• 2020-03-19 03:45:00
  • ជីវិតតារា

បើមានវាសនា ឆ័យលី ដាឡែន ប្រាប់​ថា ​ចង់បាន​កូន​ម្នាក់​ទៀត!

  • 2020-03-19 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ជាតារានិយមសម្ដែងកាចឆ្នាស់ឆ្នើម មេម៉ាយ​កូន​មួយ ឆ័យលី ដាឡែន ប្រាថ្នា​ចង់​បាន​កូន​ម្នាក់​ទៀត ប្រសិន​បើ​នាង​មាន​ស្វាមី​ក្រោយ។ ប៉ុន្តែ​នាង​ថា អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ដែល​អ្នក​នាង​លែងលះ​ជាមួយ​ប្ដី មិន​ទាន់​បើក​បេះដូង​ទទួល​យក​បុរស​ណា​ម្នាក់​នៅ​ឡើយ​ទេ។

ត្បិត​ថា ឆ័យលី ដាឡែន ពេល​នេះ​មាន​វ័យ​៤០​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​រូប​សម្ផស្ស និង​សាច់​ស​ទ្រលុកទ្រលន់​របស់​នាង​នៅ​តែ​ទាក់​ភ្នែក​បុរស​ៗ​មិន​ចាញ់​តារា​ស្រី​ក្មេង​ៗ​ប៉ុន្មាន​នោះទេ។ មក​ដល់​វ័យ​នេះ ដាឡែន ហាក់​មិន​សូវរើស​រឿង​វ័យ និង​រូប​សម្បត្តិ​ទៀត​ទេ ចំពោះ​ស្វាមី​ក្រោយ ដោយ​នាង​ព្រលយ​ពាក្យ​ថា សំខាន់​ឲ្យ​តែ​បុរស​នោះ​ស្មោះ​ត្រង់នឹង​យើង មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ប៉ុន្តែ​បើ​បុរស​នោះ​មាន​វ័យ​ក្មេង​ជាង​នាង​ពេក​ក៏​មិន​ទទួលយក​ដែរ ព្រោះ​បទពិសោធន៍​ប្ដី​មុន​បានធ្វើ​ឲ្យ​នាង​ស្ទើរ​រាងចាល​ក្នុង​ជីវិត​ប្ដី-ប្រពន្ធអស់មួយជីវិត​ទៅ​ហើយ។

អ្នកនាង ឆៃលី ដាឡែន និង​ស្វាមី​ឈ្មោះ រិទ្ធី ឧត្ដម​ស៊ីដារា បាន​លែងលះ​គ្នា​កាល​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​បន្សល់​ទុក​កូន​ប្រុស​ម្នាក់ ហើយ​បច្ចុប្បន្ន​កូន​ប្រុស​ម្នាក់​នេះ​រស់នៅ​ជាមួយឪពុក។ រីឯ​នាង​រស់នៅ​ខ្លួន​មួយ​ក្នុង​ជីវិត​ឡូយ​ឆាយ​មិន​ចាញ់​ពី​ក្រមុំ​ប៉ុន្មាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​នាង​មិន​ចង់​ឲ្យ​ពេល​វេលា​កាន់​តែ​អូស​វ័យ​នាង​ទៅ​ឆ្ងាយ​ទៀត​ឡើយ។ ក្នុង​ន័យ​នេះ គឺ​នាង​ចង់​បាន​ដៃ​គូរ​ជីវិត​ថ្មី​ឆាប់​ៗ​ដែរ ដើម្បី​បង្កើត​បានកូន​មួយ​ទៀត គឺ​ប្រុស​ក៏​បាន​ស្រី​ក៏​បាន​ ដើម្បីបង្កើតបានជាគ្រួសារតូចមួយរស់នៅដោយមាន​សុភមង្គល។

នៅ​ដើម​ឆ្នាំ​២០២០ នេះ អ្នកនាង ឆៃលី ដាឡែន ដែល​និយម​ដើរតួ​កាច​ឆ្នាស់ឆ្នើម ច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ មាន​ភាព​មមាញឹក​គួរសម​ដែរ​ក្នុង​អាជីព​សិល្បៈ ពោល​គឺ​នាង​កំពុង​រវល់​នឹង​ការ​សម្ដែង​រឿង​ភាគ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ និង​រវល់​ដើរ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម