
- ព្រហស្បតិ៍, 19 វិច្ឆិកា 2020 04:21
- ព័ត៌មាន
លាក់យូរហើយ ថ្ងៃនេះ ស្រាប់តែឃើញ យូរី លេចមុខនៅហង្សមាសបាត់
- ព្រហស្បតិ៍, 19 វិច្ឆិកា 2020 04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាក់យូរហើយ ថ្ងៃនេះ ស្រាប់តែឃើញ យូរី លេចមុខនៅហង្សមាសបាត់
តារាចម្រៀង យូរី ដែលបានព្យាយាមមិនឆ្លើយតបចំពោះសារព័ត៌មាន ជុំវិញជំហានបន្ទាប់របស់នាង ក្រោយពីបានផុតកុងត្រាជាមួយផលិតកម្មសាន់ដេកាលពីប៉ុន្មានខែមុននេះនោះ នៅថ្ងៃនេះ បានលេចចេញរឿងភ្ញាក់ផ្អើលមួយ ដោយសារតែស្ងាត់ៗគេឃើញនាងលេចមុខក្នុងផលិតកម្មធំ ហង្សមាស បាត់ទៅហើយ។
យូរី បានផុតកុងត្រា ជាមួយផលិតកម្មសាន់ដេ កាលពីពាក់កណ្ដាលខែសីហា ក្រោយពីពួកគេបានរួមរស់ជាមួយគ្នាជិត ១០ឆ្នាំ។ ក្រោយពីនោះមក យូរី ព្រលយថា ជំហានបន្ទាប់របស់នាង គឺមិនចង់ធ្វើជាតារាចម្រៀងឯករាជ្យឡើយ ពោលគឺនាង ស្វែងរកទ្រនំកក់ក្ដៅមួយដើម្បីជ្រកកោនបន្តទៀត។ ជាមួយគ្នា ក៏បានបង្ហើបទៀតថា មានផលិតកម្មមួយហើយដែលបានទាក់ទងនាង។
យ៉ាងណាក៏ដោយ ម្ចាស់បទចម្រៀងប្រភេទ 18+ ដ៏កក្រើកកាលពីប៉ុន្មានខែមុននោះ មិនបានបញ្ចេញឡើយថា ផលិតកម្មដែលទាក់ទងនាងនោះ ជាផលិតកម្មមួយណាឡើយ ហើយបន្តមកទៀតគេឃើញ យូរី បន្តនៅជាតារាចម្រៀងគ្មានទ្រនំជាច្រើនខែ។ អំឡុង ពេលនោះ ក៏នៅតែធ្វើបទចម្រៀងចេញខ្លួនឯងដែរ ដូចជាបទ "Big Boy” ចេញផ្សាយនៅលើយូធូបនៅដើមខែកញ្ញា។
ប៉ុន្តែទល់នឹងពេលនេះ តារាស្រីបានផ្ដល់តម្រុយច្បាស់ហើយ ក្រោយគេឃើញនាង ទើបចេញបទថ្មីទីមួយជាមួយផលិតកម្មហង្សមាស ប្រមាណជា ១០ម៉ោងមុននេះប៉ុណ្ណោះ។ បទនោះមានចំណងជើងថា "ផាំងៗ" ជាប្រភេទបទបែប Hip Hop ដែលប្រិយមិត្តខ្លះបានសរសើរទៅលើការសម្ដែងក្នុងរឿង ឯអ្នកខ្លះទៀតលើកឡើងថា បទនេះ មានសំឡេងបាស បុកឡូយអស់ស្ទះ។
តោះ ទស្សនា និងស្ដាប់ទាំងអស់គ្នា!
អត្ថបទ៖ ទារិកា