• 2020-06-26 04:25:04
  • ព័ត៌មាន

ទន្ទឹម​ផ្ទុះ​បទ​ថ្មី​ប្រភេទ 18+ ខ្លាំង​ មាន​ដំណឹង​ យូរី និង​សាន់ដេ ជិត​ដាច់​កុងត្រា​ជាមួយ​គ្នា!!

  • 2020-06-26 04:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​បទ​ថ្មី​រសជាតិ​ប្លែក​កាល​ពី​២​ថ្ងៃ​មុន ធ្វើ​ឲ្យ​កក្រើក​លើ​បណ្ដាញ​សង្គម​នោះ ឥឡូវ​មាន​តម្រុយ​ថា តារា​ចម្រៀង យូរី ជិត​ដាច់​កុងត្រា​ជាមួយ​សាន់ដេ ដែល​ជា​ទ្រនំ​បច្ចុប្បន្ន​របស់​នាង​ហើយ។​

មាន​ការ​សង្ស័យ​មួយ​ចំនួន ចាប់​តាំង​ពី យូរី បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ប្រភេទ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​កាល​ពី​២​ថ្ងៃ​មុន។ ការ​សង្ស័យ​នោះ ក៏​ព្រោះ​ថា បទ​ថ្មី​ដែល​បង្កប់​ភាព​សិចស៊ី​ដែល​ជា​ពិសោធន៍​ដំបូង​របស់​តារា​ស្រី គឺ​មិន​បាន​ចេញ​នៅ​ក្រោម​ផលិតកម្ម​សាន់ដេ​ដែល​នាង​បាន​ជ្រក​កោន​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។ ប៉ុន្តែ​គឺ​បាន​ចេញ​នៅ​ក្រោម​ផលិតកម្ម​ថ្មី​មួយ​ផ្សេង។

ចំណុច​នេះ នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ថា​តើ​ហេតុអ្វី បាន​តារា​ស្រី ហ៊ាន​ធ្វើ​បែប​នេះ ខណៈ​នាង​នៅ​ជ្រក​ក្រោម​ផលិតកម្ម​នៅ​ឡើយ។ ជុំវិញ​បញ្ហា​នេះ ក៏​មាន​ដំណឹង​ថា តាម​ពិត យូរី និង សាន់ដេ កាន់​តែ​កៀក​ដល់​ថ្ងៃ​ចប់​កុងត្រា​នឹង​គ្នា​ទៅ​ហើយ ក្រោយ​ពី​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ជិត ១០​ឆ្នាំ។

កញ្ញា យូរី ដ៏​ស្រស់​ប្រិមប្រិយ បាន​ឆ្លើយ​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា ជា​ការ​ពិត​នាង ជិត​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​បច្ចុប្បន្ន​នាង​ហើយ។ យ៉ាង​ណា​ក៏​ដោយ​នាង​ថា មិន​មែន​ដោយ​សារ​បញ្ហា​នេះ ទើប​នាង​ហ៊ាន​ចេញ​បទ "Bae” ជា​ប្រភេទ​បទ​សម្រាប់​មនុស្ស​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង ដ៏​កក្រើក​កាល​ពី​ថ្ងៃ​ទី ២៤ មិថុនា ទើប​កន្លង​ផុត​ទៅ​ក្ដៅ​ៗ​នោះ​ទេ។ នាងថា ដើម​ឡើយ​បទ​ចម្រៀង​ខាង​លើ​នេះ នាង​គ្រាន់​តែ​ថត​លេង​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រោយ​មក មិត្តភ័ក្ដិ​របស់​នាង ក៏​បាន​យក​ទៅ​កាត់​ត​ចេញ​ជា​វីដេអូ​ចម្រៀង​ពេញ​លេញ​មួយ ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តែ​ម្ដង។

យូរី បាន​ចូល​រួម​ជាមួយ​សាន់ដេ តាំង​ពី​ឆ្នាំ ២០១៣ ដែល​គិត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈ​ពេល ៧ឆ្នាំ​ហើយ ដែល​នាង​បាន​ជ្រក​ក្រោម​ផលិតកម្ម​ចំណាស់​មួយ​នេះ។ ក្នុង​រយៈ​ពេល​ជិត​១​ទសវត្ស​នេះ យូរី ក៏​ត្រូវ​បាន​ផលិតកម្ម​លើក​ស្ទួយ ជួយ​ឲ្យ​មាន​បទ​ល្បី​ៗ​ជា​ច្រើន​ដែរ។ បទ​របស់​នាង​ដែល​ល្បី​ដំបូង​នៅ​ផលិតកម្ម​នេះ គឺ​បទ “សង្សារ​មួយ​ថ្ងៃ​សង្សារ​មួយ​ជីវិត” និង បទ “honey សំណព្វ​ចិត្ត” ក្រោយ​មក​ទៀត នាង​ចាក់​ផ្ដើម​ល្បី​ខ្លាំង​ជាមួយ​ប្រភេទ​បទ ញាក់ បែក​ស្លុយ ក្នុង​នោះ​មាន​បទ "ចាក់​ទឹកដូង" និង​បទ "នំប៉័ង​ប៉ាតេ" ជា​ដើម។

រូបភាព៖ ហ្វេសប៊ុក យូរី

តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​ស្រី នាង និង​ផលិតកម្ម​សាន់ដេ នឹង​ផុត​កុងត្រា​ការងារ​ជាមួយ​គ្នា​នៅ​ខែ​ក្រោយ​នេះ​ហើយ។ យ៉ាង​ណា នាង​មិន​ច្បាស់​នៅ​ឡើយ​ថា បន្ទាប់​ពី​នោះ នឹង​ធ្វើ​អ្វី​ទៀត ឬ​បន្ត​កុងត្រា​ជាមួយ​គ្នា​ទៀត។ យូរី ថា អំឡុង​ពេល​នេះ នាង​កំពុង​ពិចារណា​លើ​បញ្ហា​នេះ មុន​សម្រេច​ចិត្ត​ចុងក្រោយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី