• 2020-10-20 03:21:31
  • ព័ត៌មាន

ស្រាយ​ឲ្យ​អស់ ពី​ទំនាក់ទំន​រវាង ផាន់ រុង និង ហេង កូស៊ីន ត្រូវ​ជា​អ្វី​នឹង​គ្នា

  • 2020-10-20 03:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផាន់ រុង និង​កញ្ញា ហេង កូស៊ីន បាន និង​កំពុង​សាង​ការ​ចាប់​អារម្មណ៍​រួម​គ្នា​ខ្លាំង​នៅ​ក្នុង​ការ​សម្ដែង​ខ្លី​ៗ​ក្នុង​ឃ្លីប​ដែល​ផលិត​ដោយ​លោក ផាន់ រុង សម្រាប់​ដាក់​លើ​ឆាណែលយូធូប​របស់​ខ្លួន។

ពួក​គេ​ទាំង​ពីរ ទើប​ចាប់​ផ្ដើម​សម្ដែង​រួម​គ្នា ចាប់​ពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ ប៉ុណ្ណោះ។ផាន់ រុង បញ្ជាក់​ថា លោក​បាន​ឃើញ កូស៊ីន នៅ​លើ​ហ្វេសប៊ុក ហើយ​ក៏​ចាប់​អារម្មណ៍​លើ​នាង។ ចំណុច​ចាប់​អារម្មណ៍​ទី​១ គឺ​រូបរាង និង​ទី​២ លោក​​ថា កូស៊ីន មើល​ទៅ​ហាក់​មាន​ទេពកោសល្យ​សិល្បៈ។ ដូច្នេះ​ហើយ លោក​បាន​ទាក់ទង​នាង​តែ​ម្ដង។

ផាន់ រុង ថ្លែង៖ "ឃើញ​គាត់​លើ​ហ្វេសប៊ុក គាត់​ដូច​ជា​ម៉ូដែល​អី​ដែរ​ចឹង ខ្ញុំ​ក៏​ទាក់​ទង​គាត់ គឺ​ទាក់​ទង​ពី​យប់ ព្រឹក​ឡើង​សម្ដែង​តែ​ម្ដង!"។ កូស៊ីន មក​ចូល​រួម​សម្ដែង​ភ្លាម​ៗ ដោយ​មិន​ឆ្លង​កាត់​ការ​ហាត់​សម​ជា​មុន​នោះ​ទេ ប៉ុន្តែ​លទ្ធផល គឺ​ធ្វើ​បាន​ល្អ​ខ្លាំង។ ផាន់ រុង ថ្លែង​ថា រូប​គេ​ពេញ​ចិត្ត ភាគី​ខាង​ស្រី​ត្រង់​ចំណុច​នេះ គឺ​សម្ដែង​បាន​ល្អ ធ្វើ​អ្វី​លឿនៗ ឆាប់​ចេញ​សាច់​ការ។

មក​ដល់​បច្ចុប្បន្ន ពួក​គេ​ទាំង​ពីរ​បាន​សម្ដែង​រួម​គ្នា​ជា​ច្រើន​ឃ្លីប ហើយ​មួយ​ឃ្លីប​ៗ មាន​អ្នក​ទស្សនា​រាប់​ម៉ឺន ដល់​លាន​ដង។ ចំណុច​ទាក់​ទាញ​នៅ​នេះ ទី​១ ភាព​លេច​ធ្លោ​កើត​ចេញ​ពី​ភាគី​ខាង​ស្រី ដែល​មាន​វ័យ​ក្មេង ស្រស់​ស្អាត និង​សម្ដែង​ចូល​តួ​បាន​ល្អ។ ចំណុច​ផ្សេង​ទៀត ពួក​គេ​ទាំង​ពីរ​ លេង​បាន​សម ចូល​តួ​បាន​ល្អ ព្រម​ទាំង​សម្ដែង​ចូល​គ្នា​ថែម​ទៀត ជា​រួម​ពួក​គេ​មាន​អត្តចរិត​ប្រហាក់​ប្រហែល​គ្នា។

ចំណុច​នេះ​ហើយ ដែល​ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា ពួក​គេ​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​នៅ​ខាង​ក្រៅ​ដែរ​ឬ​យ៉ាង​ណា? ជុំវិញ​បញ្ហា​នេះ ភាគី​ទាំង​សង្ខាង​ដែល​បាន​បង្ហាញ​មុខ​ចូល​រួម​សម្ពោធ​ហាង​កាហ្វេ​មួយ​ព្រម​គ្នា​កាល​ពី​សប្ដាហ៍​មុន​នោះ បាន​បដិសេធ​ដូច​គ្នា។ ផាន់ រុង បញ្ជាក់​ថា លោក និង​កូស៊ីន​មាន​ទំនាក់ទំនង​ស្នេហា​តែ​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ។

ដោយ​ឡែក កូស៊ីន ក៏​អះអាង​ដែរ​ថា នៅ​ខាង​ក្រៅ ពួក​គេ​គឺ​ដូច​ជា​មិត្តភ័ក្តិ​មួយ​គូ​ប៉ុណ្ណោះ។ ទោះយ៉ាង​ណា ដូច​នឹង​ភាគី​ខាង​ប្រុស​ដែល​បាន​លើក​សរសើរ​ពី​ចំណុច​ល្អ​របស់​ខ្លួន​នោះ កូស៊ីន ក៏​លើក​ពី​ចំណុច​វិជ្ជមាន​របស់ខាង​ប្រុស​ដែរ។ យុវតី​រាង​ខ្ពស់​ស្រឡះ​រូប​នេះ ថ្លែង​ថា ផាន់ រុង ជា​មនុស្ស​ច្បាស់​លាស់​ក្នុង​ការងារ។ យ៉ាង​ណា នាង​បញ្ជាក់​ថា នាង និង​បុរស​រូប​នេះ ត្រឹម​ជា​មិត្ត​ភ័ក្តិ​ប៉ុណ្ណោះ៕

រូបភាព៖ ហ្វេសប៊ុក ផាន់ រុង និង កូស៊ីន

អត្ថបទ៖ ទារិកា

មតិយោបល់