
- 2020-09-30 03:16:31
- ព័ត៌មាន
ខូចចិត្ដទៀតហើយ! នាយតាក់ស៊ី ជួបស្នេហ៍មិនសមប្រកបជាលើកទី២
- 2020-09-30 03:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខូចចិត្ដទៀតហើយ! នាយតាក់ស៊ី ជួបស្នេហ៍មិនសមប្រកបជាលើកទី២
ចន្លោះមិនឃើញ
តារាកំប្លែងប្រចាំក្រុមនាយពាក់មី គឺលោក មុល សារឿន ហៅនាយតាក់ស៊ី បានបែកបាក់ស្នេហាជាលើកទី២ បើទោះបីជាពេលនេះរូបលោកមានលំនឹងទាំងអាជីពសិល្បៈ និងអាជីវកម្មក្រៅសិល្បៈ។ បើនិយាយពីរឿងស្នេហាវិញលោកដូចជាមិនសមប្រកបសោះ។
ក្រោយពីលែងលះដាច់ស្រេចជាមួយអ្នកនាងភីម ដែលជាអតីតភរិយារៀបការពេញច្បាប់ ហើយមានដំណក់ឈាមរួមគ្នា គឺកូនស្រីម្នាក់ផងនោះ លោក មុល សារឿន បានសម្លឹងឃើញនារីម្នាក់ផ្សេងទៀតឈ្មោះ សុខា នៅខេត្តស្វាយរៀង។ លោកធ្លាប់ប្រកាសថា រូបលោក និងនាង សុខា នឹងចូលរោងការនៅអំឡុងខែឧសភា ឆ្នាំ២០២០ ព្រោះនារីនោះធ្លាប់មើលថែរូបលោកកាលនៅឈឺ ហើយបានយល់ចិត្តថ្លើមគ្នាច្រើន តែបន្តិចក្រោយមកក៏ស្ងាត់ឈឹងទៅវិញ។
នៅក្នុងឱកាសដែលតារាកំប្លែងមាឌល្អិត វ័យជាង៤០ឆ្នាំ រូបនេះ អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធយានដ្ឋានជួសជុល និងបើកលក់រថយន្តមួយរបស់តារាចម្រៀងម្នាក់ នាខណ្ឌសែនសុខ លោកបង្ហើបថា ស្នេហារបស់លោកក្រោយនេះ បានដើរដល់ផ្លូវបំបែកហើយ។
លោក មុល សារឿន៖"យើងបានស្រឡាញ់ យល់ចិត្តថ្លើមគ្នាបានបីខែដែរ ឥឡូវចែកផ្លូវគ្នាហើយ។ ចំពោះមូលហេតុដូចថាយើងមាននិស្ស័យជាមួយគ្នាតែបីខែហ្នឹង ឥឡូវមិនទាន់មើលឃើញអ្នកណាអ្នកណីទៀតទេ ព្រោះបងនៅមើលថែម្ដាយចាស់ម្នាក់"។
បច្ចុប្បន្ន នាយតាក់ស៊ី ជាប់អាជីពលេងកំប្លែងប្រចាំនៅប៉ុស្ដិ៍ស៊ី ធី អិន ឡើងវិញ ហើយលោកក៏ឆ្លៀតចេញថតរឿងខាងក្រៅម្ដងម្កាលដែរ។ វត្តមានរបស់លោកនៅក្នុងកម្មវិធីសម្ពោធបើកយានដ្ឋានលក់ឡានតារាចម្រៀង អ៊ី ណូ ថ្ងៃមុន គេឃើញលោកមានសាច់ឈាមស្រស់ថ្លា និងសុខភាពល្អ ក្រោយពីលោកកាក់កបនឹងការរកស៊ីលក់ឡានជាមួយគេ និងជាប់លាប់នឹងអាជីពកំប្លែងឡើងវិញ តែចិត្តលោកហាក់ហត់នឿយណាស់ជាមួយនឹងជីវិតស្នេហា៕