- 2020-03-31 03:00:23
- ជីវិតតារា
សិល្បករល្បីៗខ្មែរ យីអ៊ុនដាក់ក្នុងខែមីនា នេះ!
- 2020-03-31 03:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករល្បីៗខ្មែរ យីអ៊ុនដាក់ក្នុងខែមីនា នេះ!
ចន្លោះមិនឃើញ
និយាយពីរាសី ឬយីអ៊ុនឡើង និងចុះ គឺជារឿងធម្មតាសម្រាប់មនុស្សសាមញ្ញ។ ប៉ុន្តែចំពោះតារា ឬអ្នករកស៊ី មិនមែនជារឿងធម្មតាឡើយ។
ថ្ងៃនេះ Sabay សូមរំលឹកពីតារាចម្រៀងបីដួងដែលជួបរឿងឈឺក្បាល ឬយីអ៊ុនដាក់ខ្លាំង នៅក្នុងខែមីនា នេះ។
ទី១ គឺតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មី ហង្ស មាស លោក ព្រាប សុវត្ថិ ត្រូវបានអ្នកភូមិប្រមាណ៧០គ្រួសារ លើកគ្នាតវ៉ាប្រឆាំងនឹងរូបលោកដោយចោទថា លោកព្រាប សុវត្ថិ បានសង់រោងជាងឈើប៉ះពាល់ដល់ផ្លូវសាធារណៈ ចតឡានមុខផ្ទះលើផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រោទិ៍ឡានលឺរំខានដល់អ្នកជិតខាង និងបញ្ហាដើមឈើទោទៅលើផ្ទះអ្នកជិតខាងបណ្ដាលឲ្យស្លឹកជ្រុះជ្រាំផ្ទះ។
ភ្លាមៗក្រោយផ្ទុះការតវ៉ាលោក ព្រាប សុវត្ថិ និងគ្រួសារ បានចេញមុខដោះស្រាយយ៉ាងស្វាហាប់ជាមួយអ្នកភូមិ។ លោកយល់ព្រមទទួលយកកំហុសឆ្គងទាំង៤ចំណុចទៅកែប្រែ ដោយធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរខណ្ឌសែនសុខ។
ទោះជាយ៉ាងណាលោក ព្រាប សុវត្ថិ អន់ចិត្តនឹងអ្នកភូមិដែលលោកយល់ថា បញ្ហាទាំងនេះគឺជារឿងតូចតាច ហើយលោកក៏ជាមនុស្សអាចនិយាយគ្នាបានគ្រប់ពេល មិនគួរអ្នកភូមិផ្ទុះការតវ៉ាភ្លាមៗមិនប្រាប់លោកជាមុនឡើយ។ ក្រុមអ្នកភូមិក៏សុំទោសលោក ព្រាប សុវត្ថិ ចំពោះកំហុសឆ្គងនេះវិញដែរ។
ងាកមករឿងតារាចម្រៀងវ័យកណ្ដាលលោក ទិត្យ វិច្ឆិកា វិញម្ដង។ រឿងអាស្រូវជំពាក់លុយគេជុំទិសរបស់លោក ត្រូវបានលាតត្រដាងដោយម្ចាស់យានដ្ឋានជួសជុលរថយន្តម្នាក់តាមបណ្ដាញសង្គម បន្ទាប់ពីម្ចាស់យានដ្ឋានរូបនោះខឹងសម្បានឹងលោក ទិត្យ វិច្ឆិកា ជំពាក់លុយជាង១០០០ដុល្លារ មិនព្រមសង។ ក្រោយមកលោក ទិត្យ វិច្ឆិកា ក៏ព្រមចូលខ្លួនទៅដោះស្រាយ ដោយសុំសងរំលោះក្នុង១ខែ២០០ដុល្លារ។
មូលហេតុដែលជំពាក់លុយគេជុំទិស ហើយយឺតយ៉ាវក្នុងការបង្វិលសងគេវិញនេះ ត្រូវលោក ទិត្យ វិច្ឆិកា បកស្រាយថា ព្រោះតែជំនួញរបស់លោកខាតបង់ ទើបលោកត្រូវការពេលវេលាខ្លះដើម្បីដោះស្រាយសងគេបណ្ដើៗ។ ប៉ុន្ដែលោកមិនបានបញ្ជាក់ថាមុខជំនួញអ្វី ហើយទំហំ នៃការខាតបង់នោះប៉ុន្មានឲ្យប្រាកដនោះទេ។
រីឯតារាចម្រៀងរ៉េបលោក ទី ទុំ ហៅនេន ទុំ ក៏មានយីអ៊ុនដាក់ខ្លាំងណាស់ដែរនៅក្នុងខែមីនា នេះ។ លោក ទី ទុំ និងមិត្តភ័ក្ដិចំនួន៣នាក់ដែលរួមដំណើរក្នុងឡានលុចស៊ីស៣៣០ផ្ទាល់ខ្លួនរបស់លោកទៅកាន់ខេត្តព្រះសីហនុ បានជួបហេតុការណ៍បុកក្របីបណ្ដាលឲ្យឡានខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង រីឯក្របីបានងាប់ភ្លាមៗ។
អ្នកទាំងបួន រងរបួសស្រាល ដោយសារពួកគេបានពាក់ខ្សែក្រវ៉ាត់ការពារគ្រប់គ្នា ហើយរហូតមកដល់ពេលនេះមិនទាន់រកអ្នកទទួលខុសត្រូវឃើញនៅឡើយ។
បច្ចុប្បន្នតារាចម្រៀងរូបនេះ នៅឈឺក្បាលនឹងការជួសជុលឡានដើម្បីបានប្រើឡើងវិញនៅឡើយ ព្រោះរហូតមកដល់ពេលនេះគេមិនទាន់រកម្ចាស់ក្របីឲ្យចូលខ្លួនមកទទួលខុសត្រូវលើព្យសនកម្មនេះនៅឡើយ។ លោកឲ្យដឹងថា ឡាននេះលោកជួសជុលអស់ប្រមាណ៥០០០ដុល្លារ ដែលប្រាក់ថ្លៃជួសជុលនេះបានមកពីខ្ចីពូ និងមិត្តភ័ក្ដិ ព្រោះលោកមានលុយតែ៣០% នៃប្រាក់នោះប៉ុណ្ណោះ។
កាលពីខែមេសា ឆ្នាំ២០១៦ លោក ទី ទុំ ក៏ធ្លាប់ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នានេះដែរនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ កាលណោះ ទុំ បានអកស៊ើជាមួយម៉ូតូមួយគ្រឿងដែលជិះឆ្លងផ្លូវ ហើយលោកគេចជ្រុលចង្កូតទៅបុករបងសាលាតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់កាលណោះបណ្ដាលឲ្យលោកថ្លោះស្មាស្ដាំជាទម្ងន់ ហើយលោកបានព្យាបាលជាវិញដោយគ្រូបុរាណ៕