• 2020-03-30 08:11:38
  • ជីវិតតារា

អាណិត! ឃ្មឹប៖ តាំង​ពី​ព្រឹក​មក​ដល់​ថ្មើ​នេះ ខ្ញុំ​អត់​ទាន់​បាន​ហូប​​បាយ​ទេ!

  • 2020-03-30 08:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ក្រុម​នាយ​កុយ គឺ​អ្នកនាង រ៉េន ធារី ហៅ ខ្មឹប ដង្ហោយ​រក​សប្បុរសជន​ជួយ​បង់​ប្រាក់​ថ្លៃ​ព្យាបាល និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​អស់​ប្រាក់​ជិត​១លាន​រៀល។ អ្នក​នាង ចង់​ចេញ​ទៅ​សម្រាក​នៅ​បន្ទប់​ជួល​ជាមួយ​បងប្អូន​ម្ដុំ​ផ្សារ​ឈូក​មាស នៅ​ល្ងាច​ថ្ងៃ​ទី២៩ ខែ​មីនា នេះ តែ​មិន​ទាន់​មាន​លុយ​បង់​ពេទ្យ​គ្រប់។

អ្នកនាង ខ្មឹប និយាយ​ថា ក្រោយ​ពី​នាង​បាន​បញ្ចេញ​នូវ​ស្ថានភាព​ជំងឺ និង​ការ​ខ្វះខាត​លុយកាក់​ព្យាបាល​របស់​នាង ក៏​មាន​សប្បុរសជន​មួយ​ខ្លះ​ដែរ ហើយ​បាន​ជួយ​ផ្សព្វផ្សាយ​ទៀត​ផង។ ចំពោះ​ករណី​​អ្នកនាង ឃ្មឹប អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​សរសេរ​តប​ទៅ​អ្នក​នាង ឆោម ច័ន្ទណេត ដែល​បាន​ប្រកាស​ពី​ដំណឹង​របស់​ ឃ្មឹប រសៀល​នេះ​ថា សមាគម​បាន​ជួយ​ថវិកា​តារា​កម្សត់​ជា​ប្រចាំ​ថ្ងៃ...និង​ចេញ​លុយ​ថ្លៃ​ព្យាបាល​ឲ្យ​ថែម​ទៀត។

ប៉ុន្ដែតាម​អ្នក​ជំងឺ ​រហូត​មក​ដល់​រសៀល​ម៉ោង ២៖០០ នេះ​មិន​ទាន់​ឃើញ​ខាង​ណាបានមក​ជួយ​​ដោះស្រាយ​លើ​បញ្ហា​នេះ​ជូន​នាង​ឡើយ។ នាង​សុំ​ឲ្យ​សប្បុរស​ជន​ជួយ​ដល់​នាង​ក្នុង​គ្រាដ៏​លំបាក​នេះ​ផង។

ខ្មឹបថ្លែង ៖"តាំង​ពី​ព្រឹក​មក​ដល់​ថ្មើរ​នេះ​ខ្ញុំ​មិន​ទាន់​ហូប​បាយ​ផង​ទេ និយាយ​រួម​ខ្វះ​លុយ​ទិញ ហើយ​ខ្ញុំ​ត្រូវ​គិត​រឿង​អត់​លុយ​បង់​ពេទ្យ​៩៦​ម៉ឺន​រៀល​ទៀត ហើយ​៩៦​ម៉ឺន​ហ្នឹង​មិន​ទាន់​គិត​ថ្លៃ​ទិញ​ថ្នាំ​នៅ​ឡើយ​ទេ​បង"។

អ្នកនាង រ៉េន ធារី មាន​ស្រុក​កំណើត​នៅ​ខេត្ដ​បន្ទាយមានជ័យ ប៉ុន្ដែ​បច្ចុប្បន្ន​នាង​បាន​រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​បង​ប្អូន​នៅ​ម្ដុំ​ផ្សារ​ឈូក​មាស។ នាង បាន​ប្រឡូក​ក្នុង​អាជីព​កំប្លែង​ជាមួយ​ក្រុម​នាយ កុយ ហើយ​ជា​អតីត​ភរិយា​របស់​នាយ ហុងដា។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង​ធ្លាប់​ជួប​ហេតុការណ៍​ដួល​ម៉ូតូ​បាក់​ឆ្អឹង​ដៃ​ដោយសារ​ចោរ​ឆក់​កាបូប។ បញ្ហា​ឆ្អឹង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ដុនដាប​រហូត​ដល់​ធ្លាក់​ឈាម​មក​ដល់​ពេល​នេះ។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដែល​នាង​សម្រាក​ពេទ្យ នាង​ត្រូវ​ចំណាយ​លុយ​ច្រើន ហើយ​ខ្វះ​ខាត​ខ្លាំង ទើប​ក្នុង​ស្ថានភាព​ដែល​ជំងឺ​នាង​គ្រាន់​ធូរស្បើយ​បន្ដិច​នេះ នាង​ចង់​ទៅ​សម្រាក​នៅ​បន្ទប់​ជួល​វិញ ហើយ​សប្បុរសជន​អាច​ទាក់ទង​នាង​ដោយ​ផ្ទាល់​បាន​តាម​ទូរស័ព្ទ​លេខ​០៩៩ ៣៩៣២៣៦៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម