• 2020-04-01 05:27:36
  • ជីវិតតារា

ថ្មី​ៗ​នេះ​លេច​វត្តមាន តារា​ម៉ូដែល​ខ្មែរ​កាត់​ឥណ្ឌា​ម្នាក់ មាន​សម្រស់​ទាក់​ទាញ​ខ្លាំង មើល​ហើយ​មិន​ចង់​ដក​ភ្នែក

  • 2020-04-01 05:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​មាន​ការ​ប្រទះ​ឃើញ​​វត្តមាន​របស់​តារា​ម៉ូដែល​វ័យ​ក្មេង​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​ទាក់​ទាញ​ខ្លាំង ដែល​តាម​ការ​សាក​សួរ នាង​ទើប​តែ​ហក់​ចូល​ប្រឡូក​ដំបូង​ប៉ុណ្ណោះ​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​របស់​កម្ពុជា។

តារា​ម៉ូដែល​រូប​នេះ មាន​ឈ្មោះ​ថា Usha នាង​ជា​កូន​កាត់ ខ្មែរ-ឥណ្ឌា ដោយ​ក្នុង​នោះ​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ឪពុក​ជា​ជនជាតិ​ឥណ្ឌា។ នាង​កើត​នៅ​ខេត្ត​បាត់​ដំបង ប៉ុន្តែ​ Usha បាន​តាម​ឪពុក​ម្ដាយ​ដែល​ជា​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​រស់​នៅ​បរទេស​ជា​ច្រើន​ឆ្នាំ ក្នុង​នោះ​នាង​បាន​ចំណាយ​ពេលវេលា​កុមារភាព​របស់​នាង​​ច្រើន​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក នៅ​ប្រទេស អេរីទ្រា និង​សូដង់។

Usha បាន​វិល​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០១០ ហើយ​នៅ​ឆ្នាំ ២០១៨-២០១៩ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ បឹងហ្គាឡូ ក្នុង​ប្រទេស​ឥណ្ឌា និង​ចុង​ក្រោយ​បាន​ផ្លាស់​ប្ដូរ​ទៅ​សិក្សា​បន្ត​នៅ​ក្នុង​ប្រទេស​ចិន​រហូត​ដល់​សព្វ​ថ្ងៃ។ ការ​សិក្សា​នៅ​ចិន​របស់​នាង បាន​ឈាន​ដល់​វិស្សមកាល ហើយ​នាង​ក៏​បាន​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​នា​ប្រទេស​កម្ពុជា​យើង ហើយ​ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​សិល្បៈ​បង្ហាញ​ម៉ូដ​ដោយ​ធ្វើ​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Perfect 10 ទើប​បាន​ប៉ុន្មាន​ខែ។

នោះ​ជា​មូលហេតុ​ដែល​ខែ​មុន​នាង បាន​លេច​មុខ​ក្នុង​កម្មវិធី​ជួប​ជុំ​បុគ្គល​សំខាន់​ៗ​ក្នុង​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា ជា​វេលា​ដែល​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​អំពី​រូប​សម្រស់​របស់​នាង។ ម៉ូដែល​វ័យ ១៦ ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ការ​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​ដើរ​ម៉ូដ គឺ​ដើម្បី​ស្វែង​រក​ចំណុច​វិជ្ជមាន​ផ្សេង​ទៀត​សម្រាប់​ខ្លួន​ឯង ក្នុង​នោះ គឺ​ពង្រឹង​នូវ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។

Usha បន្ថែម​ថា៖ “ក្រៅ​ពី​នេះ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា វា​នឹង​ជា​កន្លែង​ដែល​ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ តាម​រយៈ​ការ​ចែក​រំលែក​ទស្សនៈ លើ​បញ្ហា​ផ្សេង​ៗ​ដែល​យើង​ទាំង​អស់​គ្នា​ជួប​ប្រទះ ដូច​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​រូបរាង​កាយ និង​សុខភាព​ផ្លូវ​ចិត្ត​ជា​ដើម”។ តារា​ម៉ូដែល​ស្រស់​ស្អាត បញ្ជាក់​ថា នាង​ត្រៀម​នឹង​បន្ត​ការ​សិក្សា​របស់​នាង​នៅ​ប្រទេស​ចិន​វិញ​នា​ពេល​ខាង​មុខ ដោយ​ក្នុង​នោះ​តាម​គម្រោង​នាង​នឹង​បញ្ចប់​ការ​សិក្សា​នៅ​រង្វង់​២​ឆ្នាំ​ខាង​មុខ ពោល​គឺ​ឆ្នាំ ២០២០។

ប៉ុន្តែ​មុន​វេលា​នោះ​មក​ដល់ គឺ​នាង​នឹង​ឆ្លៀត​ពេល​វិស្សមកាល​របស់​នាង បន្ត​ការងារ​ជា​តារា​ម៉ូដែល​របស់​កម្ពុជា​តាម​រយៈ Perfect 10 ហើយ​នោះ​ជា​អ្វី​ដែល​នាង​ស្រឡាញ់ និង​ពេញ​ចិត្ត។ Usha បញ្ជាក់​ថា ក្រោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​ដើរ​ម៉ូដ តាម​រយៈ​ក្រុម​ម៉ូដែល​របស់​នាង​ខាង​លើ គឺ​នាង​បាន​ជួប​ជាមួយ​មិត្ត​រួម​អាជីព​ជា​តារា​ម៉ូដែល អ្នក​ថត​រូប​ល្បី​ៗ ក៏​ដូច​ជា​បុគ្គល​សំខាន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​នេះ។

“ពួក​គេ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជា​ច្រើន ដូច​ជា​ការ​បង្កើន​ភាព​ជឿជាក់ កិរិយា​មាយាទ រួម​ទាំង​ផ្នត់​គំនិត ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រថុយ និង​ពិសោធន៍ ជា​រួម​ការ​បង្រៀន​ទាំង​នោះ វា​បាន​ជួយ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​ជីវិត​របស់​ខ្ញុំ​! វា​ក៏​បាន​បង្រៀន​ខ្ញុំ​ពី​សារៈសំខាន់​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ឬស​នៃ​វប្បធម៌​ ហើយ​ឥឡូវ​នេះ ខ្ញុំរឹត​ពេញ​ចិត្ត​និង​ឲ្យ​តម្លៃ​ចំពោះ​វប្បធម៌​ទាំង​ពីរ​ជាង​កាល​ពី​ពេល​មុន​ទៅ​ទៀត"៕

Photo: Raksa Uy

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទថ្មី