• 2020-11-03 08:52:07
  • ព័ត៌មាន

ដើម្បី​ក្ដីសុខរបស់សមាជិក​គ្រួសារ​១២​នាក់ អ៊ឹម ជីវ៉ា សុខចិត្ត​នៅលីវ ហើយទទួល​អម្រែក​ដ៏​ធ្ងន់​ទាំង​នេះ

  • 2020-11-03 08:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​ផ្នែក​របាំ​លោក អ៊ឹម ជីវ៉ា កំពុង​រ៉ាប់រង​ ឬចិញ្ចឹម​សាច់ញាតិ​ចំនួន​១២​នាក់ ក្នុង​នោះ​គឺ​មាន​ប្អូន ក្មួយៗ និង​អ៊ុំ​ស្រី​ម្នាក់​ផង។ បន្ទុក​នេះ បាន​បង្ខំ​ឲ្យ​លោក​ត្រូវ​ប្រវេប្រវា​រក​ប្រាក់​បន្ថែម​លើ​អាជីព​សិល្បៈ។

ក្នុង​ឱកាស​ដែល​តារា​សម្ដែង​រូប​នេះ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​បើក​យានដ្ឋាន​ជួសជុល និង​លក់​រថយន្ត​របស់​តារា​ចម្រៀង​ អ៊ី ណូ កន្លង​ទៅ លោក បាន​ប្រាប់ Sabay ថា បច្ចុប្បន្ន​លោកប្រកបមុខរបរចំនួន​៣ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ គឺ​ទី១​ សម្ដែង ឬ​ធ្វើ​ជា​ពិធី​ករ ទី២ លោក​មាន​ក្រុម​ទទួល​រៀបចំ​ពិធី​កាត់​នំ​ខួបកំណើត ឬ​រៀបចំ​កម្មវិធី​ផ្សេងៗ និង​ទី៣ រកស៊ី​លក់​ដី​ឡូត៍​ជាមួយ​គេ។

លោក អ៊ឹម ជីវ៉ា មិន​បាន​បង្ហាញ​ពី​ទំហំ​ប្រាក់​ចំណូល ហើយ​ត្រូវ​ចំណាយ​អ្វី​ខ្លះ​ដល់​សាច់​ញាតិ​ទាំង​១២​នាក់​នោះ​ទេ ប៉ុន្ដែ​ប្រភព​ចំណូល​ដែលបាន​មក​ពី​សិល្បៈ និង​រកស៊ី​ក្រៅ​សិល្បៈ​ ត្រូវបានលោកបញ្ជាក់ថា មានទំហំប្រហាក់ប្រហែល​គ្នា។ ឈរ​លើ​ប្រភព​ចំណូល​បាន​មក​ពី​លោក​តែ​ម្នាក់​នេះ គឺ​អាច​ផ្គត់ផ្គង់​ការ​រស់នៅ និងរៀន​សូត្ររបស់គ្រួសារលោកបាន។

អ៊ឹម ជីវ៉ា៖"អីចឹង​ក្នុង​១​ខែៗ ខ្ញុំ​ត្រូវ​រ៉ាប់រង​ធ្ងន់​ជាង​អ្នក​មាន​គ្រួសារ​ទៀត ហើយ​ឥឡូវ​នេះ​ខ្ញុំ​អត់​គិតគូរ​ដល់​រឿង​មាន​គ្រួសារ​អី​ទេ គឺគិត​តែ​ខំ​ធ្វើ​យ៉ាង​ណា​ជ្រោង​ឲ្យក្រុម​គ្រួសារ​ខ្ញុំ​ទាំង​អស់​នេះ​មាន​លំនឹង​សិន"។

ក្រៅ​ពី​មាន​អាជីព​សម្ដែង លោក អ៊ឹម ជីវ៉ា ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​សកម្មភាព​កៀរគរ​ប្រភព​ជំនួយ​ពី​សប្បុរសជន​ទៅ​ជួយ​ដល់​ជនរងគ្រោះ ជា​ពិសេស​អ្នក​សិល្បៈ​ដែល​កំពុង​ជួប​ការ​ខ្វះខាត។ ឆ្លងកាត់សកម្មភាព និង​ទឹកចិត្ត​សប្បុរស​នេះ បាន​ធ្វើ​ឲ្យ​លោក​ដក់​នៅ​ក្នុង​ចិត្ត ហើយ​លោក​ក៏​ហ៊ាន​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​មួយ​ផ្នែក​ធំ​ដើម្បី​គ្រួសារ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម