• 2020-04-06 03:02:13
  • ជីវិតតារា

តួ​អង្គ​មួយ​ដែល​គ្រប់​គ្នា​សឹង​មិន​ហ៊ាន​ប្រាថ្នា ស្រាប់​តែ អ៊ុន សិទ្ធា ប្រកាស​ថា​ចង់​សម្ដែង​ខ្លាំង!

  • 2020-04-06 03:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ រូប​សង្ហា អ៊ុន សិទ្ធា កំពុង​មមាញឹក​ក្នុង​អាជីព​សិល្បៈ​តាម​រយៈ​ការ​សម្ដែង​រឿង ធ្វើ​ជា​ពិធី​ករ និង​ដើរ​ម៉ូដ។ ភាព​មមាញឹក​របស់​សិទ្ធា ក៏​មិន​បាន​ថមថយ​ដែរ​នៅ​ដើម​ឆ្នាំ​២០២០​​ នេះ។

ជាក់​ស្ដែង​នៅ​ក្នុង​ខែ​មេសា ឬ​ខែ​ឧសភា នេះ លោក​នឹង​ទទួល​ថត​រឿង​ភាគ​មួយ​របស់​ផលិតកម្ម អិល ឌី ដើម្បី​យក​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ ក្នុង​ចំណោម​ពីរ​ដែល​កំពុង​ចរចា​យក​រឿង​នេះ​ទៅ​ចាក់។ បើ​តាម​លោក អ៊ុន សិទ្ធា ក្នុង​រឿង​នេះ​មាន​តួអង្គ​សំខាន់​បី​គូរ ហើយ​លោក គឺ​ជា​តួ​ម្នាក់​ក្នុង​ចំណោម​បី​គូ​នោះ។ តាម​រយៈ​រឿង​នេះ ឬ​រឿង​ក្រោយ​ៗ​ទៀត សិទ្ធា ចង់​សម្រេច​នូវ​បំណង​សំខាន់មួយ។

អ៊ុន សិទ្ធា៖"ខ្ញុំ​ចង់​មែនទែន​ហ្នឹង...គឺ​តួ​ខ្វាក់​ខ្ញុំ​អត់​ទាន់​ដែល​បាន​ជួប​នៅ​ឡើយ​ទេ អីចឹង​ខ្ញុំ​ចង់​ដឹង ចង់​ស្គាល់​ថា​តើ​តួ​អង្គ​ខ្វាក់​មាន​ភាព​លំបាក​ប៉ុណ្ណា​នៅ​ពេល​ខ្ញុំ​សម្ដែង។ អីចឹង​ខ្ញុំ​សង្ឃឹម​ថា​រឿង​ក្រោយ​ៗ​នឹង​មាន​រូប​ខ្ញុំ"។

ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​អបអរ​សាទរ​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១០ ​នា​សាល​មហោស្រព​ចតុម្មុខ កាល​ពី​ដើម​ខែ​មីនា លោក​ថា លោក​នឹង​សប្បាយ​ចិត្ត និង​ប្លែក​អារម្មណ៍ បើ​លោក​មាន​ឱកាស​បាន​សម្ដែង​ជា​តួអង្គ​ជន​ពិកា ព្រោះ​កន្លង​ទៅ​លោក​ធ្លាប់​ឆ្លង​កាត់ទាំង​អស់​នូវ​តួអង្គ​ខ្ទើយ ឆ្កួត និង​តួអង្គ​សុភាព​បុរស។

លោក អ៊ុន សិទ្ធា បាន​ដើរ​ចូល​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត​កាល​ពី​ឆ្នាំ​២០០៦។ លោក​បាន​វិវដ្ដ​ខ្លួន​ទៅ​ជា​តារា​សម្ដែង ពិធី​ករ និង​ជា​អ្នក​ដើរ​ម៉ូដ​ល្បី​ឈ្មោះ​ម្នាក់ ហើយជំនាញដែលលោកចាប់នេះកំពុងត្រូវប៉ាន់។

រូបភាព៖ ហ្វេសប៊ុន អ៊ុន សិទ្ធា

ប្រិយមិត្ត​ប្រហែល​ជា​នៅ​ចាំ​មិន​ភ្លេច​ពី​ទេពកោសល្យ​សម្ដែង​របស់​លោក អ៊ុន សិទ្ធា នៅ​ក្នុង​រឿង"ស្បែក​គង់” និង​រឿង"វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” ព្រម​ទាំង​រឿង​ភាគ​ប្រមាណ​ជា​២០​រឿង​ផ្សេង​ទៀត​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់