- 2020-08-05 04:26:30
- ព័ត៌មាន
មាន សូនីតា ផ្ដើមឆាកល្ខោនស្នេហ៍ជាមួយប្រុសសង្ហា ហ្សូណូ ពិត ឬមិនពិត?
- 2020-08-05 04:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន សូនីតា ផ្ដើមឆាកល្ខោនស្នេហ៍ជាមួយប្រុសសង្ហា ហ្សូណូ ពិត ឬមិនពិត?
ចន្លោះមិនឃើញ
មាន សូនីតា បានបង្ហាញឲ្យឃើញពីសភាពប្លែកចាប់តាំងពីឈានជើងចូលឆ្នាំ ២០២០ ដោយដំបូងនាង ចាប់ផ្ដើមធ្វើខ្លួនប្លែក ហ៊ានស្លៀកសិចស៊ីជាងមុន ហ៊ានបញ្ចេញគល់ភ្លៅ ដើមទ្រូងធ្វើឲ្យមានការសរសើរខ្លះ រិះគន់ខ្លះ មកដល់ឥឡូវតារាស្រី កាន់តែប្លែកតាមសកម្មភាពជាមួយប្រុសសង្ហា ហ្សូណូ។
តារាស្រីដែលមានរហស្សនាម រាជិនីក្រមា ផ្ដើមទំនាក់ទំនងស្អិតល្មួតជាមួយប្រុសសង្ហាមកពីហង្សមាស ក្នុងរង្វង់ ២-៣សប្ដាហ៍ចុងក្រោយ តាមរយៈរូបភាពជាស៊េរីមួយហើយមួយទៀត ចាប់តាំងពីពួកគេត្រូវបានគេដឹងថា បានចាប់ដៃសម្ដែងជាមួយគ្នាក្នុងខ្សែភាពយន្តមួយរបស់ហង្សមាស។
ដំបូងឡើយ គេឃើញ មាន សូនីតា តែម្នាក់ឯងជាអ្នកបង្ហោះ ប៉ុន្តែថ្មីៗនេះ ខាងប្រុសក៏ចាប់ផ្ដើមបង្ហាញពីភាពជិតស្និទ្ធតាមរយៈរូបភាពដូចគ្នា នៅលើ IG របស់លោកដែរ។ យ៉ាងណាខាងស្រី ហាក់សកម្មជាង ក្នុងនោះ ក្រៅពីបង្ហោះរូបភាពស្អិតស្នាលជាមួយភាគីខាងប្រុសហើយ នាងនៅបន្ថែម Caption ទាក់អារម្មណ៍ថែមទៀត ដែលមានភាពទាក់ទាញក្នុងផ្លូវស្នេហា ដូចជា "ស្អប់ក្រសែភ្នែកហ្នឹងណាស់ ... មើលគេម្តងៗចង់សន្លប់" ឬ “ហេតុអីបេះដូងមួយនេះចេះតែលោតញាប់អីចឹង" ជាដើម។
ឃើញពីទំនាក់ទំនងដែលទើបចាប់ពន្លកនេះ នាំឲ្យមានការគិត សង្ស័យ និងមន្ទិលជាច្រើនថាតើ អ្វីដែលតារាប្រុសបាន និងកំពុងធ្វើនេះ ជាការពិតដែរឬទេ? ខណៈអ្នកខ្លះថា អាចជាការពិត ហើយពួកគេបានចូលរួមអបអរសាទរថែមទៀត ថា សូនីតា និង ហ្សូណូ ពិតជាសមគ្នាខ្លាំង ពោលគឺស្រស់ស្រស់ ជួបប្រសព្វជាមួយប្រុសសង្ហា។ ប៉ុន្តែអ្នកខ្លះ ក៏មិនជឿថា ដោយពួកគេសំអាងលើហេតុផល តារាបង្ហាញពីភាពស្និទ្ធស្នាលគ្នា គឺជារឿងធម្មតា ដែលពួកគេឃើញជាច្រើនរួចមកហើយ។
ម្យ៉ាង សូនីតា ស្និទ្ធស្នាលជាមួយលោក ហ្សូណូ រឹតមិនចម្លែក ព្រោះពេលនេះ នរណាក៏ដឹងថា ពួកគេបាន និងកំពុងរួមគ្នាសម្ដែងក្នុងខ្សែភាពយន្តមួយរបស់ហង្សមាស ដែលទើបនឹងបើកពិធីក្រុងពាលីចេញថតកាលពីពេលថ្មីៗ។ ដូច្នេះហើយ ទំនាក់ទំនងដែលប្រិយមិត្តបានឃើញនាពេលនេះ គ្រាន់ចំហាយដែលសល់ពីការថតរឿងនោះប៉ុណ្ណោះ។
រឹតតែសំខាន់ជាងនេះ រាជិនីក្រមាដ៏ស្រស់ប្រិមប្រិយ នៅមានរឿងមិនដាច់ស្រឡះមួយទៀត គឺកន្លងមកនាង បានរងព័ត៌មានចចាមអារ៉ាមថា នាងមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយថៅកែស្រីម្នាក់ ដែលកន្លងមកភាគីនារី ក៏មិនដែលជម្រះរឿងនេះដែរ។ ដូច្នេះហើយ អ្នកតាមដាន សន្និដ្ឋានថា ប្រសិនបើចចាមអារ៉ាមនោះ គឺជាការពិត មានន័យថា សូនីតា រឹតតែមិនអាចមានស្នេហាជាមួយបុរសណាម្នាក់បានឡើយក្នុងពេលនេះ មុនពេលនាងបានជម្រះរឿងទាំងនោះ ឲ្យជ្រះស្រឡះ ក្នុងនោះសូម្បីជាមួយ ហ្សូណូ ក៏ដូចគ្នា។
បើទោះមានការកាត់ស្មានបែបនេះបែបនោះ ចំពោះទំនាក់ទំនងជាមួយលោក ហ្សូណូ ដែលជាការវិវត្តន៍ចុងក្រោយនេះ មាន សូនីតា បានបញ្ជាក់ថា ពួកនាង មិនមានអ្វីលើសពីការរាប់អាននោះទេ និងក៏មិនមានអ្វីលើសពីការសម្ដែងដែរ។ សូនីតា បញ្ជាក់បន្ថែមថា នាងរាប់អាន តារាប្រុសខាងលើ ទុកជាបងប្រុសប៉ុណ្ណោះ។ ដោយឡែកភាគីខាងប្រុស មិនទាន់អាចភ្ជាប់ទំនាក់ទំនងសុំការពន្យល់បាន។
មាន សូនីតា បាន និងកំពុងដើរចូលករណីរបស់ សុខ សោម៉ាវត្តី និង លី វ៉ាហេទ និងជាតារាប្រុសស្រីច្រើនគូទៀត ដែលបានបង្កើតទំនាក់ស្អិតល្មួតជាមួយគ្នា ធ្វើឲ្យមានការសង្ស័យ។ តែជារឿយៗពួកគេច្រើន អះអាងថា ជាការរាប់អានធម្មតាក្នុងនាមជាមិត្តភ័ក្តិរួមអាជីព ឬបងប្អូនជាដើម។ លុះដល់ស្ថានការណ៍កាន់តែទុំជោរទើបទទួលស្គាល់ ដូច សោម៉ាវត្តី និងវ៉ាហេទ ក៏បានទទួលស្គាល់ ក្រោយបដិសេធរាប់ភ្លេចជាមួយសារព័ត៌មាន និងមហាជន។
ដោយឡែក សូនីតា និង ហ្សូណូ បាន និងកំពុងក្នុងអន្តរការណ៍ ទៅថ្ងៃមុខប្រែប្រួលយ៉ាងណាទៀត គឺមិនអាចស្មានដឹងដរាបណា សាមីខ្លួននៅតែផ្ដល់ចម្លើយដូចខាងលើដដែលជាដដែល៕