• 2020-10-07 02:33:22
  • ជីវិតតារា

តារាសម្ដែង​ម៉េប៊ី បង្ហោះរូប១សន្លឹក អមដោយ​សារ​បង្កប់អត្ថន័យសោកសៅ និងឯកាបំផុត

  • 2020-10-07 02:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​វ័យក្មេង កញ្ញា ម៉េប៊ី (Mai Be) បានបង្ហោះសារ​ដ៏វែងមួយ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន កាលពីថ្ងៃទី៥ ខែតុលា​កន្លងទៅ អមដោយរូបភាព​ក្នុង​បន្ទប់ទឹក​១សន្លឹក បង្ក​ឲ្យមានការងឿងឆ្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រ។

រូបភាពដែល Mai Be បង្ហោះអមជាមួយសារដ៏សោកសៅ

ក្រោយឃើញ​សារបង្កប់​​​នោះ អ្នកគាំទ្រ​របស់​នាង បាន​ចូល​ផ្ដល់ជា​មតិលើកទឹកចិត្ត​ជាច្រើន ដោយ​យល់​ពីអត្ថន័យ​ដ៏សោកសៅរបស់នាង។ ខ្លឹមសារ​ទាំងស្រុង​នៃ​សារ​របស់ Mai Be មានដូចខាងក្រោម៖

"ព្រោះខ្ញុំមិនចង់ឱ្យអ្នកណាលំបាកដោយសារតែខ្ញុំ ទើបខ្ញុំតែងនិយាយថា "មិនអីទេ" ។ ព្រោះខ្ញុំមិនចង់ធ្វើជាបន្ទុកគ្រួសារ ទើបខ្ញុំសម្ដែង​ធ្វើជារឹងមាំ។ ព្រោះខ្ញុំត្រូវរឹងមាំ ទើបទៅពេលខ្លះខ្ញុំដើរទៅមុខទាំងឈឺចាប់។

"ខ្ញុំមិនអីទេ" ជាប្រយោគដែលខ្ញុំចូលចិត្តប្រើជាងគេ ហើយក៏ជាឃ្លាដែលធ្វើឱ្យខ្ញុំឯកោបំផុតដែរ។ គ្រប់គ្នាតែងគិតថាខ្ញុំរឹងមាំ ទើបពួកគេមិនដែលអើពើនឹងខ្ញុំ។ មែនទែនទៅខ្ញុំហាក់​ដូចកំពុងរសាត់ក្នុងពិភពលោកនេះតែម្នាក់ឯង។ ទោះនៅក្នុងហ្វូងមនុស្សក៏នៅតែមានអារម្មណ៍ឯកោ ទោះទៅណា ក៏គ្មានកន្លែងដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត។

"ខ្ញុំមិនអីទេ" ជាឃ្លាដែលធ្វើឱ្យខ្ញុំញញឹមនៅចំពោះមុខមនុស្សគ្រប់គ្នា ខណៈផ្លូវចិត្តកំពុងធ្លុះធ្លាយ។ នៅខាងក្រោយពាក្យមិនអីទេ គឺជាខ្យល់ត្រជាក់ដ៏សែនរងា ជាវាលរហោឋានដ៏ល្វឹងល្វើយ។ ទោះខ្ញុំរឹងមាំប៉ុនណា ក៏ខ្ញុំនៅតែត្រូវការការយកទុកដាក់ ត្រូវការអ្នកគាំទ្រ ត្រូវការកម្លាំងចិត្តដូចគេដែរ ប៉ុន្ដែតើខ្ញុំត្រូវប្រាប់អ្នកណា? ក្រៅពីប្រាប់ខ្លួនថាទ្រាំ ខ្ញុំហារមាត់និយាយមិនចេញទេ។

ខ្ញុំហត់ ខ្ញុំឃ្លាន ខ្ញុំត្រូវការជំនួយ តែខ្ញុំគ្មានលទ្ធភាពពោលពាក្យ "សុំ" ទេ។ ជីវិតតែងមានទុក្ខលំបាក ហើយទុកលំបាកតែងមានទំហំខុសគ្នា ប៉ុន្ដែមិនមែនបានន័យថារាល់ទុក្ខលំបាក សុទ្ធតែត្រូវការដំណោះស្រាយពីអ្នកដទៃទេ ។ ម្នាក់ឯង បានធ្វើឱ្យខ្ញុំទ្រាំរស់ទាំងធ្លុះធ្លាយ ។ ភាពរឹងមាំដែលមានតែសំបក វាជាការឈឺចាប់មួយ ជីវិតដែលខ្វះក្ដីស្រឡាញ់ រឹតតែឯកោ។

យូរៗទៅ ខ្ញុំត្រូវដោះស្រាយបញ្ហាខ្លួនឯង តែម្នាក់ឯង។ យូរៗទៅខ្ញុំត្រូវប្រឈមមុខនឹងព្យុះជីវិតតែម្នាក់ឯង។ យូរៗទៅខ្ញុំត្រូវរស់ពឹងខ្លួនឯងទាំងស្រុង។ យូរៗទៅខ្ញុំលែងមានភាពកក់ក្ដៅពីមនុស្សក្បែរខ្លួន។ យូរទៅខ្ញុំក្លាយជាមនុស្សរឹងមាំក្នុងភ្នែកអ្នកដទៃ។ យូរៗទៅ ខ្ញុំក៏ក្លាយជាមនុស្សមិនអីស្ទើរគ្រប់រឿង។ យូរៗទៅខ្ញុំក្លាយជាមនុស្សដែលគេបោះបង់ចោល។ ខ្ញុំរឹងមាំពេក រឹងមាំរហូតធ្វើឱ្យមនុស្សក្បែរខ្លួនស្ដាប់មិនឮសំឡេងដ៏សែនឈឺចាប់។

កញ្ញា Mai Be

មកទល់ពេលនេះ កញ្ញា Mai Be មិនទាន់បកស្រាយយ៉ាងណានោះទេ ចំពោះការបង្ហោះសារខាងលើនេះ។ [Sabay] នឹងផ្សាយជូនបន្តទៀត នៅពេលទទួលបានការឆ្លើយតបពីតារា​វ័យក្មេងរូបនេះ៕

មតិយោបល់
អត្ថបទពេញនិយម