• 2020-08-24 03:54:10
  • ជីវិតតារា

សម្រាក​ប៉ុន្មាន​ថ្ងៃ តារា​សម្ដែង​ពីរ​ដួង​នេះ ទៅ​រំលឹក​អនុស្សាវរីយ៍​ជូរចត់​នៅស្រុក​ស្រែ​

  • 2020-08-24 03:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​ល្បី​ឈ្មោះ​មិន​តិច​ដួង​ទេ​ ដែល​មាន​ដើម​កំណើត​ចេញ​ពី​ស្រុកស្រែ​ចម្ការ ឬ​ងើប​ចេញ​ពី​ការងារ​ស្ទូង​ដក​លើ​ភក់ជ្រាំ។ ប៉ុន្តែ​គេ​កម្រ​ឃើញ​តារា​ទាំង​នោះ​វិល​ទៅ​ដក​ស្ទូង ឬ​រំលឹក​អនុស្សាវរីយ៍​ទាំង​នោះ​ឡើងវិញ​ណាស់។

ដោយ​ឡែក​នៅ​ថ្ងៃ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​ឃើញ​តារា​សម្ដែង​ពីរដួង គឺ​លោក សន ពិសិដ្ឋ និង​អ្នក​នាង អន រ៉ាស៊ី​សុមេត្ដា ហៅ​ណូម័រ បាន​ឆ្លៀត​ពេល​ទៅ​លេង​ស្រុក​កំណើត ព្រម​ទាំង​បាន​រំលឹក​អនុស្សាវរីយ៍​ដ៏​កម្សត់កម្រ​របស់​ខ្លួន​ទៀតផង។

តារា​សម្ដែង​ប្រុស​សម្បូរ​សាច់​ដុំ សន ពិសិដ្ឋ បាន​ទៅ​រំលឹក​អនុស្សាវរីយ៍​របស់​ខ្លួន​ដល់ស្រុក​កំណើត​ នៅឯ​ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ដ​កំពង់​ស្ពឺ ជាមួយ​ទេសភាព​វាលស្រែ​ដ៏​ស្រស់​ស្អាត។ លោក​បាន​បញ្ចេញ​សារ​មួយ​ថា៖"មក​ហូប​សម្ល​ក្ដាម ខ្យង ត្រី​ស្រែ បន្លែ​ធម្មជាតិ នៅ​ខេត្ត​កំពង់​ស្ពឺ"។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ទៅ​ដល់​ទីកន្លែង​អនុស្សាវរីយ៍​ស្នេហា​មួយ​ដែល​លោក​បាន​ថត​រឿង"អន្ទាក់​ស្នេហ៍" ជាមួយ​តួ​អង្គ​ឯក​ស្រី​ដែល​មាន​រួប​សម្ផស្ស​ស្រស់​សោភាម្នាក់ដែរ។ ភាពយន្ដខ្នាតធំដែលលោកបានថតនៅទីនេះ គឺទទួលបានការគាំទ្រច្រើន ទើបលោក​រំលឹក​អនុស្សាវរីយ៍នេះ​ឡើង​វិញដែរ ដោយ​ភ្ជាប់​វីដេអូ​ខ្លី​មួយពី​ទីនោះទៀតផង។

ដោយ​ឡែក​តារា​សម្ដែង និង​ជា​ពិធី​ការិនី​អ្នក​នាង អន រ៉ាស៊ី​សុមេត្ដា ហៅ​ណូម័រ ដែល​ជា​កូន​អ្នក​ស្រែ​មាន​ឪពុក-ម្ដាយ​ជា​អ្នក​ខេត្ត​តាកែវ និង​ខេត្ត​កណ្ដាល បាន​ទៅ​ដល់​ស្រុក​កំណើត​របស់​ខ្លួន​ដែរ​ នៅក្នុង​ឱកាស​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ណូម័រ បញ្ជាក់​ថា នាង​កើត​មក​ដល់​៣១​ឆ្នាំ​នេះ មិន​ដែល​ទិញ​អង្គរ​គេ​ហូប​អស់​មួយ​រៀល​ឡើយ ដោយ​គ្រួសារ​នាង​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ឆ្នាំ។

ណូម័រ៖"សូម​មនុស្ស​មួយ​ចំនួន​កុំ​រើសអើង​អ្នក​ស្រែ​អី ទោះ​យើង​គ្មាន​វីឡា តែ​ដី​ស្រែ​កេរ្ដិ៍ម៉ែ​អាច​ធំ​ជាង​វីឡា​អ្នក​ផង"។

បើ​ទោះ​បី​ជា​ណូម័រ មិន​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នាង​នៅ​តែ​ចុះ​ភក់​ដក​ស្ទូង​ខ្លួន​ឯង​ដោយផ្ទាល់ ឬ​ជួល​កម្លាំង​គេ​ឲ្យ​ធ្វើ​ស្រែ​ជំនួស​យ៉ាង​នោះ ប៉ុន្តែ​នាង​ហាក់​យល់​ច្បាស់​ពី​គុណ​តម្លៃ នៃ​ការ​ធ្វើ​ស្រែ​ណាស់ ហើយ​នាង​ថែម​ទាំង​អំពាវនាវ​ឲ្យ​គេ​ឯង​ផ្ដល់​តម្លៃ​ដល់​កសិករ​ខ្មែរ​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម