• 2020-06-23 01:59:13
  • ព័ត៌មាន

គូស្នេហ៍តារាកូរ៉េស្រឡាញ់គ្នាស្មោះស្ម័គ្រ ៧គូដែលសុទ្ធតែមានប្រភពចេញពី «Friendzone»

  • 2020-06-23 01:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិ​ស្នេហា​កើត​ឡើង​តែង​មាន​កំណើត​ខុសគ្នា ខ្លះ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ ស្របពេល​ខ្លះ​ទៀត​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​យល់​ចិត្ត​គ្នា ឬ​អាច​និយាយ​បាន​ថា​ទម្រាំ​លេច​ចេញ​ជា​រឿង​ស្នេហា ពួកគេ​គឺ​ជា​មិត្ត​ធម្មតានឹងគ្នា​ប៉ុណ្ណោះ។ ដូច​តារា​កូរ៉េ​ទាំង​ ៨គូ​នេះ​ជា​ដើម ស្នេហា​របស់​ពួកគេ​សុទ្ធ​តែ​មាន​ប្រភព​ពី​ "Friendzone” បានន័យ​ថា​មិត្តភាព​បាន​នាំ​ពួកគេ​ឲ្យ​ចេះ​យល់​ចិត្ត​គ្នា​ រហូត​វិវត្ត​ទៅ​ជា​គូស្នេហ៍។

១. Jun Ji Hyun និង​ស្វាមី​ Choi Jin Hyuk

រឿង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​របស់​ Jihyun និង​ស្វាមី​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ខ្លាំង​បំផុត។ អ្នក​ទាំង​ ២​ត្រូវ​គេ​ដឹង​ថា​ ពីមុនគឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​តាំង​ពី​នៅ​រៀន​ថ្នាក់​បថមសិក្សាម្ល៉េះ។ រហូត​ដល់​ធំពេញ​វ័យ​រៀង​ខ្លួន​ អ្នក​ទាំង​ ២​ក៏​នៅ​តែ​រាប់អាន​គ្នា ហើយ​យូរៗទៅ​មិត្តភាព​នេះ​ក៏​ក្លាយ​ទៅ​ជា​ស្នេហា​ និង​ឈាន​ដល់​ថ្ងៃ​សាង​ជីវិត​រួម​គ្នា​ជា​គ្រួសារ​តែម្ដង។ មកទល់ពេល​នេះ​ពួកគេ​មាន​កូន ២​នាក់ហើយ។

២. Jo Jung Suk និង​ Gummy

មួយគូ​នេះ​ក៏​បាន​ក្លាយ​ជាគូស្នេហ៍​គំរូ​ប្រចាំ​ពិភព​សិល្បៈកូរ៉េ​ដែរ។ មុន​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ​ប្រកាស​ជា​ផ្លូវការ​ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ពួកគេ​ស្រឡាញ់​គ្នា។ អ្វី​ដែល​គួរ​ឲ្យ​រីករាយ ស្នេហា​បែប​ចាស់ទុំ​នេះ​ក៏​បាន​នាំអ្នក​ទាំង​ ២​ឈាន​ដល់​ថ្ងៃ​រៀបការ។

Jo Jung Suk និង​ Gummy បាន​ស្គាល់​គ្នា​ដំបូង​តាម​រយៈ​មិត្ត​រៀងៗ​ខ្លួន និង​ភ្លាមៗ​ដោយសារ​និស្ស័យ​ ពួកគេ​ក៏​ចាប់​ផ្ដើម​ជិតស្និទ្ធ​នឹង​គ្នា រហូត​ក្លាយ​ជា​គូស្នេហ៍ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ​គួរ​ឲ្យ​សរសើរ។

៣. Lee Joon និង​ Jung So Min

មុនសម្ដែង​រឿង​ «My Father is Strange» ជាមួយ​គ្នា​ ទាំង​ ២​នាក់​នេះ​ជា​អ្នក​ដទៃ​សុទ្ធ​សាធ​ មិន​ទាំង​ដែល​ស្គាល់​គ្នា​ផង។​ ហេតុ​តែ​និស្ស័យ​ ពួកគេ​ក៏​មាន​ឱកាស​បាន​សម្ដែង​រឿង​ជាមួយគ្នា ហើយ​ដោយសារពេល​វេលា​រួម​ការងារ​ជុំគ្នា​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​ចាប់​ផ្ដើម​ចាប់អារម្មណ៍គ្នា​ទៅវិញ​ទៅមក។ ដំណឹង​ស្នេហា​អ្នក​ទាំង​ ២​ត្រូវ​បាន​ផ្ទុះ​ឡើង​កាលពី​ដើម​ឆ្នាំ ២០១៨ គួរ​ឲ្យ​រំភើប​ ពួកគេ​ក៏បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​ Fan។

៤. Choi Tae Joon - Park Shin Hye

នៅ​ឆ្នាំ ២០១៨ គូស្នេហ៍​១គូ​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ដែរ ពេល​ប្រកាស​ពី​ព័ត៌មាន​ស្នេហារយៈពេល​ជាង​ ១ឆ្នាំ។ តាមពិត​ទៅ​ពួកគេ​បាន​ស្គាល់​គ្នា​យូរ​មក​ហើយ​ ព្រោះ​រៀន​សាកលវិទ្យាល័យ​តែមួយ​រួមគ្នា ប៉ុន្តែ​អ្នក​ណា​ទៅ​ដឹង​ថា​និស្ស័យ​របស់​ពួកគេ​មាន​លើស​ពី​មិត្ត​រួម​សាលាទៅ​ទៀត​ គឺ​ជា​គូស្នេហ៍ប្រចាំ​ពិភពសិល្បៈ។ នេះ​គឺ​ជា​ទំនាក់ទំនង​ស្នេហា​អស្ចារ្យពិតៗ ដែល​កើត​ចេញពី​មិត្តភាព​ពួកម៉ាក និង​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន។

៥. Cha Tae Hyun និង Choi Suk Eun

សម្រាប់​ Cha Tae Hyun វិញ​ធ្លាប់​បាននិយាយ​ថា​ លោក​ជួប​ប្រពន្ធ​របស់​លោក​ដំបូង​កាលពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​ជួបភ្លាម​ លោក​ស្រាប់​តែ​លួច​ស្រឡាញ់​ភ្លែត។ ប៉ុន្តែ​ពេល​នោះ​ លោក​អឹមអៀនខ្លាំង​ណាស់ មិនហ៊ាន​និយាយ​រក​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ផង។ ប៉ុន្តែ​ដំបូង​ពួកគេ​ក៏​រាប់អាន​គ្នា​ជា​មិត្តភ័ក្តិ​រយៈ ២ឆ្នាំសិន ទើប​ Tae Hyun សម្រេច​សារភាព​ចំពោះ​ Suk Eun តែម្ដង។ ចំណងស្នេហា​របស់ពួកគេ​ មាន​រយៈពេលជាង​ ១៤​ឆ្នាំ​ហើយ ហើយ​សព្វថ្ងៃ​ពួកគេ​មាន​កូន​ ៣​នាក់​សុទ្ធ​តែ​គួរ​ឲ្យ​ស្រឡាញ់។

៦. Han Chae Young និង Choi Dong Joon

ពីដំបូង​ Chae Young និង​អ្នក​ជំនួញ​ម្នាក់​ឈ្មោះ Choi Dong Yoon គឺជា​មិត្ត​ល្អ​នឹងគ្នា។ ដើមឡើយ​ ពួកគេ​គិត​ថា​គួរ​រក្សា​មិត្តភាព​នេះ​ជា​រៀង​រហូត​ ប៉ុន្តែ​ចុងបញ្ចប់​អ្នក​ទាំង​ ២​ស្រាប់​តែ​មាន​អារម្មណ៍​ល្អ​ឲ្យ​គ្នាទៅ​វិញ​ទៅមក ទើប​សម្រេច​ទាក់ទង​គ្នាជា​គូស្នេហ៍ និង​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ ២០០៧។

៧. Se7en និង​ Lee Da Hae

តារា​កូរ៉េ​មួយ​គូ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នាអស់រយៈពេល​ជាយូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​បន្ទាប់ពី​ចំណាយ​ពេល​នៅជិត គាំទ្រគ្រប់យ៉ាង​ ​ជួយ​ផ្ដល់​កម្លាំង​ចិត្តឲ្យគ្នាអំឡុង​ពេល​មាន​រឿង​លំបាក ទើបដឹង​ថា​ពួកគេ​សំខាន់​ចំពោះ​គ្នា​កម្រិតណា ដូចនេះ​ពាក្យ​ថា​ «Friendzone» លែង​មានទៀត​ហើយ​សម្រាប់​ពួកគេ ព្រោះ​ត្រូវ​ជំនួស​ដោយពាក្យ​ថា​ «ស្នេហា» វិញ។

៨. So Yi Hyun និង In Gyo Jin

តារាសម្ដែង​ទាំង ២​នាក់​នេះ​វិញ​មាន​ឱកាស​បាន​ធ្វើការ​ជាមួយ​គ្នា​ច្រើន​រាប់មិនអស់ តាមរយៈការងារ​សម្ដែង។ អរគុណ​ដល់​ឱកាស​ដែល​បាន​ជួប​ទាំង​នោះ​ ពួកគេ​ក៏បាន​ក្លាយជា​មិត្ត​នឹង​គ្នា យូរៗ​ទៅ​ក៏​វិវត្តទៅជា​ទំនាក់ទំនងស្នេហា ហើយ​កាន់​តែ​រំភើប​ពួកគេ​ក៏​សម្រេច​កាន់​តែ​គ្នា​ចូល​រោងការនៅ​ឆ្នាំ ២០១៤។ បច្ចុប្បន្ន​នេះ​ ពួកគេ​មាន​កូន ២​នាក់​ ហើយគ្រួសារ​តូច​មួយ​នេះ​ បាន​ទទួល​ពាក្យ​ជូនពរ​ និង​ក្ដី​ស្រឡាញ់​ជា​ច្រើន​ពីមហាជន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម