• 2020-04-09 02:54:12
  • ព័ត៌មាន

តាម​មើល ស្រី​ស្អាត ឆាយ នីតា ទំនង​ដល់​វេលា​ដេក​ផ្ទះ​ស្អាត​ហើយ!

  • 2020-04-09 02:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី Covid-19 ចូល​មក​ដល់​មិន​ថា​សិល្បករ ឬ​សាមញ្ញ​ជន​ទេ ទទួល​ផល​ប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង រហូត​ដល់​អ្នក​ចេញ​មក​ត្អូញត្អែរ​ពី​ការ​បាត់​បង់​ប្រាក់​ចំណូល។ ដោយ​ឡែក​ស្រី​ស្រស់ ឆាយ នីតា វិញ គេ​ឃើញ​ថា នៅ​តែ​មមាញឹក​ក្នុង​ការ​ចេញ​ថត​ ប៉ុន្តែ​នាង​ថា អ្វី​ៗ​ជិត​ដល់​ពេល​ហើយ។

នីតា បាន​បង្ហើប​ថា នៅ​មុន​នេះ នាង​ក៏​បាន​វិល​ទៅ​គេង​ផ្ទះ បង្ខាំង​ខ្លួន​មិន​ចេញ​ក្រៅ​ចំនួន ២សប្ដាហ៍​ដែរ ដោយ​សារ​តែ​ការ​មក​ដល់​របស់ Covid-19។ ប៉ុន្តែ​បន្តិច​មក​នាង​ក៏​ចេញ​មក​បន្ត​ការងារ​វិញ ខណៈ​ម្ដាយ​នាង​បាន​ជំទាស់ ព្រោះ​នាង​មិន​ចង់​ឲ្យ​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​យក​កាយ ទៅ​ប្រថុយ​ជាមួយ​នឹង​ឃាតក​លាក់​មុខ។ "​ម៉ាក់​ខ្ញុំ គាត់​ជំទាស់​ណាស់​បង​អើយ គាត់​មិន​ចង់​ឲ្យ​ចេញ​ទេ ព្រោះ​ខ្លាច​ឆ្លង​អា​ជំងឺ​អី​ហ្នឹង!”។

យ៉ាង​ណា តារា​ស្រី ប្រាប់​ថា នាង​នៅ​តែ​មានះ​ចេញ​ទាល់​តែ​បាន ព្រោះ​តែ​នាង​មិន​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន ពោល​គឺ​មិន​ចង់​ក្បត់​ពាក្យ​សន្យា ដោយ​សារ​បាន​ចុះ​កុងត្រា​ឯកភាព​គ្នា​លើ​ការងារ​រួច​ហើយ។ ដូច្នេះ​ហើយ ត្រូវ​តែ​បំពេញ​ឲ្យ​ចប់​ចុង​ចប់​ដើម។

ឆាយ នីតា បច្ចុប្បន្ន បាន និង​កំពុង​ថត​ក្នុង​រឿង "ប្រហុក​ក្រអូប" របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ដែល​នេះ​ជា​ការងារ​នៅ​សល់​តែ​មួយ​គត់​ក្នុង​ដំណាក់​កាល​នៃ​ការ​គំរាម​កំហែង​របស់ Covid-19។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន វីដេអូ​ភាគ​ទូរទស្សន៍​នេះ គ្រោង​នឹង​បញ្ចប់​ការ​ថត​របស់​ខ្លួន ឆាប់​ៗ​នេះ​ហើយ។ ដូច្នេះ​ហើយ ទើប​នឹង​សម្រុក​ថត​បញ្ចប់​ឲ្យ​គេ បន្ទាប់​មក គឺ​ថា គេង​ផ្ទះ​ស្អាត​តែ​ម្ដង។

“រឿង​ហ្នឹង​ថ្ងៃ ១០​ហ្នឹង ​ចប់​ហើយ​បង ដល់​ចប់ អស់​អី​ធ្វើ​ហើយ អីចឹង​ទំនេរ មាន​តែ​ដេក​ផ្ទះ ដេក​លេង​ទូរសព្ទ​អីចឹង​ទៅ!”។ នីតា បន្ថែម​ថា តាម​ពិត​ក្រោយ​ពី​ថត​បញ្ចប់​រឿង "ប្រហុក​ក្រអូប" នាង​ត្រូវ​ថត​រឿង​មួយ​ទៀត​ភ្លាម​ៗ តែ​នាង​សុំ​លាក់​ចំណង​ជើង​សិន។ យ៉ាង​ណា​ដោយ​សារ​តែ​ការ​គំរាម​កំហែង​របស់​ខូវីដ ក្រុម​ការងារ​នៃ​រឿង​នោះ បាន​សម្រេច​លើក​ពេល​ថត​ទៅ​ហើយ។

បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង ត្រូវ​ទំនេរ​ចំ​ពេល​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​តែ​ម្ដង។ នេះ​ជា​ឱកាស​ជួប​ជុំ​គ្រួសារ​យ៉ាង​ពិសេស​មួយ ដោយ​សារ​តែ​អាជីព​សម្ដែង ត្រូវ​ថត​រហូត​ស្ទើរ​រក​ពេល​នៅ​ផ្ទះ​មិន​បាន។ យ៉ាង​ណា គិត​មក​ដល់​ពេល​នេះ នាង​មិន​ទាន់​មាន​គម្រោង​ធ្វើ​អ្វី​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឡើយ នា​ឱកាស​សម្រាក​នៅ​ផ្ទះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់