• 2020-08-11 03:30:12
  • ព័ត៌មាន

ស្ងាត់​មួយ​រយៈ​ធំ​ហើយ ស្ថានភាព​ជំងឺ​ស្រី​ស្អាត សុដាលីកា យ៉ាង​ណា​ហើយ!

  • 2020-08-11 03:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ពី​ស្ថានភាព​ជំងឺ​របស់​ស្រី​ស្អាត​ពូកែ​រាំ​ចង្វាក់ Kpop តែ ស៊ុន​សុដាលីកា បាន​ស្ងប់​ស្ងាត់​មួយ​រយៈ ឥឡូវ​នេះ​មាន​ដំណឹង​ថា ស្ថានភាព​របស់​នាង​បាន​វិវត្ត​មក​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត គិត​ត្រឹម​ថ្ងៃ​ទី ១០ ខែ​សីហា ២០២០​ម្សិលមិញ​នេះ។

លោក តែ ស៊ុន​ណាង ជា​ឪពុក​បង្កើត​បាន​បង្ហោះ​​រូប​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ម្សិលមិញ និង​បាន​សរសេរ​ថា "ជូន​កូន​ស្រី​មក​ជួប Fan"។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​តារា​ស្រី នៅ​ពេល​ឃើញ​ លីកា បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ។

ចំពោះ​បញ្ហា​នេះ លោក ស៊ុនណាង បង្ហើប​ឲ្យ​ដឹង​ថា តាម​ពិត​កូន​ស្រី​របស់​លោក​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ប្រមាណ​ជិត​២ខែ​ហើយ ក្រោយ​ពី​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វះកាត់​នៅ​ផ្នែក​ឆ្អឹង​ខ្នង​របស់​នាង​ដែល​មាន​បញ្ហា។ មក​ដល់​​បច្ចុប្បន្ន​ លីកា ស្ថិត​ក្នុង​ការ​មើល​ថែ​របស់​ក្រុម​គ្រួសារ​ដោយ​ផ្ទាល់។ ចំពោះ​ការ​វិវត្តន៍​នៃ​សភាព​ជំងឺ​របស់​យុវតី​ដ៏​ស្រស់​ស្អាត គឺ​នាង​អាច​ងើប​ដើរ​ខ្លួន​ឯង​បាន​ហើយ ហើយ​ស្ថានភាព​ល្អ​ប្រសើរ​នេះ​បាន​កើត​ឡើង​១សប្ដាហ៍​មុន។

នេះ​ជា​ការ​វិវត្តន៍​មួយ​ដំណាក់​កាល​ទៀត ក្រោយ​ពី​នាង​អាច​ប្រឹង​ងើប​អង្គុយ​ដោយ​ខ្លួន​ឯង​បាន បន្ទាប់​ពី​នាង​ទទួល​ការ​វះកាត់​រួច ខណៈ​មុន​នោះ គឺ​នាង​មិន​អាច​កម្រើក​ខ្លួន​បាន​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ លោក ឪពុក​ដដែល បញ្ជាក់​ថា កូន​ស្រី​របស់​លោក​នៅ​តែ​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ដើរ​នៅ​ឡើយ​ទេ។ "បាទ​គាត់​អាច​ងើប​ដើរ​ខ្លួន​ឯង​បាន​តិច​ហើយ តែ​គាត់​នៅ​មិន​ទាន់​រឹងប៉ឹង​នៅ​ឡើយ បច្ចុប្បន្ន​នៅ​គ្រា​នៅ​ឡើយ​។”

បច្ចុប្បន្ន​កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា នៅ​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ និង​ការ​ធ្វើ​ចលនា​ដែល​ជា​ចំណុច​សំខាន់។ ដូច្នេះ​ហើយ ថ្នាំ​ពេទ្យ​តាម​ការ​បញ្ជាក់​របស់​លោក​ឪពុក ប្រើ​តែ​ក្នុង​រង្វង់​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​លែង​ឲ្យ​ប្រើ​ហើយ។ លោក ស៊ុន​ណាង បាន​បញ្ជាក់​ថា គ្រូ​ពេទ្យ​បាន​ណែនាំ​ឲ្យ​ព្យាយាម​ធ្វើ​ចលនា​ឲ្យ​នាង​ឲ្យ​បាន​ច្រើន​។ ដូច្នេះ​ហើយ​តាម​ការ​វិវត្តន៍​ចុង​ក្រោយ​នៃ​ស្ថានភាព​ជំងឺ​របស់​កូន​ស្រី លោក​ថា កូន​ស្រី​ទំនង​អាច​វិល​មក​ប្រក្រតី​វិញ​ឆាប់​ៗ។

តែ ស៊ុន​សុដាលីកា ត្រូវ​បាន​ប្រិយមិត្ត​ស្គាល់​ថា​ជា​យុវតី​មាន​ទេពកោសល្យ​ខាង​ផ្នែក​រាំ​ចង្វាក់ Kpop ក្នុង​ក្រុម OMG។ មិន​ត្រឹម​តែ​មាន​ទេពកោសល្យ ប៉ុន្តែ លីកា ក៏​ទាក់​ទាញ​តាម​រយៈ​រូប​សម្ផស្ស​ស្រស់​ស្អាត​លេច​ធ្លោ​នៅ​ក្នុង​ក្រុម​ទៀត​ផង។ យ៉ាង​ណា នាង​បាន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​រហូត​ដល់​ត្រូវ​ចូល​ទៅ​រក​ការ​ព្យាបាល​ដោយ​ការ​វះកាត់​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​ឧសភា។

អាការ​នោះ​លោក តែ ស៊ុនណាង ជា​ឪពុក ប្រាប់​ថា លីកា មាន​បញ្ហា​កើត​នៅ​លើ​ឆ្អឹង​ខ្នង។ បញ្ហា​នេះ​តាម​ពិត កូន​ស្រី​របស់​លោក​កើត​មាន​យូរ​ហើយ ប៉ុន្តែ​នាង​បាន​ព្យាយាម​លាក់ លុះ​ចុង​ក្រោយ​បំផុត​នាង​បាន​ជួប​ឧបទ្ទវហេតុ​ដួល​ក្នុង​ការ​រាំ​សម​មួយ ទើប​ធ្វើ​ឲ្យ​ជំងឺ​នៅ​ត្រង់​ឆ្អឹង​ខ្នង​នោះ ធ្វើ​ទុក្ខ​ខ្លាំង​តែ​ម្ដង។ តាម​សាមី​ខ្លួន​បញ្ជាក់​នៅ​ថ្ងៃ​ដំបូង​ដែល​នាង​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​នាង គឺ​នាង​មិន​អាច​កម្រើក​ខ្លួន​បាន​ឡើយ​នា​ពេល​នោះ៕

រូបភាព៖ ហ្វេសបុក លីកា

អត្ថបទ៖ ទារិកា

មតិយោបល់