• 2020-04-28 03:03:36
  • ព័ត៌មាន

ក្រោយ​រក​​ឃើញ​តិចនិក​ពិសេស ណូម័រ ប្រែ​ខ្លួន​ពី​ធាត់ មក​រាង​ឡើង​ស្វែល​ដូច​ដើម​ត្រឹម ២២ថ្ងៃ​ប៉ុណ្ណោះ

  • 2020-04-28 03:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ភាគ​ច្រើន​ជួប​បញ្ហា​ពិបាក​ស្រក​គីឡូ ប៉ុន្តែ អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​សម្រក​គីឡូ​បាន​ជោគជ័យ ត្រឹម​រយៈ​តែ ២២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​នាង​បាន​រក​ឃើញ​តិចនិក​ពិសេស​ផ្ទាល់​ខ្លួន​មួយ។

ណូម័រ នា​ពេល​បច្ចុប្បន្ន

នៅ​មុន​នេះ ណូម័រ បាន​ឡើង​គីឡូ​ខ្លាំង​ដល់ ៥២គីឡូក្រាម ក្រោយ​ពី​បែក​បាក់​ស្វាមី ប៉ុន្តែ​ឥឡូវ​បាន​វិល​មក​រូប​រាង​ស្អាត​សម​សួន​ដូច​ដើម ពោល​គឺ​រាង​ស្វែល​ស្អាត​សមសួន​របស់​នាង​ដូច​ពីមុន ដែល​គីឡូ​របស់ តារា​ស្រី​នៅ​ពេល​នេះ គឺ​ត្រឹម ៤៤-៤៥ គីឡូ​ប៉ុណ្ណោះ។ ជោគជ័យ​លើ​ការ​បណ្ដេញ​ភាព​ធាត់​ចេញ​ពី​រាងកាយ​របស់ ណូម័រ គឺ​នាង​អនុវត្ត​នូវ​វិធី​សម្រក​រាង​ដែល​ខ្លួន​នាង​ផ្ទាល់​យល់​ថា​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​ឯង ហើយ​នៅ​ក្នុង​នោះ​មាន​២​ដំណាក់​កាល។

ដំណាក់​កាល​ទី១ ណូម័រ ប្រាប់​ថា នាង​បាន​ជ្រើសរើស​យក​ការ​គាំទ្រ​ពី​របប​នៃ​អាហារ​បំប៉ន​មួយ​ប្រភេទ​ក្នុង​បេសកកម្ម​បណ្ដេញ​ខ្លាញ់​ចេញ​ពី​រាងកាយ ប៉ុន្តែ​ថា អាហារ​បំប៉ន​នោះ​មិន​មែន​ជា​ប្រភេទ​អាហារ​ជួយ​ឲ្យ​នាង​ស្រក​គីឡូ​ឡើយ។ "អាហារ​ហ្នឹង​វា​អត់​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ទេ គឺ​វា​គ្រាន់​តែ​ជួយ​យើង​កុំ​អោយ​បាក់​កម្លាំង​នៅ​ពេល​យើង​តម​អាហារ និង​ជួយ​ឲ្យ​ក្រពះ​យើង​រួម​តូច​ជាង​មុន​ប៉ុណ្ណោះ!”។

ណូម័រ ក្នុង​អតីតកាល​គីឡូជាង ៥០

ចំពោះ​វិធី​ដែល​នាង​អនុវត្ត​ជាមួយ​នឹង​របប​អាហារ​បំប៉ន​នោះ ណូម័រ ប្រាប់​ថា នាង​ញុំា​អាហារ​បំប៉ន​មួយ​ថ្ងៃ ២​ពេល គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ដោយ​ឡែក​ពេល​អាហារ​ថ្ងៃ​ត្រង់ គឺ​នាង​ញុំា​អាហារ​ធម្មតា យ៉ាង​ណា​នោះ​ជា​ប្រភេទ​អាហារ​សម្រាប់​អ្នក​ញុំា​ដើម្បី​ស្រក​គីឡូ​ដែរ។ អាហារ​ថ្ងៃ​ត្រង់​ដែល អ្នក​មេម៉ាយ​វ័យ​ក្មេង ប្រកាន់​យក គឺ ផ្លែ​ឈើ​ខ្លះ​ៗ និង​ពង​មាន់ ឬ​ពង​ទា​ស្ងោរ​ចំនួន ២​គ្រាប់។

វិធី​នេះ នាង​បាន​អនុវត្ត​រយៈ​ពេល ២២ ថ្ងៃ​ហើយ​ទទួល​បាន​លទ្ធផល​ល្អ ពោល​គឺ​នាង​អាច​ស្រក​បាន ៦គីឡូ ពី​៥២ មក ៤៤-៤៥ គីឡូ។ ចូល​ដំណាក់​កាល​ទី​២ ជា​ដំណាក់​កាល​រក្សា​ទម្ងន់​ខ្លួន ដោយ​ក្នុង​នោះ ណូម័រ ប្រាប់​ថា នាង​ឈប់​ញុំា​អាហារ​បំប៉ន​ទៀត​ហើយ ប៉ុន្តែ​នាង​ញុំា​តាម​របប​អាហារ​របស់​នាង​វិញ គឺ​ព្រលឹម​ឡើង ញុំា​ទឹក​ក្រូច​ស្រស់​មួយ​កែវ ពេល​ថ្ងៃ​ត្រង់ ញុំា​បាយ​២-៣ស្លាប​ព្រា តែ​ញុំា​សម្ល​ឲ្យ​ច្រើន និង​ញុំា​ឆា​បន្លែ​មួយ​មុខ​ផ្សំ​ទៀត។

រូបភាព៖ ហ្វេសប៊ុក ណូម័រ

ដោយ​ឡែក​អាហារ​ពេល​ល្ងាច តារា​ស្រី ប្រាប់​ថា ញុំា​ដូច​គ្នា​នឹង​អាហារ​ថ្ងៃ​ត្រង់​ដែរ គឺ​ជា​ទៀងទាត់ គឺ​ត្រូវ​មាន​ទឹក​សម្ល និង​ឆា​បន្លែ​មួយ​មុខ ហើយ​ញុំា​បាយ​តិច។ ទាំង​ពីរ​វិធី​នេះ បាន​ជួយ​ឲ្យ ណូម័រ សម្រេច​បាន​ជោគជ័យ លើ​ការ​សម្រក​គីឡូ​របស់​នាង។ យ៉ាង​ណា អ្វី​ដែល​សំខាន់ គឺ​ការ​តាំង​ចិត្ត ព្រោះ​ថា​មាន​វិធី​ហើយ ប៉ុន្តែ​មិន​មាន​ការ​តាំង​ចិត្ត​ឲ្យ​បាន​មុតមាំ​ទេ ក៏​មិន​បាន​ផល​គាប់​ប្រសើរ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម