• 2020-10-19 03:51:38
  • ព័ត៌មាន

នាយកដ្ឋានភាពយន្ដជម្រះរឿងទូរទស្សន៍ថៃ យករូបប្រាសាទអង្គរវត្ដខ្មែរទៅប្រើ

  • 2020-10-19 03:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បញ្ជាក់​ជា​ថ្មី​ថា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ថៃ បាន​ទទួល​កំហុស​របស់​ខ្លួន ហើយ​បាន​ដក​រូប​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ​ពី​ផូសស្ទ័រ(Poster) ក្នុង​រឿង​មួយ​របស់​ថៃ​ដែល​មាន​ចំណង​ជើង​ថា"សន្យា​ស្នេហ៍ សន្យា​បោកប្រាស់" ចេញ​វិញ​អស់​ហើយ។

ការ​បញ្ជាក់​នេះ នៅ​ក្រោយ​ពេល​ដែល​មាន​ផលិតករ​ភាពយន្ត និង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ស្ដីបន្ទោស​ផលិតករ​ភាពយន្ត​ថៃ ថា​មាន​ល្បិច​ខូច ដោយ​ធ្វើ​កំហុស​ឆ្គង​ម្ដង​ហើយ​ម្ដង​ទៀត តាមរយៈ​យក​រូប​ប្រាសាទ​អង្គរ​វត្ត​​ខ្មែរ​ទៅ​ដាក់​លើ Poster​ រឿង​របស់​ខ្លួន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ទីតាំង​ប្រាសាទ​អង្គរ​វត្ត​សោះ និង​ការ​បំភ្លៃ​មួយ​ទៀត​ពី​តារា​ស្រី​ឈ្មោះ​ផ្កាយ​ព្រឹក​កន្លង​ទៅ​ថា​ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ថៃ​នោះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង។

ផលិតករ​ភាពយន្ត​ខ្មែរ​ល្បី​ឈ្មោះ​មួយ​រូប គឺ​លោក ហ៊ុយ យ៉ាឡេង លើក​ឡើង​ថា"ចូល​ចិត្ត​លេង​ល្បិច​ខូច អាង​អី​ចេញ​លិខិត​សុំ​ទោស។ នេះ​លើក​ទី​ប៉ុន្មាន​ហើយ គួរ​ផ្អាក​យក​រឿង​ប៉ុស្តិ៍​នេះ​មក​ចាក់​ផ្សាយ​ទៅ កុំ​ឲ្យ​គាត់​បាន​ចិត្ត​ពេក"។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ប៉ុក បូរក្ស បាន​ប្រាប់ Sabay នៅ​ថ្ងៃ​ទី១៩ ខែ​តុលា នេះ​ថា ការ​ពិត​ទាំង​ម្ចាស់​ប៉ុស្តិ៍​លេខ​៣ និង​អ្នក​ផលិត​រឿង​នេះ មិន​បាន​ដឹង​ពី​កំហុស​ឆ្គង​នេះ​ភ្លាមៗ​នោះ​ទេ ព្រោះ​អ្នក​ធ្វើ​ទីផ្សារ​ក្នុង​រឿង​នេះ​ទេ​ដែល​មាន​កំហុស ព្រោះ​គេ​ចង់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេក​ទើប​ដាក់​បញ្ចូល​រូប​ប្រាសាទ​ខ្មែរ​ចូល​លើ Poster នោះ។ ប៉ុន្តែ​ទូរទស្សន៍​នេះ បាន​លុប​រូប​ប្រាសាទ​អង្គរ​វត្ត​ចេញ​វិញ​តាំង​ពី​ថ្ងៃ​ទី១៦ ខែ​តុលា។

ប៉ុក បូរក្ស៖"យើង​មិន​អាច​សុំ​ឲ្យ​គេ​ដក ឬ​ឈប់​បញ្ចាំង​រឿង​នេះ​ទេ ព្រោះ​ស្ថិតនៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​គេ។ តែ​យើង​បាន​ធ្វើ​ការងារ​នេះ​ភ្លាម​ៗ​តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ហើយ​គេ​ក៏​ទទួល​កំហុស និង​លុប​រូប​ប្រាសាទ​យើង​ចេញ​ពី​រឿង​នោះ​វិញ​អស់​ហើយ​ដែរ​ តែនៅមានបងប្អូនយើងយករូបភាពចាស់មកបង្ហោះ"។

ប្រធាន​នាយកដ្ឋាន​រូប​នេះ បញ្ជាក់​ថា ប្រាសាទ​អង្គរ​វត្ដ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​ប្រាសាទ​អង្គរ​វត្ត​គឺ​ជា​របស់​មនុស្សជាតិ​ទាំង​អស់​ក្នុង​ការ​ចូល​រួម​ថែរក្សា និង​លើក​តម្កើង​។ ប៉ុន្ដែ​ការ​យក​រូប​ប្រាសាទ​អង្គរ​វត្ដ​របស់​ខ្មែរ​ទៅ​ដាក់​ក្នុង​រឿង នៃ​ជាតិ​សាសន៍ណា​មួយ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​នោះ គឺ​ជា​ការ​ខុសឆ្គង ហើយ​អ្នក​ដែល​យក​ទៅ​ប្រើ​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់ ឬ​ត្រូវ​កែតម្រូវ​ជាបន្ទាន់​ដូច​ជា​ករណី​នេះ​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម