មែរ ដែល​បន្សល់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ ពិសេស​ ក្បាច់​ល្បុក្កតោ នេះ​តែ​ម្ដង។

តាម​ផែន​ការ "ព្រលឹងល្បុក្កតោ" នឹង​ចាក់​ជូន ទស្សនិកជនទាំងអស់​បាន​ទស្សនា ចាប់​ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​គ្នា​​នោះ​ ភាពយន្ត​មួយ​​នេះ​ក៏​គ្រោង​នឹង​យក​ទៅ​ដាក់​លើ​ទឹក​ដី​អាមេរិក​ផង​ដែរ។

លោក បាន​បន្ត​ថា លោក​មាន​ជំនាញ​ខាង​ខ្សែ​ភាពយន្ត​តិចតួច​យ៉ាង​ណា​ក្តី លោក​សូម​កោត​សរសើរ ដល់​លោក​គ្រូ គឹមស៊ាន ដែល​ពុះពារ​លើក​តម្កើង​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ។ លោក​ថា នេះ​ហើយ​ជា​ដួង​ព្រលឹង​មួយ​របស់​ជាតិ យើង ដែល​ខ្មែរ​យើង​គ្រប់គ្នា​គួរ​យក​លំនាំ​តាម ហើយ​នាំង​គ្នា​អភិរក្ស។

សម្រាប់ លោក តឹក ង៉ូយ រឿង "ព្រលឹងល្បុក្កតោ" មិនមែន​ជា ភាពយន្ត​លើក​​ដំបូង​ដែល សេដ្ឋី​ខ្មែរ​-អាមេរិក​រូប​នេះ​បាន​រួម​ចំណែក​​ផលិត​ឡើយ។ មាន​ភាពយន្ត​២​ទៀត​ដែល​លោក​បាន​ផលិត ក្នុង​នោះ​មាន រឿង"ដើម្បី​កូន" លោក​បាន​ចូល​ហ៊ុន​៨០% រឿង" ស្ដេច​នំ​ដូណាត់" ផលិតកម្ម​ល្បី​ឈ្មោះ នៅ​អាមេរិក ផលិត​ឡើង គ្រោង​ចាក់​នៅ​ហូលីហ្វូត ហើយ​ឆាប់ៗ​ខាង​មុខ​នេះ លោក គ្រោង​បោះ​ទុន​ថត​ភាពយន្ត​មួយ​​រឿង​ទៀត៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់