• 2020-11-21 02:48:03
  • ព័ត៌មាន

ផ្ទុះ​សំណើច​មួយ​ពី​ក្រុម​អ្នក​ចាញ់​ក្នុង​កម្មវិធី"សង្វៀន​ម្ហូប" ក្នុង​កម្មវិធី​ជប់លៀង​របស់ យុគ ចិន្ដា យប់មិញ

  • 2020-11-21 02:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​កម្មវិធី"សង្វៀន​ម្ហូប"​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ី ធី អិន អ្នកនាង យុគ ចិន្ដា បាន​រៀបចំ​កម្មវិធី​ជប់លៀង​តូច​មួយ​ដើម្បី​បង្កើត​បរិយាកាស​រីករាយ​សម្រាប់​បេក្ខជន-បេក្ខនារី​ទាំង​៤​ក្រុម បន្ទាប់​ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ហើយ​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​ទទួល​បាន​ទឹក​ប្រាក់​២០​លាន​រៀល​កាល​ពី​សប្ដាហ៍​មុន។

នៅ​ក្នុង​ពិធី​ជប់លៀង​ដែល​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ស្លឹកឈូក ស្ថិតនៅ​ខណ្ឌ​ដូនពេញ កាល​ពី​យប់មិញ អ្នកនាង យុគ ចិន្ដា ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្មវិធី"សង្វៀន​ម្ហូប"​ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់អតីត​ពិធី​ករ​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក អ៊ិត សេដ្ឋា និង​រូប​អ្នកនាង​ផ្ទាល់​កាល​ពី​៤​ឆ្នាំ​មុន។ ប៉ុន្តែ​កម្មវិធី​ទើបចាប់​ផ្ដើម​ដំណើរការ​ប្រហែល​ពីរ​ឆ្នាំ​មុន​នេះ ហើយ​បច្ចុប្បន្ន​បាន​បញ្ចប់​កម្មវិធី​ក្នុង​រដូវ​កាល​ទី១ ដោយ​រលូន។

យុគ ចិន្ដា បន្ថែម​ថា រដូវ​កាល​ទី​២ នៃ​កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​ទៀត​ហើយ ដោយ​ក្រុម​ការងារ​ថត​បាន​ចំនួន​២​វគ្គ។ សម្រាប់​រដូវ​កាល​ទី២ និង​ទី៣ នឹង​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ធ្វើ​ម្ហូប​ដោយ​តារា​ល្បីៗ និងត្រូវបានជ្រើសរើសឲ្យមកប្រកួតពី​ហ្វេនៗ​របស់​ពួកគេ​ទៀត​ផង។

ម្ចាស់​ជយលាភី​ដែល​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល​ពី​កម្មវិធីក្នុងរដូវកាលទី១ គឺ​តារា​សម្ដែង ប៉ែន ភក្ដិសុទ្ធារិទ្ធ និយាយ​ថា រូប​លោក និង​ដៃគូ​សហការ​ក្នុង​ការ​ប្រកួត​ពិត​ជា​មាន​អារម្មណ៍​រំភើប​ដែល​បាន​យល់​កាន់​តែ​ច្បាស់​ពី​អាថ៌កំបាំង​មុខម្ហូប​ខ្មែរ។ អ្វី​ដែល​កាន់​តែ​រំភើប​ទៀត​នោះ គឺ​ក្រុម​លោក​ទទួល​បាន​ជយលាភី​លេខ​១ ទាំង​ដែល​កន្លង​ទៅ​មិន​ដែល​សូវ​បាន​អើពើ ឬ​ធ្វើ​ម្ហូប​សម្រាប់​ហូបចុក​ក្នុង​គ្រួសារ​ប្រចាំថ្ងៃផង​នោះ។

បេក្ខជន-បេក្ខនារី​ទាំង​៤​ក្រុម ក្រុម​ការងារ​រៀបចំ​កម្មវិធី"សង្វៀន​ម្ហូប" និង​អ្នកសារព័ត៌មាន​សរុប​ប្រមាណ​៥០​នាក់ បាន​ជួប​ជជែក​គ្នា​លេង និង​ពិសា​អាហារ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ។ ក្នុង​គ្រាហ៍​ដែល​ពិសា​អាហារ​នោះ ក៏​ផ្ទុះ​សំណើច​មួយ​ឡើង​ពី​ខាង​ក្រុម​អ្នក​ចាញ់​ទាំង​បី​ក្រុម ដោយ​ពួកគេ​និយាយ​លឺៗ​ស្រដៀង​គ្នា​ថា "ចង់​មាន​ឱកាស​ចូល​ប្រកួត​ម្ដង​ទៀត ដើម្បី​បាន​លើក​ពាន តែ​សុំ​មិន​ឲ្យចាញ់​ដើម្បី​លើក​ពាង​ទេ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់