• 2020-09-07 08:56:35
  • ជីវិតតារា

ស្អាត​ហើយ ខ្លាំង​ខាង​ក្បាច់គុន​ទៀត! សិល្ប​ការិនី​ខ្មែរ​បី​រូប អាច​មានសមត្ថភាពខ្ពស់ជាងបុរសមួយចំនួនទៀត

  • 2020-09-07 08:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បការិនីខ្មែរបីដួង មានសមត្ថភាពសម្ដែង ច្រៀង និងក្បាច់គុនបុរាណខ្មែរមិនចាញ់បុរសឡើយ។ ពួកគេមានគោលបំណងធំរៀងខ្លួន ទើបបច្ចុប្បន្នពួកគេខ្នះខ្នែងណាស់ក្នុងការបង្កើនសមត្ថភាពទាំងខាងក្បាច់គុន និងសិល្បៈ។

តារា​សម្ដែង​ស្រី​ដែល​និយម​ដើរ​តួ​កាច​ឆ្នាសឆ្នើម ពេជ្រ ចរណៃ មាន​អាជីព​សំខាន់​២ គឺ​តួ​សម្ដែង និង​ជា​គ្រូ​បង្វឹក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នៅ​បន្ទាយទាហាន​លេខ”ង៧០”។

ពេជ្រ ចរណៃ ដែល​មាន​ឈ្មោះ​ពិត​ថា ពេជ្រ កន្និកា ធ្លាប់​បង្ហើប​ប្រាប់​Sabay ថា​នាង​នឹង​ក្លាយ​ជា​មន្ត្រី​យោធា​សកម្ម​ម្នាក់​នៅ​"ង​៧០" បន្ថែម​លើ​អាជីព​បង្វឹក​ក្បាច់គុន និង​ជា​តារា​សម្ដែង​ខ្សែភាពយន្ត។ ទន្ទឹម​គ្នា​នោះ ចរណៃ ក៏​នឹង​បើក​កន្លែង​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ផ្ទាល់​ខ្លួន​១​កន្លែង​ដែរ​ សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ។

ពេជ្រ ចរណៃ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត​១០​ឆ្នាំ​ហើយ។ នាង​ធ្លាប់​ដើរ​ជា​តួអង្គ​ឯក​ស្រី ក្នុង​រឿង​"អាគម​ស្បែក​ដាច" ព្រម​ទាំង​បាន​ដើរ​ជា​តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​ភាគ និង​ខ្នាត​ធំ​សរុប​ជាង​២០​រឿង​ផ្សេង​ទៀត។

បច្ចុប្បន្ន ចរណៃ នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​អាជីព​សម្ដែង​ទាំង​តួអង្គ​កាច​ឆ្នាសឆ្នើម វាយតប់​កាប់​ចាក់ និង​តួអង្គ​សុភាពរាបសារ។ ជាក់​ស្ដែង​នាង​ទើប​ថត​វីដេអូ​អប់រំ​ខ្លី​មួយ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន គឺ​រឿង"​ដើម្បី​ល្បី" និង​កំពុង​ថត​រឿង"អ្នក​ម៉ាក់​វ័យ​ក្មេង​វគ្គ២"​ឲ្យ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន។

ស្រដៀង​គ្នា​នឹង​កញ្ញា ពេជ្រ ចរណៃ ដែរ កីឡា​ការិនី​ល្បុក្កតោ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ប្រដាល់​សេរី​ផ្នែក​នារី កញ្ញា ថុល អាពណ៌ ហៅ​​ ធន់ វីរៈពណ៌ ក៏​មាន​ទេពកោសល្យ​ទាំង​ការ​សម្ដែង និង​ឈរជើង​នៅ​លើ​ទីលាន​ប្រកួត។ បច្ចុប្បន្ន វីរៈ​ពណ៌ ជា​កីឡា​ការិនី​ប្រដាល់​សេរី​ផង និង​ជា​គ្រូ​គុន​ល្បុក្កតោ​ផង។

ត្បិតថា​នាង​មាន​សមត្ថភាព​បង្រៀន​គេ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​នៅ​ក្នុង​វ័យ​១៩​ឆ្នាំ​នេះ ធន វីរៈពណ៌ នៅ​តែ​ឆ្លៀត​ពេល​ទៅ​ហ្វឹកហាត់​បន្ថែម​ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ប្រដាល់​សេរី​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ និង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នៅ​ក្លឹប​ក្មេង​វត្ដ​ថាន់។ ទិសដៅ​របស់ វីរៈពណ៌ គឺ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​មាន​សមត្ថភាព និង​ជា​សិល្ប​ការិនី​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ខាង​សម្ដែង​រឿង​ប្រភេទ Action Movie ដើម្បី​ផ្សព្វផ្សាយ​ពី​ភាព​អស្ចារ្យ​ក្បាច់គុន​ល្បុក្កតោ និង​ប្រដាល់​សេរី​របស់​ខ្មែរ។

ធន វីរៈពណ៌ ចាប់​ផ្ដើម​ប្រឡូក​ក្នុង​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១៩ តាម​រយៈ​រឿង"បំណុល​ឈាម​អ្នក​ប្រយុទ្ធ" ហើយ​នាង​ក៏​កំពុង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ទៀត​ដែរ គឺ​រឿង"មិត្ត​ក្របី"។

ងាក​មក​តារា​ចម្រៀង​ដែល​និយម​Cover បទ​ជំនាន់​ដើម គឺ​កញ្ញា សោភា ទេពី វិញ។ ទេពី មាន​អាជីព​សំខាន់​១ គឺ​ច្រៀង ព្រោះ​នាង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​នានា​ដែល​រៀបចំ​ឆាក​ប្រគំតន្ត្រី​ដោយ​គ្រួសារ​នាង​ផ្ទាល់។ ក្រៅ​ពី​នេះ នាង​ក៏​នៅ​មាន​ឱកាស​បញ្ចេញ​សំនៀង​ដ៏​ពីរោះ​របស់​នាង​ទៅ​កាន់​មហាជន​ដែរ តាម​រយៈ​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​យូធូប។

ក្នុង​វ័យ​១៧​ឆ្នាំ តារា​ចម្រៀង​ស្រី​សាច់​ស​ទ្រលុកទ្រលន់ សោភា ទេពី បាន​ឆ្លៀត​ពេល​ពី​អាជីព​សិល្បៈ​ទៅ​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នៅ​ពហុ​កីឡាដ្ឋាន​ស្ដាត​ចាស់​រាល់​ថ្ងៃ ដើម្បី​សម្រេច​គោលបំណង​ធំ​មួយ គឺ​ធ្វើ​ជា​មន្ត្រី​យោធា​ដែល​មាន​កាយ​សម្បទា​រឹងមាំ និង​សមត្ថភាព​ខាង​សិល្បៈ​នៅ​ក្នុង​អាយុ​១៨​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។

សោភា ទេពី ធ្លាប់​បង្ហើប​ថា នាង​នឹង​ដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​យោធា​ឲ្យ​បាន ព្រោះ​នាង​មាន​ចិត្ត​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ចង់​ក្លាយ​ជា​មន្ត្រី​យោធា​ដ៏​មាន​សមត្ថភាព​មួយ​រូប​តាំង​ពី​តូច ដើម្បី​ត្រៀម​ការពារ​ទឹកដី ឬ​ការ​ឈ្លានពាន​ផ្សេងៗ​ពី​បរទេស។

សោភា ទេពី ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន ចាប់​តាំង​ពី​នាង​បាន​ឆ្លង​កាត់​ការ​ប្រឡង​ច្រៀង​ក្នុង​កម្មវិធី The cambodia Idol រដូវ​កាល​ទី៣ ឆ្នាំ​២០១៧។ កាល​ណោះ​នាង មិន​ត្រូវ​បាន​គណៈកម្មការ​ឲ្យ​ជាប់​ក្នុង​កម្មវិធី ប៉ុន្ដែ​សំឡេង​របស់​នាង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រិយមិត្ត​ថា​មាន​ទឹកដម​សំឡេង​ពីរោះ ហើយ​នាង​ក៏​ចាប់​អាជីព​ចម្រៀង​រហូត​មក​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់