• 2020-06-17 08:01:37
  • ព័ត៌មាន

ឡូយ​បាត់ នារី​ម្នាក់​សុខ​ចិត្ត​ទិញ​សំបុត្រ​យន្តហោះ​ក្នុង​សម័យ​កូវីដ មក​ថត MV ជាមួយ នេន ទុំ

  • 2020-06-17 08:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​កណ្ដាល​ម្នាក់ ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​សុខ​ចិត្ត​ជិះ​យន្តហោះ​ទាំង​ប្រថុយប្រថាន​ក្នុង​សម័យ​កូវីដ​ឆ្ពោះ​មក​ស្រុក​ខ្មែរ ដើម្បី​បាន​ថត​វីដេអូ​ចម្រៀង(MV)ជាមួយ នេន ទុំ។

នាវី​រូប​នេះ មាន​ឈ្មោះ​ថា Jessica Chhun ជា​ម្ចាស់​ហាង​កាត់​សក់ និង​ត​រោម​ភ្នែក​ធំ​មួយ​នៅ​ទីក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ដំណើរ​មក​កាន់​ប្រទេស​កំណើត​នេះ ស្ត្រី​វ័យ​កណ្ដាល​ខាង​លើ​បញ្ជាក់​ថា គោល​បំណង​ធំ គឺ​ដើម្បី​ថត​វីដេអូ​ចម្រៀង​ជាមួយ នេន ទុំ ចំនួន​២​បទ ក្រៅ​ពី​នេះ គឺ​ក្នុង​បំណង​មក​លេង​ស្រុក​កំណើត​ឯ​ខេត្ត​បាត់​ដំបង​ផង ព្រោះ​បាន​ឃ្លាត​ឆ្ងាយ​ជាង ២០ឆ្នាំ​ហើយ។

ជា​ម្ចាស់​ហាង​កាត់​សក់​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ស្ត្រី​ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បាត់ដំបង​រូប​នេះ​ បញ្ជាក់​ថា អ្នក​ចូល​ចិត្ត​ចម្រៀង និង​ចូល​ចិត្ត​ច្រៀង ហើយ​តែង​តែ​ឆ្លៀត​ធ្វើ​បទ​ចម្រៀង ថត​ជា​រឿយ​ដែល​កន្លង​ទៅ​អ្នក​នាង បាន​ថត​បាន​ចំនួន​៤​បទ​ហើយ​នៅ​សហរដ្ឋ​អាមេរិក។ ដោយ​ឡែក​ជាមួយ នេន ទុំ គឺ​ជា​ការ​ជួប​ចាប់​ដៃ​គ្នា​លើក​ដំបូង​របស់​អ្នក​ទាំង​ពីរ ខណៈ​ដែល​កន្លង​ទៅ ពួក​គេ​មិន​ជា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ប៉ុន្មាន​ផង។

Jessica Chhun បាន​លើក​ឡើង​ថា អ្នក​នាង​ត្រូវ​បាន​ម្ចាស់​ភោជនីយដ្ឋាន Five Star ដ៏​ល្បី​នៅ​អាមេរិក​ណែនាំ​ឲ្យ​ស្គាល់ នេន ទុំ អ្នក​នាង​បាន​ព្យាយាម​ស្វែង​តារា​ចម្រៀង​ម្នាក់​ប្រភេទ​រ៉េប​ដើម្បី​ផលិត​បទ​ចម្រៀង​រួម​គ្នា។ ក្រោយ​ពី​ស្គាល់ នេន ទុំ អ្នក​នាង​ប្រាប់​ថា បាន​ចាប់​អារម្មណ៍ និង​ចូល​ចិត្ត​នូវ​ស្ទីល​រ៉េប​របស់​សិស្ស​ប្អូន​ពូ​ឃ្លាំង​រូប​នេះ ទើប​សម្រេច​ចិត្ត​ទាក់​ទង​គ្នា ហើយ​ឈាន​ទៅ​ចាប់​ផ្ដើម​កិច្ច​សហការ​តែ​ម្ដង។

ប្រមាណ ៤-៥ ខែ​មក​ហើយ​ដែល​ពួក​គេ​បាន​ដាក់​គម្រោង​មក​ថត​បទ​ចម្រៀង​ចំនួន​២​បទ​នៅ​ស្រុក​ខ្មែរ គឺ​បទ "ស្រឡាញ់​អូន​ត្រង់​ណា" ជា​ប្រភេទ Original Song និង​ Cover បទ "បុប្ផា​ព្រៃ​ភ្នំ"។ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​រាំង​ស្ទះ​ដោយ​សារ​ខូវីដ​១៩ ទើប​ចេញ​តែ​ពន្យារ​ពេល​រហូត​មក​ស្រប​ពេល​ដែល អាមេរិក​បាន​បិទ​ជើង​ហោះហើរ​ចេញ​ចូល​ប្រទេស​ទាំង​អស់​។ ក្រោយ​ពី​ស្ថានភាព​ខូវីដ​នៅ​លើ​ទឹក​ដី​លោក​ដូណាល់ ត្រាំ ហាក់​គ្រប់​គ្រង​បាន ជើង​ហោះហើរ​ក៏​បាន​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ។

អំណោយ​ផល​លើ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ចំ​ពេល​ល្អ ដែល​ហាង​របស់​ខ្លួន ព្រម​ទាំង​សាលា​រៀន​កូន​ៗ​នៅ​បិទ​ផង អ្នក​នាង Jessica Chhun ប្រាប់​ថា អ្នក​នាង​ក៏​ប្រញាប់​ទិញ​សំបុត្រ​ហោះ​មក​ស្រុក​ខ្មែរ​តែ​ម្ដង បើ​ទោះ​ស្ថានភាព​ហាក់​នៅ​ប្រថុយប្រថាន​ខ្លះ​ក៏​ដោយ។ ម្ចាស់​ហាង​កាត់​សក់​ដដែល បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ហាក់​មាន​ភាព​តឹង​រឹង​ជាង​មុន​ច្រើន ដោយ​អ្នក​នាង​ត្រូវ​តម្រូវ​ឲ្យ​មាន​លិខិត​ធានា​សុខភាព ព្រម​ទាំង​មាន​ការ​ពិនិត្យ​តឹង​តែង​ថែម​ទៀត។

អ្នក​នាង Jessica Chhun បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី ៥ ថ្ងៃ​មុន ហើយ​នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​ការងារ​ថត​ចម្រៀង​នៅ​លើ​ទឹកដី​ខេត្ត​កណ្ដាល។ តាម​គម្រោង​ការងារ​នេះ​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​នៅ​ក្នុង​ថ្ងៃ​នេះ ហើយ​២សប្ដាហ៍​ក្រោយ​បទ​ចម្រៀង​របស់​ពួក​គេ​នឹង​ចេញ​ចែក​ជូន​ប្រិយមិត្ត​នៅ​ក្នុង​ស្រុក និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រង្វង់ ២សប្ដាហ៍​ទៀត។ ការងារ​ដែល​នៅ​សល់ Jessica Chhun ប្រាប់​ថា នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​បាត់​ដំបង​ទឹក​ដី​កំណើត ហើយ​ខ្ទង់ ៣​សប្ដាហ៍​ក្រោយ អ្នក​នាង និង​គ្រួសារ​នឹង​ត្រឡប់​ទៅ​ផ្ទះ​នៅ​សហរដ្ឋ​អាមេរិក​វិញ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម