• 2020-11-27 09:00:00
  • ព័ត៌មាន

ស្នាដៃសិល្បៈរបស់កូនខ្មែរម្នាក់បំភ្លឺក្រុងសៀមរាបអង្គរ

  • 2020-11-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃសិល្បៈគំនូរបង្គុំអំពូលភ្លើងណេអុង ​៦ផ្ទាំង និងចម្លាក់១ របស់សិល្បករជនជាតិខ្មែរលោក វុធ លីណូ កំពុងបំភ្លឺក្នុងវិចិត្រសាលមួយនាក្រុងអង្គរសៀមរាបរយៈពេល៣ខែ ដែលមានឈ្មោះថា «សាលាសំណាក់»។

នេះមិនមែនជាស្នាដៃទីមួយរបស់សិល្បករ វុធ លីណូ នោះទេ ដែលត្រូវយកមកដាក់តាំងបង្ហាញនៅវិចិត្រសាលនាក្រុងសៀមរាបនេះ តែនេះជាស្នាដៃថ្មីដែលទើបបើសម្ពោធកាលពីថ្ងៃ២០ វិឆ្ឆកា ២០២០កន្លងទៅ។

សិល្បករ វុធ លីណូ បានបញ្ជាក់ពីគោលបំណងនៃការបង្កើតស្នាដៃរបស់ខ្លួននេះថា **«ដោយការស្រឡាញ់ ខ្លាចបាត់បង ចង់បង្ហាញពីតម្លៃ តួនាទី អត្ថប្រយោជន៍ និងចង់រំលឹកឲ្យប្រជាជនកម្ពុជាបច្ចុប្បន្នងាកមកគិតស្រឡាញ់ សាងសង់ និងអភិរក្ស សំណង់អគារ«សាលាសំណាក់» ឡើងវិញ។

សាលាដំណាក់នេះភាគច្រើនគឺសាងសង់ដោយប្រជាជនតាមភូមិចូលរួមគ្នាដើម្បីកសាងវាឡើងដើម្បីទុកឲ្យអ្នកធ្វើដំណើរជិត ឆ្ងាយ ឈប់សំចត សម្រាក ស្នាក់អាស្រ័យបណ្តោះអាសន្នដោយសេរី។ សាលាសំណាក់ គឺជាសំណង់មួយផ្នែកនៃប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយក៏ជានិមិត្តរូបនៃជីវិតជនបទជនជាតិខ្មែរ។ វាជាសំណង់សាមញ្ញមួយបែប ដែលគេតែងសង់នៅតាមមាត់ផ្លូវ នៅតាភូមិ ដើម្បីទុកឲ្យអ្នកដំណើរឆ្លងកាត់ ឈប់សំចត ចូលសម្រាករយះពេលខ្លី និងជាទីតាំសម្រាប់អ្នកភូមិរៀបធ្វើពិធីផ្សេងៗផងដែរ។ សិល្បករ វុធ លីណូ បន្ត។

លោក វុធ លីណូ បន្ថែមថា សំណង់បែបនេះ គឺមានប្រវត្តិយ៉ាងហោចណាស់តាំងពីមុនសម័យអង្គរមកម្លេះ។ ឈ្មោះបុរាណរបស់វាគឺ «អគ្និគ្រិហ» មានន័យថាផ្ទះអគ្គី ដែលទំនងសំដៅលើការគោរពបូជាអាទិទេពនៅក្នុងសាលានេះ។ ប៉ុន្តែសព្វថ្ងៃនេះ មានសាលាសំណាក់មួយចំនួន ត្រូវបានគេបោះបង់មិនអើពើ ទុកឲ្យទ្រុឌទ្រោមខូចខាតក៏មាន។ តួនាទីសាលាសំណាក់បច្ចុប្បន្នភាគច្រើនហាក់មិនត្រូវបានទទួលការពេញនិយម និងកសាងបន្តមានច្រើននោះទេ ដោយអ្នកដំណើរនាសម័យនេះភាគច្រើនឈប់សំចតនៅតាមស្ថានីយ៍ប្រេង ហាងកាហ្វេទំនើបៗ និងភោជនីយដ្ឋាន ជំនួសវិញ។

បើទៅសៀមរាបនាចុងឆ្នាំនេះកុំភ្លេចទៅទស្សនាស្នាដៃសិល្បៈសិល្បករ វុធ លីណូ ដែលបានមានដាក់តាំងនៅវិចិត្រសាល Mirage Contemporary Art Space នាទឹកដីអង្គរខេត្តសៀមរាបចាប់ពីថ្ងៃ២០ វិច្ឆិកា ២០២០ រហូត ថ្ងៃទី២២ ខែកុម្ភៈ ២០២១។

សូមបញ្ជាក់ថា សិល្បករសហសម័យលោក វុធ លីណូ កើតឆ្នាំ ១៩៨២ នៅភ្នំពេញ។ លោកជាសិល្បករ និងជាសហស្ថាបនិករបស់គម្រោងសិល្បៈស-ស។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកប្រវត្តិសាស្ដ្រសិល្បៈថ្នាក់អាហារូបករណ៍ Fulbright Fellowship ពីសាកលវិទ្យាល័យ State University of New York, Binghamton, New York និងអនុបណ្ឌិតអាហារូបករណ៍ Australian Endeavour Award ផ្នែកអភិវឌ្ឍន៍អន្ដរជាតិពី RMIT University។ ស្នាដៃរបស់លោកត្រូវបានទទួលស្គាល់ និងដាក់តាំងទាំងក្នុងស្រុក និងនិងឆាកអន្តរជាតិ៕

រូបថត៖ ផ្តល់ឲ្យដោយសិល្បករ វុធ លីណូ

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទថ្មី