• 2020-07-14 08:21:28
  • ព័ត៌មាន

វ៉ាត លីម៉េង ស្រង់​យក​៦​ចំណុច​សំខាន់ៗ ពី​បទពិសោធន៍របស់​លោក ២០​ឆ្នាំ មក​ចែក​ជូន​ប្រិយមិត្ត

  • 2020-07-14 08:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១៤ ខែកក្កដា នេះ អ្នក​និពន្ធ និង​ដឹកនាំ​សម្ដែង​​​ MV ប្រចាំ​ផលិតកម្ម​ថោន លោក វ៉ាត លីម៉េង បាន​បង្ហាញ​បទ​ពិសោធន៍​ជោគជ័យ​លើ​អាជីព​ដឹកនាំ​សម្ដែង​ចំនួន​៦ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ផលិតករ​ជំនាន់​ក្រោយ។

បទពិសោធន៍ទាំងនេះ ត្រូវបានលោកចែករំលែកតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលមានខ្លឹមសារដើមដូច្នេះ៖

១. មាន​ក្រុម​ការងារ​ដែល​មាន​បទ​ពិសោធន៍​ច្រើន និង​ពូកែៗ ស្មោះត្រង់ ធ្វើ​ការ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ សម្រាប់​ជួយ​អ្នក។

២. ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ជាង​មុន ថា​តើយើង​ពូកែ​សរសេរ​សាច់​រឿង​បែប​ណា។

៣. ព្យាយាម​សិក្សា​ស្វែងយល់​ពី​សង្គម និង​បច្ចេកវិទ្យា ថា​តើ​វា​អភិវឌ្ឍន៍​ដល់​ណា​ហើយ ងាយ​ស្រួល​យើង​យក​ចំណុច​ដែល​ថ្មីៗ ឬ​ឧបករណ៍​ទំនើបៗ​បញ្ចូល​ក្នុង​សាច់​រឿង​របស់​យើង​ដើម្បី​ប្លែក និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា។

៤. ដាក់​តួ​សម្ដែង​អោយ​សម​ជាមួយ​នឹងសាច់​រឿង​ទាំង​មុខមាត់ និង​សមត្ថភាព​សម្ដែង​របស់​តួ​អង្គ​នីមួយៗ។

៥. ដាក់​ចិត្ដ​ទទួល​យក​គ្រប់​ពាក្យ​រិះគន់​របស់​អ្នក​ទស្សនា​ដើម្បី​កែខៃ​កំហុស​សម្រាប់​ការ​ផលិត​លើក​ក្រោយ​ៗ​ទៀត

៦. នៅ​ពេល​ជោគជ័យ​កុំ​មាន​មោទនភាព​លើ​ខ្លួន​ឯង​ជ្រុល​ពេក។

គេ​សង្កេត​ឃើញ​ថា និពន្ធ​នាយក និង​ជា​ប្រធាន​ផ្នែក​ដឹកនាំ​សម្ដែង​ប្រចាំ​ផលិតកម្ម​ថោន​ចាស់​វស្សា​រូប​នេះ បាន​បញ្ចេញ​សារ​ផ្ទួន​គ្នា​ទាក់ទង​នឹងការចែករំលែកបទ​ពិសោធន៍​ការងារ និង​គោលបំណង​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា លោក វ៉ាត លីម៉េង និយាយ​ថា បើ​ថ្ងៃ​ណា​មួយ​លោក​ឈប់​ធ្វើ​ការ​នៅ​ផលិតកម្ម​ថោន គឺ​រូប​លោក​នឹង​លែង​ធ្វើ​ការ​ពេញ​ម៉ោង​ឲ្យ​ផលិតកម្ម​ណា​ផ្សេង​ទៀត​ហើយ។ ក្នុង​អាជីព​ជា​អ្នក​ដឹកនាំ​សម្ដែង​២០​ឆ្នាំ​មក​នេះ គ្រាប់​គ្រាន់​អាច​ឲ្យ​លោក​ឆ្អែត និង​មាន​មុខរបរ​រកស៊ី​ផ្ទាល់​ខ្លួន​មួយ ហើយ​បើ​ធ្វើ​អាជីព​ដដែល​វិញ គឺ​ត្រូវ​ធ្វើ​ស៊ី​គម្រោង​ដោយ​ងាក​ទៅ​ដឹកនាំ​សម្ដែង​ភាពយន្ត​បែប​ Action Movie វិញ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម