• 2020-04-23 09:48:38
  • ព័ត៌មាន

Covid-19 ធ្វើ​ស៊ី​អស់​រាប់​ពាន់​ដុល្លារ តែ​ ស៊ិន ឧត្តម​ផល្លា សម្ងំ​ឈឹង

  • 2020-04-23 09:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ិន ឧត្តម​ផល្លា ដែល​ជា​រឿង​ៗ​ឃើញ​បង្ហោះ​ហ្វេសប៊ុក​កំប្លែង​លេង​ពី​នេះ​ពី​នោះ​នោះ ប៉ុន្តែ​នៅ​ពី​ក្រោយ​រឿង​នេះ ក៏​ល្បី​ថា នាង​ក៏​បង់​ខាត​រាប់​ពាន់​ដុល្លារ​ដែរ​ក្នុង​ដំណាក់​កាល​នេះ បើ​ទោះ​លើ​ហ្វេសប៊ុក​មិន​សូវ​ឃើញ​ត្អូញត្អែរ​ក៏​ដោយ។

ការ​ខាត​បង់​របស់ ស៊ិន ឧត្តម​ផល្លា ដោយ​សារ​ថា ប្រភព​ចំណូល​សំខាន់​ៗ​របស់​នាង​ចំនួន​២​ត្រូវ​បាន​រំខាន​ដោយ​សារ​មេរោគ​រាតត្បាត ហើយ​មួយ​នៅ​ក្នុង​ចំណោម​នោះ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ។ តាម​ប្រភព​មួយ​បង្ហើប​ថា ប្រភព​ចំណូល​ទី​១​របស់​ម្ចាស់​ទំព័រ Movie Star Research គឺ​មុខ​ជំនួញ​លក់​គ្រឿង​បុណ្យ​យីហោ "ឧត្តម ឧត្តម" នៅ​ខាង​ជើង​របង​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដែល​ធ្លាប់​ជួយ​រាប់​រង​សេដ្ឋកិច្ច​គ្រួសារ​របស់​នាង​ឲ្យ​រស់​នៅ​មិន​លំបាក តាំង​ពី​មុន​នាង​បាន​សម្រេច​វិល​មក​ប្រឡូក​សារ​ជា​ថ្មី​ម្ល៉េះ។

ជំនួញ​នេះ គឺ​ត្រូវ​ប៉ាន់​ខ្លាំង នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ទើប​នឹង​កន្លង​ផុត​ថ្មី​ៗ​នេះ។ រដូវ​នេះ​ជា​វេលា​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បំផុត​ជា​ពុទ្ធសាសនិក តែង​តែ​ទិញ​របស់​របរ​ដូច​ជា​ធូប​ទាន បាឡុង និង​របស់​ផ្សេង​ៗ​ទៀត​ជា​ដើម​យក​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ដើម្បី​ឧទ្ទិស​ផ្សាយ​ជូន​ទៅ​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅ​លោក​ខាង​មុខ។

របស់​ទាំង​នោះ តារា​ស្រី​មាន​ផ្គត់ផ្គង់​ទាំង​អស់ ប៉ុន្តែ​ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​ប្រារព្ធ​ការ​ជួប​ជុំ និង​ពិធី​បុណ្យ​តាម​វត្ត​អារាម​នានា​ក្នុង​ពិធី​​ប្រពៃណី​ជាតិ​កន្លង​មក​នេះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លះៗ​ដល់​ការ​លក់​របស់​នាង។ ដោយ​ឡែក​ប្រភព​ចំណូល​ទី​២​របស់​នាង គឺ​ការងារ​សិល្បៈ​ចេញ​ច្រៀង​តាម​កម្មវិធី​នានា។

ត្បិត​ថា​នេះ​ជា​ប្រភព​ចំណូល​បន្ទាប់ ប៉ុន្តែ​តាម​ដឹង ស៊ិន ឧត្តម​ផល្លា ក៏​កើប​លុយ​ពី​ការងារ​ច្រៀង​រាំ​នេះ​មិន​តិច​ពាន់​ដុល្លារ​ដែរ​ក្នុង​១​ខែ​ៗ។ ព្រោះ​ថា នាម​ជា​តារា​ចម្រៀង​ដែល​អាច​ច្រៀង​បាន​ជា​ច្រើន​ភាសា អ្នក​មេម៉ាយ​សម្បូរ​ស្នេហ៍ មាន​កម្មវិធី​ចេញ​ច្រៀង​ស្ទើរ​មិន​មាន​ពេល​សម្រាក ក្នុង​នោះ​មាន​ទាំង​កម្មវិធី​ឯកជន និង​កម្មវិធី​ជាមួយ​ក្រុម Dara Entertainment របស់​លោក យ៉ែម សំអូន។

ប៉ុន្តែ​ថា ការងារ​នេះ បាន​រាំង​ស្ទះ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​នៅ​ក្នុង​សម័យ Covid-19។ តាម​ដំណឹង គឺ​គិត​ត្រឹម​១​ខែ​ចុង​ក្រោយ មាន​កម្មវិធី​ប្រមាណ​ជាង ២០​ត្រូវ​បាន​លុប​ចោល​វិញ គិត​ជា​ទឹក​ប្រាក់ ប្រមាណ​ជាង​កន្លះ​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ជុំវិញ​បញ្ហា​នេះ អ្នក​មេម៉ាយ​កូន ៣ ស៊ិន ឧត្តម​ផល្លា បញ្ជាក់​ថា Covid-19 ពិត​ជា​ធ្វើ​ឲ្យ​នាង​ខាត​បង់​មិន​តិច​មែន។ យ៉ាង​ណា ផល​ប៉ះពាល់​នោះ​ភាគ​ច្រើន​លើ​ការងារ​សិល្បៈ​របស់​នាង​ជាង។

“ការងារ​សិល្បៈ​ប៉ះពាល់​មែន​តើ ស្ងាត់​ឈឹង​ហើយ​ឥឡូវ ការងារ​ដែល​កុង​ត្រា​រួច​ជា​ច្រើន គេ​សុំ​លុប​វិញ ហើយ​ស្ថានភាព​នេះ​យើង​ឃើញ​ហើយ​ថា វា​ប៉ះ​ទាំង​អស់​គ្នា​មែន អីចឹង​មាន​តែ​ព្រម​ឲ្យ​គ្នា​លុប​ទៅ...គិត​ទៅ​ខ្ទង់ ២០-៣០កម្មវិធី​ដែរ បើ​គិត​ជា​លុយ​ជា​ច្រើន​ពាន់​ដែរ​ហ្នឹង!”។ ចំណែក​ការងារ​លក់ ផល្លា បញ្ជាក់​ថា ប៉ះពាល់​ដែរ តែ​តិច​តួច​ទេ។ "ធ្លាក់​ចុះ​ដែរ​តែ​មិន​ច្រើន​ទេ គឺ​តិច​តួច​...ហើយ​រាល់​ថ្ងៃ​ខ្ញុំ​បើក​លក់​ធម្មតា ហើយ​នៅ​តែ​មាន​អ្នក​ទិញ​ឥត​ដាច់​ដែរ​ទេ!”។

ក្រៅ​ពី​ការងារ​២​ខាង​លើ ស៊ិន ឧត្តមផល្លា ក៏​បាន​បង្កើត​ទំព័រ​មួយ​ស្រាវជ្រាវ​រក​សិល្បករ​ចាស់​ៗ​មក​បង្ហាញ​ដល់​ទស្សនិកជន ប្រយោជន៍​កុំ​អោយ​ពួក​គេ ចេញ​ពី​សិល្បៈ​ហើយ ត្រូវ​ប្រិយមិត្ត​ភ្លេច​លែង​នឹក​នា។ ប៉ុន្តែ​ការងារ​នេះ នាង​មិន​ទទួល​បាន​ចំណូល​អ្វី​ឡើយ។ ផល្លា បញ្ជាក់​ថា នាង​ធ្វើ​ការងារ​នេះ ដោយ​សារ​តែ​ស្រឡាញ់ និង​មិន​ចង់​ឲ្យ​ទស្សនិកជន​ភ្លេច​តារា​រៀម​ច្បង បុគ្គល​ដែល​ធ្លាប់​ជ្រោមជ្រែង​សិល្បៈ​ខ្មែរ​ឲ្យ​រុងរឿង​ពី​អតីតកាល​ប៉ុណ្ណោះ។

ហេតុ​ដូច្នេះ​ហើយ ថៅកែ​ស្រី ទើប​បញ្ចេញ​សារ​លើ​ហ្វេសប៊ុក​ព្រឹកមិញ ដោយ​សុំ​ចិត្ត​សិល្បករ​ជំនាន់​ក្រោយ​កុំ​អាក់​អន់ ដោយ​សារ​តែ​នាង​មិន​អាច​សរសេរ​ផ្សព្វផ្សាយ​ជូន​បាន ព្រោះ​ទី​១ សិល្បករ​ថ្មីថ្មោង​មិន​ទាន់​មាន​សមិទ្ធផល​ការងារ​ច្រើន ម្យ៉ាង​ខុស​ពី​គោលការណ៍​របស់​នាង ដែល​ចង់​ស្រាវ​ជ្រាវ​រក​រៀម​ច្បង​ដែល​បាត់​មុខ​មក​បង្ហាញ​ជូន។ ប៉ុន្តែ​ម្ចាស់​ទំព័រ​បញ្ជាក់​ថា នាង​ក៏​មិន​បិទ​ផ្លូវ​ទាំង​ស្រុង​ដែរ​សម្រាប់​សិល្បករ​ថ្មីថ្មោង ប៉ុន្តែ​រង់​ចាំ​ពួក​គេ​មាន​ស្នាដៃ​ច្រើន​សិន។

រូបភាព៖ ហ្វេសប៊ុក ផល្លា

ចំណុច​មួយ​បន្ថែម​ទៀត ស៊ិន ឧត្តមផល្លា សុំ​សិទ្ធិ​មិន​សរសេរ​ពី​សិល្បការិនី​មួយ​ចំនួន​ដែល​មាន​ស្វាមី​ហើយ ប៉ុន្តែ​សុំ​ចុះ​ផ្សាយ​ថា​ជា "កញ្ញា" ដែរ។ ផល្លា បញ្ជាក់​ថា នាង​ចង់​ផ្ដល់​ឲ្យ​ប្រិយមិត្ត​នូវ​អ្វី​ដែល​ពិត និង​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី