• 2020-04-10 02:32:34
  • ព័ត៌មាន

ដល់​មែន​ទែនទៅ សូ ដានីតា សុំ​អង្វរ​បង​ប្អូន​ប្រជាពលរដ្ឋកុំ​អោយ​ចាក​ចេញ!

  • 2020-04-10 02:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សូ ដានីតា នៅ​ព្រឹក​នេះ​បាន​ដាច់​ចិត្ត​សារ​មួយ ដោយ​ស្នើ​សុំ​បង​ប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ កម្មការិនី​រោងចក្រ សុំ​ឲ្យ​ផ្អាក​ការ​ជួប​ជុំ​១​ឆ្នាំ​សិន ព្រោះ​ថា វេលា​នេះ​មិន​សម​ស្រប​សម្រាប់​ការ​ជួប​ជុំ​ឡើយ ព្រោះ Covid-19 បាន និង​កំពុង​គំរាម​កំហែង។

សារ​នេះ របស់​សិល្បការិនី បន្ទាប់​ពី​ម្សិលមិញ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ទប់​ការ​រីករាល​ដាល​របស់ Covid-19 ហើយ​ស្នើ​រោងចក្រ​សហគ្រាស មន្ទីរ​ក្រសួង និង​ផ្នែក​ឯកជន​ទាំង​អស់​បន្ត​ធ្វើ​ការ​តាម​ធម្មតា។ ប៉ុន្តែ​បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិសេស​បង​ប្អូន​កម្មករ​រោងចក្រ មិន​សុខ​ចិត្ត នឹង​បុក​ចេញ​ពី​ក្រុង​នាយប់​មិញ​ដូច​ទឹក​បាក់​ទំនប់ បង្ក​ជា​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា សកម្មភាព​នោះ​អាច​នឹង​នាំ​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​ភ័យ​កាន់​តែ​ខ្លាំង ដោយ​សារ Covid-19។

ដូច្នេះ​ហើយ គេ​ឃើញ​មហាជន​មួយ​ចំនួន​បាន​បញ្ចេញ​សារ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ការ​សម្រុក​ចេញ​ពី​ក្រុង ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល។ "នាងខ្ញុំ សូ ដានីតា សុំ​អង្វរ នឹង សូម​ចិត្ត ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ជាពិសេស កម្មករ​កម្មការិនី​រោងចក្រ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ សូម​មេត្តា​បង​ប្អូន ផ្អាក​ការ​ជួបជុំ​១​ឆ្នាំ​សិន​ទៅ!”។

តារា​ស្រី បន្ត​ថា នាង​ក៏​យល់​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាក​ឆ្ងាយ​ចេញ​ពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ ពិត​ជា​មាន​ចិត្ត​នឹក​រលឹក​ដល់​សាច់​ញាតិ នឹក​ស្រុក​កំណើត។ តែ​កញ្ញា​លើក​ឡើង​ថា ក្នុង​ឱកាស​នេះ កាលៈទេសៈ​នេះ ពិត​ជា​មិន​សម​ស្រប​សម្រាប់​ការ​ជួប​ជុំ​នោះ​ទេ។ សូ ដានីតា បន្ថែម​ថា កូវិដ១៩ អាច​ឆ្លង​បាន​ត្រឹម​តែ​១​វិនាទី​ប៉ុណ្ណោះ ហើយ​ បើ​ឆ្លង​ហើយ វា​នឹង​ឆ្លង​ទៅ​ទាំង​គ្រួសារ​តែ​ម្តង។

"ហេតុ​ដូច្នេះ សូម​បង​ប្អូន​មេត្តា​គិត​បន្តិច សុវត្ថិភាព​ជា​ចម្បង បើ​យើង​មាន​ជីវិត យើង​អាច​ជួបជុំ​បងប្អូន​បាន​ច្រើន​ដង​ទៀត តែ​បើ​យើង​នៅ​ជម្នះ​រឹង​ទទឹង ការ​ជួប​ជុំ​នឹង​អាច​បាន​ត្រឹម​តែ​ម្តង​នេះ...នាង​ខ្ញុំ សូ ដានីតា សូម​ចិត្ត​បង​ប្អូន​រក្សា​ចិត្ត​អោយ​ស្ងប់ សម័យ​នេះ​ទំនើប យើង​អាច​ខល​និយាយ​គ្នា រឺ​ខល​វីដេអូ មើល​គ្នា​បាន ត្រឹម​តែ​៣ថ្ងៃ​ទេ​បងប្អូន​យើង​អាច​ប្រាប់​ពុកម៉ែ​នៅ​ឯ​ស្រុក គាត់​ប្រាកដ​ជា​យល់"។

រាជរដ្ឋាភិបាល​កម្ពុជា ម្សិលមិញ​នេះ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា ស្ដី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩។ បទ​បញ្ជា​នេះ ធ្វើ​ឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ២០២០។ មុន​ដល់​កាល​កំណត់​នៃ​​បទ​បញ្ជា​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី មាន​ប្រសិទ្ធភាព​ចាប់​ពី​ម៉ោង ១២ យប់​មិញ​នេះ ប្រជាពលរដ្ឋ​បាន​សម្រេច​ចេញ​ទី​ក្រុង​ឆ្ពោះ​ទៅ​ស្រុក​កំណើត​រៀង​ៗ បង្ក​ជា​ការ​ព្រួយ​បារម្ភ​ជា​ទូទៅ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម