• 2020-05-18 08:38:28
  • ព័ត៌មាន

តារា​ខ្មែរ ​២​ដួង កំពុងជួបរឿង​ឈឺក្បាល​ ដោយសារ Facebook

  • 2020-05-18 08:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី ហេង ស្រីពេជ្រ និង​តារា​ចម្រៀង​ប្រុស ខេម កំពុង​ឈឺក្បាល​ជាមួយ​នឹង​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ដែល​បាន​យក​ឈ្មោះ និង​រូប​ថត​ពួកគេ​ទៅ​ដាក់​ជា​Profile ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍។

តារា​ទាំង​ពីរ​ដួង​មាន​ក្ដី​បារម្ភ​ដូច​គ្នា​ថា មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខិលខូច​ខ្លះ អាច​នឹង​យក​រូបថត និង​ឈ្មោះ​ខ្លួន​ទៅ​ប្រើ​ក្នុង​ន័យ​មិន​ល្អ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​សិល្បៈ កិត្តិយស​ផ្ទាល់​ខ្លួន និង​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ។

តារា​សម្ដែង​ ហេង ស្រីពេជ្រ និយាយ​ថា ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២០ មក មាន​គណនី ​Face​book ចំនួន​ ១១​ហើយ​ បាន​យក​រូប​នាង​ទៅ​ដាក់​ជា​ Pofile ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​មហាជន ហើយ​ផ្សព្វផ្សាយ​លក់​ផលិតផល​ ដែល​នាង​មិន​ដែល​ស្គាល់​សោះ។

ស្រី​ពេជ្រ ព្រមាន​ជា​ថ្មី​ថា នាងនឹង​មិន​អត់ឱន​ឲ្យ​បុគ្គល​ណា ​ដែល​យក​រូបថត​នាង​ទៅ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ឡើយ។

ហេង ស្រីពេជ្រ (រូបថតហ្វេសប៊ុក)

ចំណែក​តារា​ចម្រៀង​សំឡេង​ស្អក ខេម វិញ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​នឹង​អ្នក​លេង ​Facebook ខ្លះ​ដែល​បាន​យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​លេង ដើម្បី​សរសេរ​សារ​ញ៉ែញ៉ង និង​ខ្ចី​លុយ​គេ។ លោក​និយាយតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា លោក​ដឹង​ក្នុង​ចំណោម​អ្នក​បាន​យក​រូប​ថត និង​ឈ្មោះ​លោក​ទៅ​លេង​នោះ គឺ​មាន​ខ្លះ​ជា​ជន​ខិលខូច​ដែល​ដើរ​តែ​បង្ក​រឿង ហើយ​ពេល​ខ្លះ​ម្ចាស់​គណនី​នោះបាន​ភ្ជាប់​រូប​លោក​ទៅ​នឹង​រឿង​នយោបាយ​​ផង។

ខេម៖ "បងប្អូន​ហ្អា...! សម័យ​នេះ​ហើយ​ធ្វើ​អី​ក៏​គេ​ដឹង​ដែរ។ សូម​ឈប់​យក​រូបថត និង​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ទៀត​ក្នុង​ន័យ​ខុស​ឆ្គង​ទៀត​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស​របស់​មហាជន ហើយ​បើ​បងប្អូន​ធ្វើ​អីចឹង​មិន​ត្រូវ​ទេ"។

ខេម (រូបថតហ្វេសប៊ុក)

ទោះ​ជា​យ៉ាង​ណា​តារា​ចម្រៀង ខេម មិន​កំណាញ់​អ្នក​គាំទ្រ​ក្នុង​ការ​យក​រូប​ថត​លោក​ទៅ​ដាក់​ជា ​Profile Facebook ក្នុង​ន័យ​គោរព​ស្រឡាញ់​ឡើយ ប៉ុន្ដែ​សូម​កុំ​ឲ្យ​បង្កើត​គណនី​Facebook ដោយ​ដាក់​ឈ្មោះ និង​រូប​ថត​របស់​លោក ហើយ​យកទៅ​ប្រើ​ក្នុង​អំពើ​អបាយមុខ។ ត្រង់ចំណុចនេះ គឺខុស​ពី​តារា​សម្ដែង ហេង ស្រីពេជ្រ ដែល​នាង​មិន​ចង់​ឲ្យ​ប្រើ​ សូម្បី​តែ​រូប​ថត​នាង​នៅ​លើ​ Profile Facebook អ្នក​ដទៃ ដោយ​ខ្លាច​មាន​ការ​ភ័ន្តច្រឡំ​លើ​រឿង​អ្វី​មួយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់