• 2020-06-11 03:23:27
  • ជីវិតតារា

ម្ចាស់ផលិតកម្មមួយ រំលឹកពីស្ថានភាពគ្រួសារ និងចរិតពិតរបស់ ទូច ស្រីនិច កាលពីវ័យជំទង់

  • 2020-06-11 03:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​គ្រួសារ និង​ឥរិយាបថ​របស់​តារា​ចម្រៀង ទូច ស្រីនិច កាល​ពី​នៅវ័យជំទង់ ត្រូវ​បាន​លាត​ត្រដាង​ដោយ​ម្ចាស់​ផលិតកម្ម​អង្គរ​វត្ត ដោយ​មាន​ភ្ជាប់​រូបថត​អនុស្សាវរីយ៍ចាស់ៗ​របស់​តារា​ចម្រៀង​រូបនេះ​ជា​ច្រើន​សន្លឹក។

ផលិតកម្ម​អង្គរ​វត្ដ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែលតែងតែ​គាស់កកាយ និង​រំលឹក​នូវ​អនុស្សាវរីយ៍​ចាស់​ៗ​របស់​សិល្បករ-សិល្ប​ការិនី​ខ្មែរ បាន​សរសេរ​រៀបរាប់​តាម​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រូប​ថត​ដែល​ទូច ស្រីនិច កាន់​ពាន​រង្វាន់​នេះ គឺ​ម្ចាស់​ផលិតកម្ម​អង្គរ​វត្ដ គឺជាអ្នក​ថត​ដោយ​ផ្ទាល់ដៃ។

ម្ចាស់​ផលិតកម្ម​រូប​នេះ​បាន​រំលឹក​ថា នៅ​ថ្ងៃ​ទី១ គាត់​បាន​ជួប​ឪពុក​របស់​ទូច ស្រីនិច ហើយ​នៅ​ថ្ងៃ​ទី២ ឪពុក​របស់​ទូច ស្រីនិច ​បាន​នាំ​នាង​មក​ជួប​តាមការស្នើសុំ។ នាង​មានចរិត​សុភាព ឈ​រជិត​ឪពុក​ញញឹម​យ៉ាង​ស្រស់ ដោយ​មិន​មាន​វិចារ​អ្វី​ទាំង​អស់។

ម្ចាស់ផលិតកម្មបន្ថែម​ថា គ្រួសារ​មួយ​ដែល​មិនមែន​ជា​គ្រួសារ​មាន​សម្បត្ដិ​មហាសាល​មែន​ពិត ប៉ុន្ដែ​គឺ​ជា​គ្រួសារ​ដ៏​មាន​សុភមង្គល​គួរ​ឲ្យ​គោរព និង​ជាទីរាប់អាន​ដែល​យើង​រាល់​គ្នា​ចង់​បាន​មក​ធ្វើ​ជា​មិត្ដភក្ដិ​៖ "ខ្ញុំ​បាន​ជួប​ឪពុក​នាង​ប៉ុន្មាន​ដង​ទៀត​ដែរ កាល​ពី​៧ ឬ​៨​ឆ្នាំ​មុន នៅ​ទីក្រុង Stockton រដ្ឋ California ខ្ញុំ​នឹក​នាង​ជា​និច្ច"។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ផលិតកម្ម​អង្គរ​វត្ដ បាន​បង្ហាញ​រូប​ថត​តារា​ចម្រៀង​ទូច ស្រីនិច និង​ឪពុក​របស់​នាង ព្រម​ទាំង​អតីតតារា​សម្ដែង​ល្បីឈ្មោះម្នាក់​ទៀត គឺ​អ្នកនាង នារី​រត្ន គន្ធា ដែលមានរូបថតសរុប​ចំនួន​១០​សន្លឹក។

សូមរំលឹកថា ម្ចាស់​សំឡេង​ឯក​បទ​ចម្រៀង​មនោសញ្ចេតនា​ជា​ច្រើន​បទ ហើយ​មានកេរ្ដិ៍ឈ្មោះល្បីល្បាញ​ខ្លាំង​នៅ​អំឡុង​ទស្សវត្ស​ឆ្នាំ​២០០០ គឺ​អ្នកនាង ទូច ស្រីនិច បាន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​រហូត​ដល់​នាង​ធ្លាក់​ខ្លួន​ពិកា​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​សព្វថ្ងៃនាង​កំពុង​សម្ងំ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់