• 2020-10-23 12:08:24
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ចេញសារមួយមុននេះ ក្រោយបានឃើញបទចម្រៀងដំបូងរបស់សែលកាត

  • 2020-10-23 12:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែលកាត ដែលបានធ្វើបទចម្រៀងបង្ហាញពីស្មារតីរួបរួមគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ចេញការចាប់អារម្មណ៍ដែរ ដោយសម្ដេចទើបបានបញ្ចេញសារមួយនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច១ម៉ោងមុននេះប៉ុណ្ណោះ។

នេះជាទិដ្ឋភាពកម្រ ដែលសម្ដេចនាយករដ្ឋមន្ត្រី បង្ហាញចាប់អារម្មណ៍លើបទចម្រៀងហើយបង្ហោះវានៅលើទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់បែបនេះ។ តាមសារប្រមាណ១ម៉ោង មុននេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសរសេរថា ធ្វើបទចម្រៀង "ពិភពលោកយើងតែមួយ" នេះ គឺបង្ហាញពីសាមគ្គីភាព ការរួបរួមគ្នាតែមួយ ក្នុងគ្រាដ៏លំបាកនេះ ដែលបង្ហាញថាយើងជាខ្មែរ យើងពួតដៃគ្នា ផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត គាំទ្រ ដើម្បីសុវត្ថិភាពជាតិយើងទាំងអស់គ្នា។

នៅពីលើវីដេអូដែលប្រើប្រាស់រូបភាពថ្មីស្ដីពីបច្ចុប្បន្នភាពរបស់កម្ពុជាដែលតំបន់មួយចំនួនបាន និងកំពុងត្រួតត្រាដោយទឹកជំនន់ សម្ដេចលើកឡើងថា "កម្ពុជារួមគ្នាតែមួយ"!។ ប្រិយមិត្តជាច្រើន បានចូលទៅសរសេរសារអបអរសាទរ ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល។

បទ "ពិភពលោកយើងតែមួយ" គឺជាសមិទ្ធផលពិសេសមួយរបស់សែលកាត ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចល័តឈានមុខនៅកម្ពុជា ដែលបានងាកមកធ្វើជាលើកដំបូង និងបានចេញផ្សាយនៅពាក់កណ្ដាលខែមុន។ យ៉ាងណា ប្រិយមិត្តជាច្រើនបាន និងកំពុងចាប់អារម្មណ៍ ខណៈបទនេះចេញចំពេលដែលកម្ពុជាបាន និងកំពុងញាំញីដោយគ្រោះទឹកជំនន់ធំមិនធ្លាប់មាន។

បទចម្រៀងដែលប្រមូលផ្ដុំតារាចម្រៀងល្បីៗរបស់កម្ពុជាជាច្រើននាក់នេះ គឺមានចេតនាចូលរួមរំដោះទុក្ខលំបាកខ្លះៗជាមួយពលរដ្ឋរងគ្រោះ ដោយដាក់ផែនការប្រមូលមូលនិធិពីការដោនឡូតបទចម្រៀងនេះដាក់ជាសំឡេងរោទិ៍ក្នុងទូរស័ព្ទ យកធ្វើជាអំណោយសប្បុរសធម៌ជូនបងប្អូនជនរួមជាតិ ដែលកំពុងជួបទុក្ខធំដោយវារីភ័យនេះ។

តាមរយៈការបង្ហោះផេកជាផ្លូវការរបស់អ្នកឧកញ្ញា គិត ម៉េង បានឲ្យដឹងថា ថវិកាទាំងអស់ដែលបានមកពីការទាញយកបទចម្រៀងនេះ ដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៣១ ខែតុលានោះ នឹងត្រូវប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់របស់អង្គការមួយនេះ។

លើសពីនេះ តាមប្រភពដដែល មានអតិថិជនសែលកាតជាង ៥០ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះវិបត្តិទឹកជំនន់ពីសែលកាត តាមរយៈគម្រោងខាងលើ និងគម្រោងមួយចំនួនទៀត ក្នុងនោះតាមរបាយការណ៍ អតិថិជនសែលកាត ជាង ៥០ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីការតេ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដែលផ្តល់ជូនដោយប្រតិបត្តិករដែលជាទីមោទនរបស់ខ្មែរ ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមកិច្ចឆ្លើយតបចំពោះវិបត្តិទឹកជំនន់នេះនៅទូទាំងប្រទេស កាលពីថ្ងៃទី ១៣ ខែតុលាកន្លងមក។

ក្រុមហ៊ុនសែលកាត កំពុងផ្តល់ការគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវកញ្ចប់ប្រើប្រាស់ដោយឥតគិតថ្លៃដល់អតិថិជនទាំងអស់ដែលរងគ្រោះដោយទឹកជំនន់នៅទូទាំង ១៧ រាជធានី-ខេត្ត។ ជាក់ស្តែង គឺអតិថិជនមិនត្រូវបានគិតថ្លៃសម្រាប់ការតេចេញក្នុងប្រព័ន្ធ ក៏ដូចជាទទួលបាននូវការផ្តល់ជូនទិន្នន័យដោយឥតគិតថ្លៃចំនួន 500MB ក្នុងមួយសប្តាហ៍ ដើម្បីជួយពួកគាត់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមហ៊ុនសែលកាតនឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិតែម្តង។

រហូតមកទល់បច្ចុប្បន្ននេះ មានសហគមន៍ដែលទទួលរងផលប៉ះពាល់នៅទូទាំងរាជធានី-ខេត្តក្នុងប្រទេសកម្ពុជាចំនួន ១៧ហើយ ដែលបានទាញយកអត្ថប្រយោជន៍ពីគម្រោងរបស់សែលកាតនេះ។ រាជធានី-ក្រុងដែលមានអតិថិជនដ៏ច្រើនលើសលុបទទួលយកនូវការផ្តល់ជូននេះគឺមានដូចជា រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល និងបន្ទាយមានជ័យជាដើម។

លោក វ៉ាតសុន បានជម្រុញឱ្យបងប្អូនពលរដ្ឋខ្មែរ ក៏ដូចជាក្រុមហ៊ុន-អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ចូលរួមរីករាយទស្សនាបទចម្រៀងនេះ ដើម្បីជាការចូលរួមចំណែកជួយដល់គ្រួសារដែលកំពុងរងគ្រោះ។ អតិថិជនទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ អាចតេទៅកាន់លេខ ១២៧០ ដើម្បីទទួលបានការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដែលនឹងផ្តល់ជូនរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ៕

មតិយោបល់
អត្ថបទពេញនិយម