• 2020-09-23 08:48:42
  • ព័ត៌មាន

តាំង​ចិត្ត​ខ្ពស់​ណាស់! យុវតី ស៊ន់ ច័ន្ទ​បូរី សម្រេច​យក​អាជីព​ម៉ូដែល ដើម្បី​យក​ឈ្នះ​ខ្លួន​ឯង

  • 2020-09-23 08:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ស៊ន់ ច័ន្ទ​បូរី ដែល​បច្ចុប្បន្ន គឺ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំ​មួយ​នេះ បាន​សម្រេច​ហក់​ចូល​មក​ប្រឡូក​ក្នុង​អាជីព​ជា​តារា​ម៉ូដែល ជា​មួយ​ហេតុផល​សំខាន់​មួយ​ថា នាង​ចង់​យក​ការងារ​នេះ​មក​វាស់​ស្ទង់​ពី​ខ្លួន​ឯង។

តាម​ការ​បង្ហើប​ផ្ទាល់​ខ្លួន កញ្ញា ស៊ន់ ច័ន្ទ​បូរី បច្ចុប្បន្ន​បាន និង​កំពុង​បម្រើ​ការងារ​ជា​អ្នក​រៀប​ចំ​កម្មវិធី (Event Officer) នៅ​ក្រុមហ៊ុន​ឯកជន​មួយអស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ហើយ។ ត្បិត​ថា នេះ​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​ទ្រទ្រង់​ខ្លួន​ឯង ប៉ុន្តែ បុរី បង្ហើប​ថា នាង​នៅ​មាន​ចំណូល​ចិត្ត​មួយ​ផ្សេង​ទៀត គឺ​ចង់​ធ្វើ​ជា​តារា​ម៉ូដែល​អាជីព​ម្នាក់ ហើយ​ពេល​នេះ នាង​បាន​សម្រេច​បាន​ហើយ​ក្រោយ​នាង​បាន​ចូល​រួម​ជា​មួយ​ក្រុម​ម៉ូដ Perfect 10 កាល​ពី​ពេល​ថ្មី​ៗ។

ហេតុផល​មួយ​ផ្សេង​ក្រៅ​តែ​ពី​ធ្វើ​តាម​និស្ស័យ គឺ​នាង​ចង់​រក​ឲ្យ​ឃើញ​អ្វី​ជា​ខ្លួន​ឯង។ បូរី ប្រាប់​ថា តាម​រយៈ​ការងារ​នេះ បាន​នាំ​ឲ្យ​នាង​បាន​ស្គាល់ និង​បាន​យល់​បន្ថែម​ទៀត​ពី​ការងារ​ម៉ូដែល ជា​អាជីព​ដែល​បាន​ដក់​ក្នុង​ដួង​ចិត្ត​របស់​នាង​តាំង​ពី​តូច​ៗ​មក។ ស្រប​ពេល​ឱកាស​មក​ដល់ ពោល​គឺ Perfect 10 ផ្ដល់​ឱកាស​ផង នាង​ក៏​សម្រេច​ឈោង​ចាប់​អាជីព​ក្នុង​ដួង​ចិត្ត​មួយ​នេះ​ដោយ​ឥត​ស្ទាក់​ស្ទើរ។

“នេះ​គឺ​ជា​ឱកាស​ល្អ ដែល​ខ្ញុំ​ចង់​រក​ឲ្យ​ឃើញ​ថា ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ការងារ​ហ្នឹង​មែន​ឬ​អត់ ហើយ​មួយ​ទៀត​ថា​តើ​ខ្ញុំ​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​លើ​ការងារ​ហ្នឹង​អីចឹង​ណា​បង"។ បូរី ថ្លែង។ ក្រៅ​ពី​យុវតី​វ័យ ២០​ឆ្នាំ​ជាង បញ្ជាក់​ថា នាង​ក៏​ចង់​យក​ឈ្នះ​ខ្លួន​ឯង ដើម្បី​បង្កើន​នូវ​ជំនឿ​ចិត្ត​លើ​អ្វី​ដែល​ខ្លួន​ឯង​នៅ​ខ្វះ​ខាត។

យុវតី​វ័យ ២២​ឆ្នាំ ថា នាង​មាន​ស្លាក​ស្នាម​ធំ​មួយ​កន្លែង​នៅ​ត្រង់​ក​សំណល់​ពី​ការ​វះកាត់ ដែល​នេះ គឺ​ជា​ឧបសគ្គ​មួយ​សម្រាប់​អាជីព​នេះ​ដែល​ត្រូវ​អ្នក​មាន​សម្ផស្ស​ស្អាត សាច់ និង​ស្បែក​ស្អាត។ ប៉ុន្តែ​នាង​តាំង​ចិត្ត នឹង​យក​ឈ្នះ​លើ​រឿង​នេះ និង​ចង់​បង្ហាញ​ទៅ​ស្ត្រី​ផ្សេង​ទៀត ដែល​ចង់​ក្លាយ​ជា​តារា​ម៉ូដែល ហើយ​នៅ​ស្ទាក់​ស្ទើរ​ចំពោះ​ចំណុច​ខ្វះខាត​ខ្លះ​ៗ​ដែល​ខ្លួន​មាន។

“ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ស្ត្រី​ផ្សេង​ទៀត​ថា​ត្រូវ​រក​ឲ្យ​ឃើញ​យើង​ជា​នរណា ខ្លាំង​លើ​អ្វី ហើយ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ...មួយ​ទៀត​ក៏​លើក​ទឹក​ចិត្ត​កុំ​អោយ​គាត់​គិត​ថា ចង់​ពាក់ព័ន្ធ​វិស័យ​ហ្នឹង​ដែរ តែ​ខ្លួន​ឯង​អត់​គ្រប់​គ្រាន់ អត់​ស្អាត ខ្វះ​ចំណុច​នេះ​ចំណុច​នោះ...តែ​ត្រូវ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ឲ្យ​ខ្លាំង ហើយ​ប្រឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​តាម​តែ​អាច​ធ្វើ​បាន ខ្ញុំ​ចង់​និយាយ​ថា ​អ្វី​ដែល​​ត្រូវ​យើង​ធ្វើ នោះ​គឺ​ជា​ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង"។

ក្រោយ​បាន​ប្រឡូក​ត្រឹម​រយៈ​ពេល​ខ្លី​ជាមួយ Perfect 10 បូរី ប្រាប់​ថា​នាង ពិត​ជា​រៀន​បាន​ច្រើន​ពី​ក្រុម​ម៉ូដែល​នេះ និង​ពី​ការងារ​ម៉ូដែល​ផ្ទាល់ ហើយ​ថា វា​មាន​ភាព​អស្ចារ្យ​ច្រើន សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​ចូល​ចិត្ត​វា គួរ​ចាប់​ផ្ដើម​ជាមួយ​វា៕

រូបភាព៖ ផ្ដល់​ដោយ បូរី(ក្រេឌីត៖ វាសនា)

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី